ក្រុមអ្នកជំនាញ​ថា​ខ័ណ្ឌ​ឬស្សី​កែវ​មាន​សក្ដានុពល​ទាំង​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​

0

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រៅពី​ខណ្ឌ​មួយចំនួន​ដែល​ស្ថិតនៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ដូចជា​ខណ្ឌដូនពេញ​ ខណ្ឌទួលគោក​ ខណ្ឌ​បឹងកេងកង​ ខណ្ឌ​សែនសុខ​ និង​ខណ្ឌ៧មករា​ ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​ទៅលើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ពេលនេះ​ខណ្ឌឫស្សីកែវ​ក៏​កំពុងតែ​ពង្រីក​សក្ដានុពល​ជាបន្តបន្ទាប់​ ពិសេស​ការ​អភិវឌ្ឍ​សំខាន់​គែ​ផ្តោត​ទៅលើ​វិស័យ​លំនៅ​ដ្ឋាន​។

ឫស្សីកែវ​ ជា​ខណ្ឌ​មួយ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ ដែល​កំពុងតែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​បណ្តា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​បន្ទាប់ពី​ខណ្ឌ​សែនសុខ​។ ខណ្ឌ​នេះ​មាន​សង្កាត់​ចំនួន​ចំនួន៦​ ដូចជា​ សង្កាត់​ទួលសង្កែ​ ស្វាយប៉ាក​ គីឡូ​លេខ​ប្រាំមួយ​ ឫស្សីកែវ​ ច្រាំងចំរេះ​ ១ និង​ច្រាំងចំរេះ២​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Lucky​ Realty​ Co​,.Ltd​ លោក​ ឌិត​ ចណ្ណា​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី១៩​ មិថុនា​នេះ​ថា​ ខណ្ឌឫស្សីកែវ​ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ មាន​ភាពល្អ​ប្រសើរ​ក្នុង​វិនិយោគ​ និង​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​។ លោក​បន្ត​ថា​ យើង​ឃើញ​រួចហើយ​ សម្រាប់​ខណ្ឌ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ ដែល​មាន​ភាព​រីកចម្រើន​ខ្លាំង​នោះ​គឺ​ខណ្ឌ​សែនសុខ​ ប៉ុន្តែ​ពេល​វា​បាន​ជម្រុ​ញសក្ដានុពល​មកដល់​ខណ្ឌឫស្សីកែវ​ផង​ដែរ​។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ “ខណ្ឌឫស្សីកែវ​មាន​ភាពល្អ​ប្រសើរ​ និង​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​កម្រិត​សមរម្យ​តែម្ដង​”។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​តំបន់​ដែល​កំពុងតែ​មាន​សកម្មភាព​អភិវឌ្ឍ​ លើ​វិស័យ​លំនៅ​ដ្ឋាន​ គឺ​ចាប់ពី​តំបន់​ទួលសង្កែ​ ហើយ​វា​ក៏​កំពុងតែ​រីក​បន្ត​ទៅ​ទិសខាងជើង​”។ លោក​បាន​បន្ត​ទៀត​ថា​ “ នៅ​តំបន់​នេះ​មាន​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ និង​មាន​វិសាលភាព​ធំ​ទូលាយ​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ខណ្ឌឫស្សីកែវ​ សម្បូរទៅដោយ​រោងចក្រ​ ប៉ុន្តែ​ក្រោយពេល​អនុវត្ត​តាម​ក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​ ដែល​ត្រូវ​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ​។ ទីតាំង​ដែល​ធ្លាប់តែ​ជា​រោងចក្រ​នោះ​ នឹង​ជំនួស​ដោយ​ការ​អភិវឌ្ឍ​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​។

​លោក​បាន​បន្ត​ទៀត​ថា​ “តម្លៃ​ដី​ខណ្ឌ​ឬស្សី​កែវ​មានការ​កើនឡើង​រង្វង់៧ភាគរយ​ដើមឆ្នាំ​នេះ​ បើ​ធៀប​នឹង​ឆ្នាំមុន​”។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ត​ទៀត​ថា​ ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​នៅក្នុង​ខណ្ឌ​មួយ​នេះ​បាន​ជម្រុ​ញឱ្យ​តម្លៃ​ដីធ្លី​ មានការ​កើនឡើង​ដល់​ប្រមាណ​ជាង​ ២,០០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ស្ថិត​តាមផ្លូវ​ធំ​ និង​ទាប​ជាង​នេះ​ដែល​អាស្រ័យ​ទៅតាម​ទីតាំង​ នៃ​ទីប្រជុំជន​ និង​ស្ថានភាព​ដី​ ខណៈ​តម្លៃ​លំនៅឋាន​អាច​មានតម្លៃ​រហូតដល់ ៣០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខ្នង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here