ដោយៈ រ៉ាណេត
ភ្នំពេញៈ តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រដ្ឋាភិបាលជប៉ុនបានប្រគល់រថយន្តក្រុងចំនួន៨០គ្រឿង បន្ថែមទៀតជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

-->
រហូតមកដល់ពេលនេះ រថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរសាធារណៈរាជធានីភ្នំពេញបានកើនឡើងរហូតដល់ ២៣៥គ្រឿង ដែលកំពុងតែរត់ចរាចរណ៍នៅលើផ្លូវសំខាន់ៗចំនួន១៣ខ្សែ ខណៈដែលចំនួនអ្នកដំណើរតាមរថយន្តក្រុង មានការកើនឡើងជាប្រចាំប្រមាណជាង២-៣ ម៉ឺននាក់ក្នុងមួយថ្ងៃ។
មានប្រសាសន៍នៅក្នុងកម្មវិធីទទួលរថយន្តក្រុង ពីរដ្ឋាភិបាលជប៉ុនចំនួន៨០គ្រឿង និងសម្ពោធដាក់ឱ្យដំណើរការស្ថានីយ៍ ចំណតរថយន្តក្រុងស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ មិថុនានេះលោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ដោយសារតែបច្ចុប្បន្ននេះចំនួនរថយន្តក្រុងមានការកើនឡើង ដូច្នេះដើម្បីជួយសម្រួលដល់ការធ្វើដំនើរឱ្យកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរៀបចំសណ្តាប់ធ្នាប់ និងរៀបចំបណ្តាញផ្លូវមួយចំនួនសម្រាប់តែរថយន្តក្រុងចរាចរណ៍។
លោកបានបន្តទៀតថា “ការកំណត់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនេះ ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូន តាមរយៈមធ្យោបាយសាធារណៈមួយនេះ ឱ្យកាន់តែទទួលបានប្រជាប្រិយភាព”។ លោកបានបន្តទៀតថា “នៅពេលដែលការធ្វើចរាចរណ៍របស់រថយន្តក្រុងកាន់តែល្អ លឿនជាងមុន និងមានសុវត្ថិភាពខ្ពស់ ភាពទាក់ទាញអ្នកជិះបានកាន់ច្រើននឹងកើតមាន ដែលជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនសម្ដៅដល់ការជួយកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព”។

រដ្ឋបាលរាជធានីភ្នំពេញ និងខិតខំកែលម្អយ៉ាងណាឱ្យសេវារថយន្តដឹកជញ្ជូនសាធារណៈនេះធ្វើដំណើរទៀតទាត់ ដោយមានផ្លូវអាទិភាព និងផ្លូវឯកទិស ដើម្បីធ្វើយ៉ាងណាឱ្យអ្នកបើកបរគោរពពេលវេលាទៀងទាត់ ទាក់ទាញអ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ ហើយអាចបង្វែរពីការធ្វើដំណើរដោយឯកជន មកធ្វើដំណើររួមតាមរយៈរថយន្តក្រុង។ ចំណុចនេះ បើធ្វើបានហើយគួបផ្សំនឹងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំបញ្ហាសណ្តាប់ធ្នាប់គ្រប់ខណ្ឌទំាង១៤ នឹងអាចសម្រេចបានការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ដែលជួយសន្សំសំចៃថវិការបស់ប្រជាពលរដ្ឋ ទីក្រុងក៏មានសណ្តាប់ធ្នាប់សាធារណៈផងដែរ៕