តើ​ប័ណ្ណ​កម្ម​សិទ្ធិ​នៃ​ខុន​ដូ​មាន​លក្ខណៈ​ដូចម្តេច​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មាន​ចម្ងល់​ជាច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ទិញ​ខុន​ដូ​ និង​ប័ណ្ណ​កម្ម​សិទ្ធិ​ស្របច្បាប់​ លើ​អាគារ​បែប​សហ​កម្ម​សិទ្ឋ​នេះ​។ តើ​ក្រោយពេល​ទិញ​ខុន​ដូ​ អាច​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ ឬប្លង់​ ដូច​ការទិញ​ដី​ និង​ទិញ​ផ្ទះ​ដែរ​ឬទេ​ ហើយ​មាន​សុពលភាព​កក្នុងនាម​ជា​ម្ចាស់​កម្មសិទ្ធិ​បាន​ប៉ុន្មាន​ឆ្នាំ​?។

​អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការទិញ​ខុន​ដូ​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ​ គឺ​អតិថិជន​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ប៉ុន្តែ​ត្រូវ​បាន​បែងចែក​ជា២ករណី​។ កញ្ញា​បាន​បន្ត​ទៀត​ថា​ “សម្រាប់​អ្នកទិញ​ អាច​នឹង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ដែល​ចេញ​ និង​ទទួលស្គាល់​ដោយ​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បន្ទាប់ពី​សំណង់​ខុន​ដូ​ត្រូវ​បាន​បញ្ចប់​ការសាងសង់​ជាស្ថាពរ​”។

ប័ណ្ណ​កម្មសិទ្ធិ​ក្នុងនាម​ជា​ម្ចាស់​ ក៏​ត្រូវ​បាន​បែងចែក​ចេញពី​គ្នា​ចំនួន២ករណី​ផង​ដែរ​ រវាង​សិទ្ធិ​ជា​ម្ចាស់​ផ្តាច់​មុខ​ និង​សិទ្ធិ​ជា​ម្ចាស់​មាន​ពេលកំណត់​”។ ប័ណ្ណ​កម្មសិទ្ធិ​ក្នុងនាម​ជា​ម្ចាស់​ផ្ដាច់មុខ​ គឺ​ត្រូវ​បាន​ធ្វើឡើង​ចំពោះ​ខុន​ដូ​ទាំងឡាយ​ណា​ ដែល​អ្នក​អភិវឌ្ឍន៍​បាន​ទិញ​ផ្តាច់​មុខ​ពី​ម្ចាស់ដី​ ដោយ​មិន​មានការ​កំណត់​រយៈពេល​សង់​ត្រឡប់​ (Freehold​)។

ទី២​ ចំពោះ​ប័ណ្ណ​កម្មសិទ្ធិ​ ក្នុងនាម​ជា​ម្ចាស់​មាន​រយៈពេល​កំណត់​ គឺ​ត្រូវ​បាន​ធ្វើឡើង​ចំពោះ​ខុន​ដូ​ទាំងឡាយ​ណា​ ដែល​អ្នក​អភិវឌ្ឍ​សាងសង់​នៅ​លើ​ដី​ ដែល​មាន​កិច្ចសន្យា​ជួល​ (Leafehold​)”។ ហេតុនេះ​ ប្រសិនបើ​អ្នក​អភិវឌ្ឍ​សាងសង់​ខុន​ដូ​នៅ​លើ​បរិវេណ​ដី​ ដែល​ជួល​ក្នុងរយៈពេល ៥០ឆ្នាំ​ត្រូវ​សង​ត្រឡប់​ នោះ​បានន័យ​ថា​ សិទ្ធិ​ក្នុងនាម​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​អ្នកទិញ​ខុន​ដូ​ ក៏​ត្រូវ​បាន​កំណត់​ត្រឹម​រយៈពេល៥០ឆ្នាំ​ដូចគ្នា​។

កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ក្រើនរំលឹក​ផង​ដែរ​ថា​ មុន​ពេល​សម្រេចចិត្ត​ទិញ​ខុន​ដូ​ អ្នកទិញ​ត្រូវតែ​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ ពី​កាលកំណត់​សុពលភាព​ក្នុងនាម​ជា​ម្ចាស់​កម្មសិទ្ធិ​ ដើម្បី​ចៀសវាង​ការ​ជួបនឹង​ហានិភ័យ​ដោយ​ប្រការ​ណាមួយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here