វិភាគ​៖ តើ​កម្ពុជា​អាច​នៅ​រង់ចាំ​ច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ទេ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​?

0
អ្នកអនឡាញកំពុងតាមដានព័ត៌មានអចលនទ្រព្យតាមរយៈ​ហ្វេសប៊ុកផេក Property Area Asia។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ដូ​ណាល់​ លី​

ភ្នំ​ពេញៈ​ ទោះបីជា​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ឈាន​ដល់​ទឹកប្រាក់២០០ពាន់​លាន​ដុល្លារ​ ក្នុងរយៈ​ពេល​​ប្រាំ​ឆ្នាំខាងមុខ​ក៏ដោយ​ កម្ពុជា​គឺជា​ប្រទេស​ចុងក្រោយ​នៅក្នុង​តំបន់​ ដែល​គ្មាន​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ប្រតិបត្តិ​ការ​អេ​ឡិច​ត្រូ​និច​។

ដំណើរការ​ព្រាងច្បាប់​នេះ​បាន​និង​កំពុង​ដំណើរការ​ដល់​ឆ្នាំទី៣ហើយ​។ សេចក្តី​ព្រាង​បច្ចុប្បន្ន​ ដែល​បាន​បញ្ចប់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ កំពុង​ស្ថិត​ក្រោម​ការពិនិត្យ​ឡើងវិញ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោ​កឡុង​ កែម​វិចិត្រ​បាន​មានប្រសាសន៍​ឲ្យ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “ក្រសួង​ពាណិជ្ជកម្ម​បាន​ព្រាងច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ ហើយ​បាន​បញ្ជូន​ទៅ​ក្រុមប្រឹក្សារដ្ឋ​មន្ត្រី​ដើម្បី​អនុម័ត​។ យើង​កំពុង​រង់ចាំ​ការ​អនុម័ត​ ដើម្បី​បញ្ជូន​សេចក្តី​ព្រាងច្បាប់​នេះ​ទៅ​រដ្ឋសភា​ ហើយ​យើង​រំពឹង​ថា​វា​នឹង​ត្រូវ​ធ្វើ​នៅ​ឆ្នាំនេះ​”។

ការ​ពន្យារពេល​ក្នុង​ការអនុវត្ត​ច្បាប់​ អាច​មានផល​ប៉ះពាល់​យូរអង្វែង​នៅក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។ ច្បាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ប៉ះពាល់​ដល់​ទិដ្ឋភាព​សំ​ខាន់​ៗទាំងអស់​នៃ​សេដ្ឋកិច្ច​ពី​ការ​ទូទាត់​ឌីជីថល​ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទៅជា​សមាហរណកម្ម​ក្នុង​តំបន់​នៅក្នុង​ឧស្សាហកម្ម​ដឹក​ជញ្ចូន​។

លោក ​Boutheina​ Guermazi​ នាយក​ផ្នែក​អភិវឌ្ឍ​ឌីជីថល​នៃ​ធនាគារពិភពលោក​ បាន​មានប្រសាសន៍​ថា​ “បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ឌីជីថល​។ ប៉ុន្តែ​ទោះបីជា​ប្រជាពលរដ្ឋ​ បាន​ទទួលយក​សេវា​ឌីជីថល​ក៏ដោយ​ ក៏​ការអភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ និង​រដ្ឋាភិបាល​ជាទូទៅ​មានការ​យឺតយ៉ាវ​”។

លោក​បាន​បន្ថែម​ថា​ “បទបញ្ញត្តិ​ជួប​ឧបសគ្គ​ និង​ការ​ខ្វះ​ទំនុកចិត្ត​លើ​ប្រតិបត្តិ​ការ​អេ​ឡិច​ត្រូ​និច​រារាំង​ការលូតលាស់​នៃ​ប្រព័ន្ធ​ឌីជីថល​។ ការស្រាវជ្រាវ​នេះ​អាច​ជួយ​ប្រទេស​អាស៊ាន​ឲ្យ​យកឈ្នះ​ លើ​បញ្ហា​ប្រឈម​ទាំងនេះ​ ដើម្បី​បង្កើត​ឲ្យ​មាន​សេដ្ឋកិច្ច​ឌីជីថល​ដ៏​រឹងមាំ​”។

របាយការណ៍​របស់​ធនាគារពិភពលោក​ក៏បាន​សង្កត់ធ្ងន់​ថា​ បណ្តា​ប្រទេស​អាស៊ាន​ដូចជា​ ប្រទេស​កម្ពុជា​ត្រូវការ​បង្កើន​ការ​បញ្ចូល​បច្ចេកវិទ្យា​ឌីជីថល​ និង​ម៉ូដែល​ពាណិជ្ជកម្ម​ទំនើប​ ដើម្បី​សម្រួល​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​។

លោក​បណ្ឌិត​ Pichet​ Durongkaveroj​ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​សេដ្ឋកិច្ច​ឌីជីថល​ និង​សង្គម​ប្រចាំ​ប្រទេស​ថៃ​ “គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ អាច​ធ្វើ​បាន​កាន់តែ​ច្រើន​ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ និង​គំរូ​អាជីវកម្ម​កាន់តែ​ឆ្លាតវៃ​”។

លោក​ថ្លែង​បន្ត​ថា​ “ដើម្បី​ជួយ​ដល់​ផ្នែកឯកជន​របស់​យើង​ រដ្ឋាភិបាល​ត្រូវ​ផ្លាស់​ប្តូរ​ខ្លួនឯង​ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ដូចជា​វិភាគ​ទិន្នន័យ​ និង​ប្រព័ន្ធ​ឆ្លាតវៃ​ បង្កើត​វេទិកា​ឌីជីថល​របស់​យើង​ និង​ធ្វើ​ឱ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ចំពោះ​វិធី​សាស្រ្ត​ និង​បទបញ្ញត្តិ​ ពិសេស​សម្រាប់​សន្តិសុខ​បច្ចេកវិទ្យា​ អត្តសញ្ញាណ​ឌីជីថល​ និង​ការគ្រប់គ្រង​ទិន្នន័យ​។ យើង​គួរតែ​ធ្វើការ​ឆ្ពោះទៅ​រក​ទីផ្សារ​ឌីជីថល​ក្នុង​តំបន់​”។

ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​ ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ដើម្បី​ជួយ​មិន​ត្រឹមតែ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ប៉ុណ្ណោះទេ​ ថែមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ភ័ស្តុភារ​ និង​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​។ រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​យុទ្ធ​សាស្រ្ត​ផែនការមេ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ ដើម្បី​បញ្ចូល​ការ​ចាប់ផ្តើម​អាជីវកម្ម​បច្ចេកវិទ្យា​ ខេ​ប្រព័ន្ធ​វេទិកា​វិនិយោគ​អន​ឡាញ​ និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ត្រឹម​ឆ្នាំ​ ២០២៣​។

កាលពី​ខែមីនា​ លោក​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ធ្វើទស្សនកិច្ច​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ Co​. , Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ ដើម្បី​សិក្សា​ពី​របៀប​ដែល​រដ្ឋាភិបាល​កម្ពុជា​ អាច​ចម្លង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ Shenzhen​ ដែល​ធ្វើឲ្យ​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដូចជា​ក្រុមហ៊ុន​ Alibaba​ គ្រប​ដណ្តប់​ទីផ្សារ​។

​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន​ហើយ​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​ ដែល​ជា​សាខា​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ Alibaba​ Group​ Holding​ Ltd​. របស់​លោក​ Jack​ Ma​។

លោក​ កែន​ រដ្ឋា​ អនុប្រធាន​ការិយាល័យ​ខុទ្ទកាល័យ​ ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ បាន​មានប្រសាសន៍​ថា​ “រដ្ឋ​មន្ដ្រី​ [ក្រសួងសាធារណការ​ ដឹកជញ្ជូន​] បាន​កោតសរសើរ​ការគ្រប់គ្រង​ និង​ក្រុមហ៊ុន​ 4px​ នៅ​ប្រទេស​ចិន​ ហើយ​ពិតជា​ចង់​ចម្លង​វា​មក​ធ្វើ​នៅ​កម្ពុជា​”។

សេដ្ឋកិច្ច​ឌីជីថល​របស់​អាស៊ាន​គួរតែ​ឈាន​ដល់​ទឹកប្រាក់​ ២០០​ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ប្រាំ​ឆ្នាំខាងមុខ​នេះ​ បើ​យោង​តាម​ទិន្នន័យ​ស្រាវជ្រាវ​ថ្មី​ដែល​ចេញផ្សាយ​ដោយក្រុម​ហ៊ុន​ Google​ LLC​ ​និង​ក្រុមហ៊ុន​ Temasek​ Holdings​ Private​ Ltd​. ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​។

កម្ពុជា​ត្រូវតែ​បង្កើត​ឲ្យ​មានផ្លូវ​មួយ​ ចូល​ទៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅពេល​នោះ​ និង​គួរតែ​ជា​អ្នកដើរតួ​នាទី​សំខាន់​នៃ​តំបន់​មេគង្គ​។ ដោយមាន​ហេដ្ឋារចនាសម្ព័ន្ធ​រាប់ពាន់​លាន​ដុល្លារ​ ក្នុង​ការ​វិនិយោគ​នៅក្នុង​ផ្លូវ​ល្បឿន​លឿន​ ការសាងសង់​ស្ពាន​ និង​ព្រលា​នយន្តហោះ​ រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ចិន​ដូចជា​ ក្រុមហ៊ុន​ Alibaba​ Group​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ធ្វើឲ្យ​ប្រទេស​នេះ​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​កណ្តាល​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​នេះ​។

លោក​ Kevin​ Li​ អ្នកគ្រប់គ្រង​ទូទៅ​សម្រាប់​ការ​ដឹកជញ្ជូន​ទូទាំង​ពិភពលោក​នៃ​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​. ដែល​ស្ថិតនៅ​ក្រោម​ក្រុម​មេ​ Alibaba​ បាន​មានប្រសាសន៍​ថា​ “នៅក្នុង​ប្រទេស​កម្ពុជា​អ្វី​គ្រប់យ៉ាង​គឺ​ថ្មី​ និង​មាន​កំណើន​លឿន​ណាស់​”។

លោក​បន្ត​ថា​ “វា​ជាទី​តាំង​ដ៏​ល្អ​មួយ​ បើ​អ្នកប្រើ​កម្ពុជា​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​មជ្ឈមណ្ឌល​ផ្ទេរ​សេវាកម្ម​នេះ​ អាច​គ្រប​ដណ្តប់​ប្រទេស​វៀតណាម​ ថៃ​ និង​សូម្បីតែ​មីយ៉ាន់ម៉ា​”។លោក​បន្ត​ថា​ “គោលនយោបាយ​របស់​ប្រទេស​កម្ពុជា​ គឺ​ប្រសើរ​ជាង​ប្រទេស​វៀតណាម​ និង​ថៃ​។ ទីតាំង​របស់​ប្រទេស​កម្ពុជា​ ជា​ចំណុច​កណ្តាល​នៃ​តំបន់​មេគង្គ​ ដូច្នេះ​ទីតាំង​កណ្តាល​គឺ​ល្អ​ខ្លាំង​ណាស់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here