ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ពាណិជ្ជកម្ម​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​កើនឡើង៥ភាគរយ​

0

ដោយ​ វុត្ថា​

អា​ស៊ីៈ​ ក្រុមហ៊ុន​ផ្តល់​យោបល​ JLL​ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេលថ្មីនេះ​ថា​ ទំហំ​ប្រតិបត្តិ​ការ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ រួមមាន​សួន​ឧស្សាហកម្ម​ និង​ភស្ត​ភារ​ (Logistic​)ជាដើម​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ឆ្នាំ២០១៩នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង ៥ភាគរយ​ បើ​ទោះបី​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​នឹង​ថយ​ចុះ​ក៏ដោយ​។

លោក​ Stuart​ Crow​ ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន​ JLL​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ឲ្យដឹង​ថា​ ក្នុង​វដ្ត​សេដ្ឋកិច្ច​ អ្នក​វិនិយោគ​កំពុង​ប្រជែង​ជាមួយនឹង​ហានិភ័យ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ភាព​មិន​ច្បាស់លាស់​នៃ​ភូមិសាស្ត្រ​នយោបាយ​ ដូចជា​ ការ​កើនឡើង​អត្រា​ការប្រាក់​ ​ការ​បន្ត​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន​ ក៏ដូចជា​ភាព​តានតឹង​នៅក្នុង​សហភាព​អឺរ៉ុប​ ដែល​បណ្តាល​មក​ពី​ការចរចា​ Brexit​ ​របស់​ចក្រភព​អង់គ្លេស​។

លោក​បន្ត​ថា​ “ក្នុង​ស្ថានភាព​នេះ​អចលនទ្រព្យ​ប្រភេទ​នេះ​ នៅតែ​មាន​ភាព​ទាក់ទាញ​ នៅក្នុង​តំបន់​អាស៊ាន​ និង​មាន​សុវត្ថិភាព​សម្រាប់​ការ​វិនិយោគ​ ជាមួយនឹង​អត្ថ​ប្រយោជន៍​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​ថ្មី​ បើ​ធៀប​ទៅ​នឹង​ប្រភេទ​ទ្រព្យសកម្ម​ផ្សេងទៀត​”។

នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ តម្រូវការ​អចលនទ្រព្យ​នឹង​បន្ត​ត្រូវ​បាន​ជំរុញ​ដោយ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាសាស្ត្រ​ដ៏​រឹងមាំ​។ ប្រជាជន​ក្នុង​តំបន់​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​កើនឡើង​លើស​ពី ៤០០លាន​នាក់​នៅ​ឆ្នាំ​ ២០២៧​ ខណៈ​ដែល​ប្រជាជន​ដែល​មាន​អាយុ​ចាប់ពី៦៥​ ឡើង​ទៅ​នឹង​កើនឡើង​ដល់ ១៤៦លាន​នាក់​ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ​នេះ​។ នៅ​ឆ្នាំ​ ២0២១​ ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់១​,៦ ពាន់​ពាន់​លាន​ដុល្លារ​។

លោក​បណ្ឌិត​ Megan​ Walters​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ ​JLL​ និយាយ​ថា​ ​ថ្វីបើ​មានការ​ព្រួយបារម្ភ​ខ្លះ​ក៏ដោយ​ យើង​នៅតែ​ជឿ​ថា​ឱកាស​នៃ​តំបន់​នេះ​នឹង​កាត់បន្ថយ​ហានិភ័យ​ដែល​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ បន្ត​សម្លឹង​មើលក្នុង​វិស័យ​អចលនទ្រព្យ​។ ​វិនិយោគិន​ក្នុង​ស្រុក​ និង​បរទេស​កំពុង​ផ្តោត​លើ​អចលនទ្រព្យ​ក្នុង​តំបន់​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​កំណើន​ដែល​រំពឹង​ទុក​នា​ពេល​អនាគត​។

យោង​តាម​របា​ការណ៍​របស់​ ក្រុមហ៊ុន ​JLL ​បាន​បង្ហាញថា​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ សម្រេច​បាន​ទំហំ​ នៃ​ការ​វិនិយោគ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ចំនួន ៤៥​ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១​ នៃ​ឆ្នាំ២០១៩​ នេះ​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៨​ មាន ២៥.៤ពាន់​លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here