ដោយៈ រ៉ាណេត
ភ្នំពេញៈ មានចម្ងល់ជាច្រើនពាក់ព័ន្ធទៅនឹងទិញខុនដូ និងប័ណ្ណកម្មសិទ្ធិស្របច្បាប់ លើអាគារបែបសហកម្មសិទ្ឋនេះ។ តើក្រោយពេលទិញខុនដូ អាចទទួលបានប័ណ្ណកម្មសិទ្ធិ ឬប្លង់ ដូចការទិញដី និងទិញផ្ទះដែរឬទេ ហើយមានសុពលភាពកក្នុងនាមជាម្ចាស់កម្មសិទ្ធិបានប៉ុន្មានឆ្នាំ?។
អ្នកស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ប្រចាំក្រុមហ៊ុន CBRE Cambodia កញ្ញា គឹម គិនកេសា បានប្រាប់ឱ្យដឹងថា ការទិញខុនដូក្នុងរូបភាពណាមួយក៏ដោយ គឺអតិថិជនទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ប៉ុន្តែត្រូវបានបែងចែកជា២ករណី។ កញ្ញាបានបន្តទៀតថា “សម្រាប់អ្នកទិញ អាចនឹងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដែលចេញ និងទទួលស្គាល់ដោយក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បន្ទាប់ពីសំណង់ខុនដូត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ”។
-->
ប័ណ្ណកម្មសិទ្ធិក្នុងនាមជាម្ចាស់ ក៏ត្រូវបានបែងចែកចេញពីគ្នាចំនួន២ករណីផងដែរ រវាងសិទ្ធិជាម្ចាស់ផ្តាច់មុខ និងសិទ្ធិជាម្ចាស់មានពេលកំណត់”។ ប័ណ្ណកម្មសិទ្ធិក្នុងនាមជាម្ចាស់ផ្ដាច់មុខ គឺត្រូវបានធ្វើឡើងចំពោះខុនដូទាំងឡាយណា ដែលអ្នកអភិវឌ្ឍន៍បានទិញផ្តាច់មុខពីម្ចាស់ដី ដោយមិនមានការកំណត់រយៈពេលសង់ត្រឡប់ (Freehold)។
ទី២ ចំពោះប័ណ្ណកម្មសិទ្ធិ ក្នុងនាមជាម្ចាស់មានរយៈពេលកំណត់ គឺត្រូវបានធ្វើឡើងចំពោះខុនដូទាំងឡាយណា ដែលអ្នកអភិវឌ្ឍសាងសង់នៅលើដី ដែលមានកិច្ចសន្យាជួល (Leafehold)”។ ហេតុនេះ ប្រសិនបើអ្នកអភិវឌ្ឍសាងសង់ខុនដូនៅលើបរិវេណដី ដែលជួលក្នុងរយៈពេល ៥០ឆ្នាំត្រូវសងត្រឡប់ នោះបានន័យថា សិទ្ធិក្នុងនាមជាម្ចាស់កម្មសិទ្ធិរបស់អ្នកទិញខុនដូ ក៏ត្រូវបានកំណត់ត្រឹមរយៈពេល៥០ឆ្នាំដូចគ្នា។
កញ្ញា គឹម គិនកេសា បានក្រើនរំលឹកផងដែរថា មុនពេលសម្រេចចិត្តទិញខុនដូ អ្នកទិញត្រូវតែស្វែងយល់ឱ្យបានច្បាស់ ពីកាលកំណត់សុពលភាពក្នុងនាមជាម្ចាស់កម្មសិទ្ធិ ដើម្បីចៀសវាងការជួបនឹងហានិភ័យដោយប្រការណាមួយ៕