ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋសភាកម្ពុជាបានឯកភាពលើសេចក្តីព្រៀងច្បាប់ចំនួនបី ឲ្យក្រុមហ៊ុនចំនួនបីដើម្បីអភិវឌ្ឍន៍ និងវិនិយោគលើវិស័យថាមពលអគ្គិសនីនៅកម្ពុជា ដើម្បីឆ្លើយតបនឹងកំនើននៃការប្រើប្រាស់ថាមពលអគ្គិសនីនៅកម្ពុជា។
សេចក្តីព្រាងច្បាប់់ដែលបានអនុម័តនោះរួមមាន ទី១ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនស្នេថេករីញូវេប៊លឯ.ក ទី២ សេចក្តីច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនអេសភីអេលភី ( ខេមបូឌា ) ឯ.ក និងទី៣សេចក្តីព្រាងច្បាប់ស្តីពី ការការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនស្នេថេក ខូអិលធីឌី។
-->
នៅក្នុងកិច្ចប្រជុំគណៈកម្មការជំនាញរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាលនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានលើកឡើងថា សេចក្តីព្រាងច្បាប់ទាំងបីនេះ នឹងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អោយកាន់តែល្អប្រសើរឡើង តាមរយៈការប្រើប្រាស់ថាមពលអគ្គិសនី។ ថាមពលអគ្គិសនីគឺជា ប្រភពថាមពលសំខាន់មិនអាចខ្វះបាននៅក្នុងជីវភាពប្រចំាថ្ងៃ។
លោករដ្ឋមន្រ្តីបន្តថា “បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់អគ្គិសនី នៅទូទំាងប្រទេស ពិសេសនៅរាជធានីភ្នំពេញ បានកើនឡើងជាលំដាប់ ក្នុងអត្រាខ្ពស់។ ដើម្បីបំពេញតម្រូវការអគ្គិសនី រាជរដ្ឋាភិបាលបានអនុម័តគម្រោងអភិវឌ្ឍថាមពលអគ្គិសនីជាច្រើន នៅក្នុងនោះ ក្រុមហ៊ុនចំនួនបី ដែលមានឈ្មោះនៅក្នុងសេចក្តីព្រាងច្បាប់ខាងលើនេះ បានចូលរួមអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជាយ៉ាងសកម្មផងដែរ”។ លោកបន្តថា “ការអនុម័តសេចក្តីព្រាងច្បាប់ខាងលើ ជាការជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជនចូលរួមអភិវឌ្ឍន៍ជាតិ”។
លោក ជាម យៀប គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានគំាទ្រសេចក្តីព្រាងច្បាប់ខាងលើ និងបានកោតសរសើរចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងរ៉ែ និងថាមពល ដែលបានជំរុញការអភិវឌ្ឍន៍វិស័យថាមពលឆ្លើយតបកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។
បន្ទាប់ពីប្រជុំពិនិត្យសិក្សាទៅតាមនីតិវិធី គណៈកម្មការជំនាញរដ្ឋសភាបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទំាងបីនោះ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តក្នុងពេលឆាប់ៗនេះ៕