តើ​អ្នកធ្វើការ​ស៊ីប្រាក់ខែ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​មាន​ជីវភាព​ធូរធារ​?

0
បុគ្គលិកកំពុងធ្វើការ

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ការ​ធ្វើការ​អោយ​គេ​តែមួយមុខ​ដើម្បី​យក​ប្រាក់ខែ​ចិញ្ចឹមជីវិត​ និង​គ្រួសារ​ មិន​គ្រប់គ្រាន់​នោះ​ទេ​ ដូច្នេះតើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ឲ្យ​អ្នកធ្វើការ​មាន​ជីវភាព​ធូរធារ​ និង​អាច​មាន​សេរីភាព​ហិរញ្ញវត្ថុ​?។

លោក​ ង៉ែត​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ Emerging​ Market​ Consultant​ បា​មន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក​កាលពី​ល្ងាច​ថ្ងៃទី១០​ មិថុនា​កន្លងមក​ថា​ ដើម្បី​អាច​ឲ្យ​មាន​ជីវភាព​ធូរធារ​ យុវជន​គួរ​ធ្វើ​នូវ​រឿងរ៉ាវ​ចំនួន៦យ៉ាង​ ដូចជា​ ទី១​ បណ្តុះ​គំនិត​វិជ្ជមាន​ ឬរីក​ចំរើន​ (growth​ mindset​): អ្នក​ត្រូវ​រៀន​គិត​វិជ្ជមាន​ ដូចជា​ ត្បិត​តែខ្លួន​ជា​គ្រូបង្រៀន​ អ្នក​ក៏អាច​មាន​សមត្ថភាព​រៀន​ធ្វើជំនួញ​ ឬវិនិយោគ​លើ​ជំនាញ​ដទៃទៀត​ដែរ​។ អ្វី​ដែល​អ្នក​ត្រូវការ​គឺ​ពេល​វេ​លា​សំរាប់​កសាង​សមត្ថភាព​ និង​ដក​បទពិសោធន៍​ដោយ​រៀន​អនុ​វត្ត​ផ្តាល់​តែម្តង​។ គំនិត​វិជ្ជមាន​ជួយ​អោយ​អ្នក​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ទទួល​បាន​ជោគជ័យ​។

ទី​២ ជ្រើសរើស​បរិយាកាស​អំណោយផល​ ដែល​នាំ​អោយ​អ្នកមាន​ភាព​ចំរុងចំរើន​ (choose​ enabling​ environment​): ដើម្បី​ចិញ្ចឹម​គំនិត​វិជ្ជមាន​អោយ​ឈាន​ដល់​ការអនុវត្ត​រហូត​បាន​ផ្លែផ្កា​ អ្នកចាំ​បាច់​ត្រូវ​ជ្រើសរើស​យក​បរិយាកាស​សង្គម​ដែល​ជំរុញ​លើកទឹកចិត្ត​របស់​អ្នក​។ អ្នក​មិន​អាច​ចេះ​ធ្វើជំនួញ​ដោយ​ចំណាយពេល​វេលា​ច្រើន​ ជាមួយ​អ្នក​និយម​លេងល្បែង​ស៊ីសង​នោះ​ទេ​។ អ្នក​ប្រាកដជា​ត្រូវ​សេពគប់​ជាមួយ​អ្នកជំនួញ​អោយ​បាន​ច្រើន​ ស្តាប់​អ្នកមាន​បទពិសោធន៍​អោយ​បាន​ច្រើន​។ល។ ទី​៣ ធ្វើអ្វី​ធ្វើអោយ​ប្រាកដ​ (Focus​): អ្នក​នឹង​មិន​អាច​ជោគជ័យ​នោះ​ទេ​ប្រសិនបើ​អ្នកចាប់​មុខការ​មិន​ច្បាស់លាស់​ ខ្វះ​ភាព​អំណត់​ និង​ឆាប់​បោះបង់​គោលដៅ​។

ទី​៤ ធ្វើអ្វី​ធ្វើអោយ​បាន​លឿន​ទាន់​សភាពការណ៍​ (Fast​): ប្រសិនបើ​អ្នក​ទើបនឹង​ចាប់ផ្តើម​ពុះ​ដី​ឡូ​តិ៍​លក់​ ឬបើកហាង​កាហ្វេ​ នោះ​អ្នកដើរ​យឺត​ពេក​ហើយ​ អ្នក​អាច​ប្រឈម​នឹង​ការ​បរាជ័យ​ខ្ពស់​។ អ្នក​គួរតែ​ចាប់ផ្តើម​មុខរបរ​ទាំងនេះ​តាំងពី១០ឆ្នាំមុន​មក​ម្លេះ​។ ​;ទី​៥ មាន​ភាព​បទ​បែន​ (Flexible​): អ្នក​ត្រូវ​ចេះ​ធ្វើ​សេចក្តី​សំរេចចិត្ត​កែប្រែ​ស្ថានការណ៍​ តាម​ភាព​ជាក់ស្តែង​ ត្បិត​អ្វី​ៗមិនមែន​សុទ្ធតែ​ដំណើ​ការ​តាម​ការ​គ្រោងទុក​ ឬការ​រំពឹង​ទុក​នោះ​ទេ​។ ឧទាហរណ៍​ គម្រោង​វីឡា​កូនកាត់​របស់​បុរី​ពិភព​ថ្មី​នៅ​ឈូក​វ៉ា​សាងសង់​ ឡើង​មិន​សំរាប់​អោយ​អតិថិជន​សង់​ឡើងលើ​បន្ថែម​នោះ​ទេ​។ ដោយមាន​ការ​មិន​ពេញចិត្ត​ពីសំណាក់​មហាជន​និង​អតិថិជន​ ក្រុមហ៊ុន​បាន​កែ​សំរួល​គម្រោង​នៅ​កាំ​បូល​ ជា​ផ្ទះ​ដែល​អាច​សង់​ឡើងលើ​បាន​។ ​

និង​ទី​៦ ត្រូវ​ធ្វើខ្លួន​ជា​មនុស្ស​ស្មោះត្រង់​ និង​អាច​ទទួល​បាន​កម្ចី​ពី​ធនាគារ​ឬប្រភព​ដទៃ​ (be​ honest​ and​ financeable​): នៅក្នុង​សម័យកាល​សេដ្ឋកិច្ច​បែប​ហិរញ្ញវត្ថុ​ ការណ៍​ដែល​មិន​អាច​ទទួល​បាន​កម្ចី​ ឬទុន​ពី​ប្រភព​ដទៃ​ប្រៀប​ដូចជា​ជន​ពិការ​ជើង​ អ្នក​មិន​អាច​រត់ប្រណាំង​ជាមួយ​អ្នកមាន​ កាយ​សប្ប​ទា​ពេញលេញ​នោះ​ទេ​។ និយាយរួម​ អ្នក​អាច​នឹង​បាត់បង់​ឱកាស​ឬខាតពេល​វេលា​ ប្រសិនបើ​ចាំ​មាន​ប្រាក់​គ្រប់​ទើប​ធ្វើជំនួញ​ឬចាប់​ផ្តើម​វិនិយោគ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here