រដ្ឋាភិបាល​ជប៉ុន​បន្ត​ចូលរួម​លើក​កំពស់​សេវា​សាធារណៈ​នៅ​ក្រុងភ្នំពេញ​ដោយ​ផ្តល់​រថយន្តក្រុង​ចំនួន៨០គ្រឿង​បន្ថែម​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រគល់​រថយន្តក្រុង​ចំនួន៨០គ្រឿង​ បន្ថែម​ទៀត​ជូន​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចូលរួម​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។

រហូតមកដល់​ពេលនេះ​ រថយន្តក្រុង​សម្រាប់​ដឹក​អ្នកដំណើរ​សាធារណៈ​រាជធានី​ភ្នំពេញ​បាន​កើនឡើង​រហូតដល់ ២៣៥​គ្រឿង​ ដែល​កំពុងតែ​រត់​ចរាចរណ៍​នៅ​លើ​ផ្លូវ​សំ​ខាន់​ៗចំនួន១៣ខ្សែ​ ខណៈ​ដែល​ចំនួន​អ្នកដំណើរ​តាម​រថយន្តក្រុង​ មានការ​កើនឡើង​ជាប្រចាំ​ប្រមាណ​ជាង២​-៣ ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។

មានប្រសាសន៍​នៅក្នុង​កម្មវិធី​ទទួល​រថយន្តក្រុង​ ពី​រដ្ឋាភិបាល​ជប៉ុន​ចំនួន៨០គ្រឿង​ និង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ស្ថានីយ៍​ ចំណតរថយន្ត​ក្រុង​ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន​ សង្កាត់​ព្រែកតាសេក​ ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី១៩​ មិថុនា​នេះ​លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ថា​ ដោយសារតែ​បច្ចុប្បន្ន​នេះ​ចំនួន​រថយន្តក្រុង​មានការ​កើនឡើង​ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំនើរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ មាន​គម្រោង​រៀបចំ​សណ្តាប់​ធ្នាប់​ និង​រៀបចំ​បណ្តាញ​ផ្លូវ​មួយចំនួន​សម្រាប់​តែរ​ថយន្ត​ក្រុង​ចរាចរណ៍​។

លោក​បាន​បន្ត​ទៀត​ថា​ “ការកំណត់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​នេះ​ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ដឹកជញ្ជូន​ តាម​រយៈ​​មធ្យោបាយ​សាធារណៈ​មួយ​នេះ​ ឱ្យ​កាន់តែ​ទទួល​បាន​ប្រជាប្រិយ​ភាព​”។ លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​ដែល​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្តក្រុង​កាន់តែ​ល្អ​ លឿន​ជាង​មុន​ និង​មាន​សុវត្ថិភាព​ខ្ពស់​ ភាព​ទាក់ទាញ​អ្នក​ជិះ​បាន​កាន់​ច្រើន​នឹង​កើតមាន​ ដែល​ជួយ​កាត់បន្ថយ​ការប្រើ​ប្រាស់​មធ្យោបាយ​ផ្ទាល់​ខ្លួន​សម្ដៅ​ដល់​ការ​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​មានប្រសិទ្ធភាព​”។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​ខិតខំ​កែ​លម្អ​យ៉ាងណា​ឱ្យ​សេវា​រថយន្ត​ដឹកជញ្ជូន​សាធារណៈ​នេះ​ធ្វើដំណើរ​ទៀតទាត់​ ដោយមាន​ផ្លូវ​អាទិភាព​ និង​ផ្លូវ​ឯកទិស​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកបើកបរ​គោរព​ពេលវេលា​ទៀងទាត់​ ទាក់ទាញ​អ្នកធ្វើ​ដំណើរ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​អាច​បង្វែរ​ពី​ការ​ធ្វើដំណើរ​ដោយ​ឯកជន​ មក​ធ្វើដំណើរ​រួម​តាមរយៈ​រថយន្តក្រុង​។ ចំណុច​នេះ​ បើ​ធ្វើ​បាន​ហើយ​គួបផ្សំ​នឹង​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក្នុង​ការរៀបចំ​បញ្ហា​សណ្តាប់​ធ្នាប់​គ្រប់​ខណ្ឌ​ទំាង១៤​ នឹងអាច​សម្រេច​បានការ​កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​ជួយ​សន្សំសំចៃ​ថវិកា​របស់​ប្រជាពលរដ្ឋ​ ទីក្រុង​ក៏​មាន​សណ្តាប់​ធ្នាប់​សាធារណៈ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here