ដោយ រ៉ាណេត
ភ្នំពេញៈ ក្រៅពីខណ្ឌមួយចំនួនដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ដូចជាខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌ៧មករា ដែលមានការអភិវឌ្ឍខ្លាំងទៅលើវិស័យសំណង់ និងអចលនទ្រព្យ ពេលនេះខណ្ឌឫស្សីកែវក៏កំពុងតែពង្រីកសក្ដានុពលជាបន្តបន្ទាប់ ពិសេសការអភិវឌ្ឍសំខាន់គែផ្តោតទៅលើវិស័យលំនៅដ្ឋាន។
ឫស្សីកែវ ជាខណ្ឌមួយដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍បណ្តាអ្នកវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋានបន្ទាប់ពីខណ្ឌសែនសុខ។ ខណ្ឌនេះមានសង្កាត់ចំនួនចំនួន៦ ដូចជា សង្កាត់ទួលសង្កែ ស្វាយប៉ាក គីឡូលេខប្រាំមួយ ឫស្សីកែវ ច្រាំងចំរេះ ១ និងច្រាំងចំរេះ២។
-->
នាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty Co,.Ltd លោក ឌិត ចណ្ណា បានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៩ មិថុនានេះថា ខណ្ឌឫស្សីកែវ ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ មានភាពល្អប្រសើរក្នុងវិនិយោគ និងអភិវឌ្ឍវិស័យអចលនទ្រព្យ។ លោកបន្តថា យើងឃើញរួចហើយ សម្រាប់ខណ្ឌដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ដែលមានភាពរីកចម្រើនខ្លាំងនោះគឺខណ្ឌសែនសុខ ប៉ុន្តែពេលវាបានជម្រុញសក្ដានុពលមកដល់ខណ្ឌឫស្សីកែវផងដែរ។
លោកបានមានប្រសាសន៍ទៀតថា “ខណ្ឌឫស្សីកែវមានភាពល្អប្រសើរ និងងាយស្រួលក្នុងការអភិវឌ្ឍ ជាពិសេសវិស័យលំនៅដ្ឋានកម្រិតសមរម្យតែម្ដង”។ លោកបានបន្តទៀតថា “បច្ចុប្បន្ននេះតំបន់ដែលកំពុងតែមានសកម្មភាពអភិវឌ្ឍ លើវិស័យលំនៅដ្ឋាន គឺចាប់ពីតំបន់ទួលសង្កែ ហើយវាក៏កំពុងតែរីកបន្តទៅទិសខាងជើង”។ លោកបានបន្តទៀតថា “ នៅតំបន់នេះមានចំនួនប្រជាពលរដ្ឋរស់នៅច្រើន និងមានវិសាលភាពធំទូលាយ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា កាលពីប៉ុន្មានឆ្នាំមុន ខណ្ឌឫស្សីកែវ សម្បូរទៅដោយរោងចក្រ ប៉ុន្តែក្រោយពេលអនុវត្តតាមក្ដីប្រកាសរបស់រដ្ឋាភិបាល ដែលត្រូវចាកចេញពីរាជធានីភ្នំពេញ។ ទីតាំងដែលធ្លាប់តែជារោងចក្រនោះ នឹងជំនួសដោយការអភិវឌ្ឍ ជាពិសេសវិស័យលំនៅដ្ឋាន។
លោកបានបន្តទៀតថា “តម្លៃដីខណ្ឌឬស្សីកែវមានការកើនឡើងរង្វង់៧ភាគរយដើមឆ្នាំនេះ បើធៀបនឹងឆ្នាំមុន”។
លោកច្រឹក សុខនីមបានបន្តទៀតថា ភាពរីកចម្រើន និងការអភិវឌ្ឍនៅក្នុងខណ្ឌមួយនេះបានជម្រុញឱ្យតម្លៃដីធ្លី មានការកើនឡើងដល់ប្រមាណជាង ២,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ស្ថិតតាមផ្លូវធំ និងទាបជាងនេះដែលអាស្រ័យទៅតាមទីតាំង នៃទីប្រជុំជន និងស្ថានភាពដី ខណៈតម្លៃលំនៅឋានអាចមានតម្លៃរហូតដល់ ៣០ម៉ឺនដុល្លារក្នុងមួយខ្នង”៕