ដោយៈ រ៉ាណេត
ភ្នំពេញៈ ទោះបីជាទំហំនិងចំនួនផ្សារទំនើបបន្តកើនឡើងក្តី ប៉ុន្តែអ្នកជំនាញក្នុងវិស័យនេះបានអះអាងថា ការផ្គត់ផ្គង់ផ្សារទំនើបបច្ចុប្បន្ន នៅមិនទាន់ឆ្លើយតបនឹងតម្រូវការគ្រប់គ្រាន់នៅឡើយទេ។
ជាមួយគ្នានេះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ផ្សារទំនើបដ៏ធំ និងស៊ីវិល័យថ្មីមួយ Olympia Mall ជាផ្សារទំនើបធំមួយ នឹងបើកដំណើរការ ដែលផ្សារនេះស្ថិត ក្នុងចំណោមផ្សារទាំង៩ ដែលនឹងត្រូវដាក់ចូលនៅក្នុងទីផ្សារ នាបំណាច់ឆ្នាំ២០១៩នេះ OLYMPAI MALL នឹងចាប់ផ្តើមបើកដំណើរការ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននាពេលពេលបច្ចុប្បន្ន។
-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា បើទោះជាផ្សារទំនើបនៅបានបង្កើនវត្តមានជាបន្តបន្ទាប់ដូចពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការនៅឡើយនោះទេ។
លោកបណ្ឌិតបន្តទៀតថា “នៅពេលមានផ្សារទំនើបកាន់តែច្រើន វាបានឆ្លុះបញ្ជាំងពីកម្រិតជីវភាពរបស់ប្រជាជន មានន័យថាជីវភាពប្រជាជនកាន់តែធូរធាច្រើន”។ លោកបន្តទៀតថា “ ជាធម្មតានៅក្នុងបរិបថនៃភាពរីកចម្រើនមួយ គឺតែងតែមានការផ្លាស់ប្ដូរ កែប្រែនូវអ្វីដែលមិនរីកល្អទៅជាល្អប្រសើរវិញ”។
លោកបន្តទៀតថា “នៅពេលដែលផ្សារទំនើបកាន់តែរីកដុះកាល់ច្រើន វាអាចនឹងជះឥទ្ធិលដល់បណ្តាផ្សារបែបប្រពៃណី ឬផ្សារបុរាណ ដោយសារតែមនុស្សជាច្រើនដែលមានជីវភាពសមរម្យ និងល្អប្រសើរនឹងងាកទៅកាន់ទីផ្សារទំនើបជាស្វ័យប្រវត្តិ”។ លោកបណ្ឌិតបានបន្តទៀតថា “ តាមការគិតរបស់ខ្ញុំ ទៅថ្ងៃអនាគត នៅពេលដែលប្រទេសជាតិកាន់តែរីកចម្រើន កំណើនជីវភាពប្រជាជនកាន់ល្អប្រសើរ នោះផ្សារបែបបុរាណដូចពេលបច្ចុប្បន្ន រួមមានដូចជាផ្សារដើមគរ ឬផ្សារច្បារអំពៅជាដើម នឹងមានការវិនិយោគពីសំណាក់ក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនបរទេស ប្រែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលតម្រូវទៅតាមជំហ៊ានទីផ្សារសេរី”។
លោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍បន្តទៀតថា មិនថាចំពោះតែផ្សារបែបបុរាណ ឬផ្សារបែបប្រពៃណីនោះទេដែលបាត់បង់ សូម្បីតែផ្សារទំនើបខ្នាតតូចមួយចំនួនក៏ត្រូវតែមានការកែប្រែ និងពង្រីកខ្លួននោះដែរ បើមិនដូច្នោះទេ នឹងប្រឈមនឹងការបាត់បង់ទីផ្សារ។
លោកបណ្ឌិតបន្តថា វត្តមាននៃផ្សារទំនើបនាពេលបច្ចុប្បន្ននេះ នៅមិនទាន់គ្រាប់គ្រាន់នៅឡើយនោះទេ ដែលវាទាមទារឱ្យមានបន្ថែមទៀត។ ព្រោះបច្ចុប្បន្ននេះ ផ្សារទំនើបភាគច្រើន យើងឃើញមានតែនៅក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះ ដែលនៅតាមបណ្តាខេត្តផ្សេងហាក់នៅមិនទាន់មានផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នៅឡើយ។
លើកឡើងស្រដៀងគ្នានេះ អ្នកនាង អាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុននៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការកើនឡើងនៃវត្តមានផ្សារទំនើបនៅកម្ពុជា មិនទាន់លើសតម្រូវការនោះទេ ដោយសារអ្នកវិនិយោគបានចាប់យកចំណែកអតិថិជនខុសៗគ្នា។

អ្នកនាងបន្តថា ការវិនិយោគបែបនេះមានផលចំណេញខ្ពស់ ដោយអ្នកវិនិយោគអាចរកផលចំណេញ ពីការរវិនិយោគបានល្អប្រសើរ ប៉ុន្តែទាមទារឲ្យអ្នកអភិវឌ្ឍន៍ត្រូវធ្វើការកែលំអរផ្សាររៀងរាល់៥ឆ្នាំម្តង ដើម្បីឲ្យមានភាពទាក់ទាញសំរាប់់ផ្សាររបស់ខ្លួន៕