ដោយ គង់ សូរិយា
ភ្នំពេញៈ ការធ្វើការអោយគេតែមួយមុខដើម្បីយកប្រាក់ខែចិញ្ចឹមជីវិត និងគ្រួសារ មិនគ្រប់គ្រាន់នោះទេ ដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីអាចឲ្យអ្នកធ្វើការមានជីវភាពធូរធារ និងអាចមានសេរីភាពហិរញ្ញវត្ថុ?។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consultant បាមនសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីល្ងាចថ្ងៃទី១០ មិថុនាកន្លងមកថា ដើម្បីអាចឲ្យមានជីវភាពធូរធារ យុវជនគួរធ្វើនូវរឿងរ៉ាវចំនួន៦យ៉ាង ដូចជា ទី១ បណ្តុះគំនិតវិជ្ជមាន ឬរីកចំរើន (growth mindset): អ្នកត្រូវរៀនគិតវិជ្ជមាន ដូចជា ត្បិតតែខ្លួនជាគ្រូបង្រៀន អ្នកក៏អាចមានសមត្ថភាពរៀនធ្វើជំនួញ ឬវិនិយោគលើជំនាញដទៃទៀតដែរ។ អ្វីដែលអ្នកត្រូវការគឺពេលវេលាសំរាប់កសាងសមត្ថភាព និងដកបទពិសោធន៍ដោយរៀនអនុវត្តផ្តាល់តែម្តង។ គំនិតវិជ្ជមានជួយអោយអ្នករិះរកគ្រប់មធ្យោបាយដើម្បីទទួលបានជោគជ័យ។
ទី២ ជ្រើសរើសបរិយាកាសអំណោយផល ដែលនាំអោយអ្នកមានភាពចំរុងចំរើន (choose enabling environment): ដើម្បីចិញ្ចឹមគំនិតវិជ្ជមានអោយឈានដល់ការអនុវត្តរហូតបានផ្លែផ្កា អ្នកចាំបាច់ត្រូវជ្រើសរើសយកបរិយាកាសសង្គមដែលជំរុញលើកទឹកចិត្តរបស់អ្នក។ អ្នកមិនអាចចេះធ្វើជំនួញដោយចំណាយពេលវេលាច្រើន ជាមួយអ្នកនិយមលេងល្បែងស៊ីសងនោះទេ។ អ្នកប្រាកដជាត្រូវសេពគប់ជាមួយអ្នកជំនួញអោយបានច្រើន ស្តាប់អ្នកមានបទពិសោធន៍អោយបានច្រើន។ល។ ទី៣ ធ្វើអ្វីធ្វើអោយប្រាកដ (Focus): អ្នកនឹងមិនអាចជោគជ័យនោះទេប្រសិនបើអ្នកចាប់មុខការមិនច្បាស់លាស់ ខ្វះភាពអំណត់ និងឆាប់បោះបង់គោលដៅ។
ទី៤ ធ្វើអ្វីធ្វើអោយបានលឿនទាន់សភាពការណ៍ (Fast): ប្រសិនបើអ្នកទើបនឹងចាប់ផ្តើមពុះដីឡូតិ៍លក់ ឬបើកហាងកាហ្វេ នោះអ្នកដើរយឺតពេកហើយ អ្នកអាចប្រឈមនឹងការបរាជ័យខ្ពស់។ អ្នកគួរតែចាប់ផ្តើមមុខរបរទាំងនេះតាំងពី១០ឆ្នាំមុនមកម្លេះ។ ;ទី៥ មានភាពបទបែន (Flexible): អ្នកត្រូវចេះធ្វើសេចក្តីសំរេចចិត្តកែប្រែស្ថានការណ៍ តាមភាពជាក់ស្តែង ត្បិតអ្វីៗមិនមែនសុទ្ធតែដំណើការតាមការគ្រោងទុក ឬការរំពឹងទុកនោះទេ។ ឧទាហរណ៍ គម្រោងវីឡាកូនកាត់របស់បុរីពិភពថ្មីនៅឈូកវ៉ាសាងសង់ ឡើងមិនសំរាប់អោយអតិថិជនសង់ឡើងលើបន្ថែមនោះទេ។ ដោយមានការមិនពេញចិត្តពីសំណាក់មហាជននិងអតិថិជន ក្រុមហ៊ុនបានកែសំរួលគម្រោងនៅកាំបូល ជាផ្ទះដែលអាចសង់ឡើងលើបាន។
និងទី៦ ត្រូវធ្វើខ្លួនជាមនុស្សស្មោះត្រង់ និងអាចទទួលបានកម្ចីពីធនាគារឬប្រភពដទៃ (be honest and financeable): នៅក្នុងសម័យកាលសេដ្ឋកិច្ចបែបហិរញ្ញវត្ថុ ការណ៍ដែលមិនអាចទទួលបានកម្ចី ឬទុនពីប្រភពដទៃប្រៀបដូចជាជនពិការជើង អ្នកមិនអាចរត់ប្រណាំងជាមួយអ្នកមាន កាយសប្បទាពេញលេញនោះទេ។ និយាយរួម អ្នកអាចនឹងបាត់បង់ឱកាសឬខាតពេលវេលា ប្រសិនបើចាំមានប្រាក់គ្រប់ទើបធ្វើជំនួញឬចាប់ផ្តើមវិនិយោគ៕