ដោយ វុត្ថា
អាស៊ីៈ ក្រុមហ៊ុនផ្តល់យោបល JLL បានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីនេះថា ទំហំប្រតិបត្តិការអចលនទ្រព្យពាណិជ្ជកម្ម រួមមានសួនឧស្សាហកម្ម និងភស្តភារ (Logistic)ជាដើម នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០១៩នេះ ត្រូវបានគេរំពឹងថានឹងកើនឡើង ៥ភាគរយ បើទោះបីល្បឿននៃកំណើនសេដ្ឋកិច្ចនឹងថយចុះក៏ដោយ។
លោក Stuart Crow ប្រធានទីផ្សារនៃក្រុមហ៊ុន JLL ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានឲ្យដឹងថា ក្នុងវដ្តសេដ្ឋកិច្ច អ្នកវិនិយោគកំពុងប្រជែងជាមួយនឹងហានិភ័យម៉ាក្រូសេដ្ឋកិច្ច និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ដូចជា ការកើនឡើងអត្រាការប្រាក់ ការបន្តសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក៏ដូចជាភាពតានតឹងនៅក្នុងសហភាពអឺរ៉ុប ដែលបណ្តាលមកពីការចរចា Brexit របស់ចក្រភពអង់គ្លេស។
-->
លោកបន្តថា “ក្នុងស្ថានភាពនេះអចលនទ្រព្យប្រភេទនេះ នៅតែមានភាពទាក់ទាញ នៅក្នុងតំបន់អាស៊ាន និងមានសុវត្ថិភាពសម្រាប់ការវិនិយោគ ជាមួយនឹងអត្ថប្រយោជន៍នៃការធ្វើពិពិធកម្មថ្មី បើធៀបទៅនឹងប្រភេទទ្រព្យសកម្មផ្សេងទៀត”។
នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តម្រូវការអចលនទ្រព្យនឹងបន្តត្រូវបានជំរុញដោយមូលដ្ឋានគ្រឹះនៃប្រជាសាស្ត្រដ៏រឹងមាំ។ ប្រជាជនក្នុងតំបន់នេះត្រូវគេរំពឹងថា នឹងកើនឡើងលើសពី ៤០០លាននាក់នៅឆ្នាំ ២០២៧ ខណៈដែលប្រជាជនដែលមានអាយុចាប់ពី៦៥ ឡើងទៅនឹងកើនឡើងដល់ ១៤៦លាននាក់ ក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ។ នៅឆ្នាំ ២0២១ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់១,៦ ពាន់ពាន់លានដុល្លារ។
លោកបណ្ឌិត Megan Walters ប្រធានផ្នែកស្រាវជ្រាវអាស៊ីប៉ាស៊ីហ្វិកនៃ JLL និយាយថា ថ្វីបើមានការព្រួយបារម្ភខ្លះក៏ដោយ យើងនៅតែជឿថាឱកាសនៃតំបន់នេះនឹងកាត់បន្ថយហានិភ័យដែលជំរុញឲ្យអ្នកវិនិយោគ បន្តសម្លឹងមើលក្នុងវិស័យអចលនទ្រព្យ។ វិនិយោគិនក្នុងស្រុក និងបរទេសកំពុងផ្តោតលើអចលនទ្រព្យក្នុងតំបន់ ដើម្បីទាញយកប្រយោជន៍ពីកំណើនដែលរំពឹងទុកនាពេលអនាគត។

យោងតាមរបាការណ៍របស់ ក្រុមហ៊ុន JLL បានបង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានទំហំ នៃការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មចំនួន ៤៥ពាន់លានដុល្លារក្នុងត្រីមាសទី១ នៃឆ្នាំ២០១៩ នេះ បើធៀបនឹងឆ្នាំ២០១៨ មាន ២៥.៤ពាន់លានដុល្លារ៕