ដោយ វុត្ថា
ភ្នំពេញៈ លោកស្រី Christine Lagarde ប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអាទិត្យកន្លងមកនេះ បានអំពាវនាវឱ្យក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០នៅលើពិភពលោក (G20) ផ្តល់អាទិភាពលើការដោះស្រាយភាពតានតឹងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយហានិភ័យចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។
លោកស្រី Lagarde បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំរវាងទេសាធនាគារកណ្តាល និងរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេស G20 នៅក្នុងប្រទេសជប៉ុនកាលពីចុងសប្តាហ៍មុនថា “យើងបានជួបគ្នានៅពេលនេះ ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុង បង្ហាញសញ្ញាព្យាករណ៍ថាមានស្ថេរភាព និងកំណើនមានការកើនឡើង និងភាពរឹងមុំា។ ស្របពេលមានដំណឹងល្អនេះកើនឡើង ក៏ផ្លូវឆ្ពោះទៅមុខនៅតែស្ថិតក្នុងភាពអាសន្ន និងអាចប្រឈមនឹងហានិភ័យជាច្រើនផងដែរ”។
-->
លោកស្រីបន្តថា “ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ អាទិភាពដែលគួរតែដោះស្រាយមុនគេ គឺភាពតានតឹងពាណិជ្ជកម្មដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន ដូចជាការលុបបំបាត់ពន្ធ និងចៀសវាងការបង្កើតបញ្ហាថ្មី ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ”។
លោកស្រី Lagarde ដែលបានចូលរួមក្នុងកិច្ចប្រជុំរបស់មេដឹកនាំហិរញ្ញវត្ថុប្រទេស G20 នៅទីក្រុង Fukuoka ប្រទេសជប៉ុនបាននិយាយថា “នេះគឺជាវិធីដ៏ល្អបំផុតសម្រាប់អ្នកបង្កើតគោលនយោបាយ ដើម្បីផ្តល់នូវភាពប្រាកដប្រជា និងទំនុកចិត្តបន្ថែមចំពោះសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីមិនបង្អាក់ដល់ការរីកចម្រើនសេដ្ឋកិច្ចសកល។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល មកពីប្រទេសសេដ្ឋកិច្ចក្រុមG២០ កាលពីថ្ងៃអាទិត្យនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំ២ស្តីពីពាណិ ជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថលថា កំណើនសេដ្ឋកិច្ចជាសកល ហាក់ដូចជាមានស្ថិរភាពរហូតទៅដល់ឆ្នាំ២០២០។ តែយ៉ាងណាក៏ដោយកំណើននេះនៅតែទាបនៅឡើយ ហើយគ្រោះថ្នាក់នៅតែផ្អៀងទៅរកទិដ្ឋភាពអវិជ្ជមានដដែល។
សេចក្តីថ្លែងការណ៍ដដែលបន្តថា “អ្វីដែលសំខាន់បំផុតនោះគឺសង្រ្គាមពាណិជ្ជកម្មនិងភាពតានតឹងភូមិសាស្ត្រនយោបាយបានកើនឡើង។ យើងនឹងបន្តដោះស្រាយគ្រោះថ្នាក់នេះ នឹងត្រៀមខ្លួនធ្វើសកម្មភាពថែមទៀត”។សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា “យើងនឹងខឹតខំរបស់យើងទ្វេមួយជាពីរ សម្រាប់ដំណោះស្រាយដែលផ្អែកលើការមូលមតិគ្នា ដោយមានសេចក្តីរាយការណ៍ចុងក្រោយនៅត្រឹមឆ្នាំ២០២០”។
នៅពេលជាមួយគ្នានោះដែរបណ្តារដ្ឋមន្ត្រីទាំងនោះ ក៏បានអះអាងឡើងវិញនូវការសន្យារបស់ខ្លួន ដើម្បីទប់ស្កាត់កុំឱ្យមានការបញ្ចុះតម្លៃ រូបិយវត្ថុដែលមានការប្រកួតប្រជែងគ្នា ដើម្បីឱ្យសម្រេចបាននូវអត្ថប្រយោជន៍ពាណិជ្ជកម្មដែលមិនត្រឹមត្រូវនោះ។

ពួកគេក៏បានសន្យាផងដែរ ដើម្បីបង្កើនកិច្ចប្រឹងប្រែងរបស់ពួកគេ ក្នុងការប្រយុទ្ធនឹងការលាងលុយកង្វក់ ព្រមទាំងការផ្តល់មូលនិធិដល់ក្រុមភេរវជន តាមរយៈការប្រើទ្រព្យសម្បត្តិជាក់ស្តែង ហើយបង្កើនច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មរូបិយវត្ថុសម្ងាត់។
កិច្ចព្រមព្រៀងធ្វើឡើងដោយប្រមុខហិរញ្ញវត្ថុនេះ នឹងត្រូវគេរាយការណ៍ទៅឱ្យមេដឹកនាំរបស់ពួកគេនៅឯកិច្ចប្រជុំ G20 ដែលបានគ្រោងធ្វើពីថ្ងៃទី២៨ ដល់២៩ ខែមិថុនាក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន៕