កម្ពុជា​មាន​ប្រជាពលរដ្ឋ​ដែល​កំពុង​បំពេញការងារ​ប្រមាណ១០លាន​នាក់​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា​ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១០លាន​នាក់​ កំពុង​ពេញ​កំលាំង​ និង​កំពុង​បំពេញការងារ​នៅ​ក្នុង​ប្រព័​ន្ឋ​សេដ្ឋកិច្ច​ក្នុង​និង​ក្រៅ​ប្រព័​ន្ឋ​។

លោក ​ម៉ម​ វណ្ណៈ ​រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​លោក​ ​Paolo​ Carlini​ អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​អន្តរជាតិ​ នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) ដែល​បាន​ចុះ​មក​វាយតម្លៃ​លើ​យុទ្ធ​សាស្រ្ត​ និង​ផែនការ​សកម្មភាព​ក្នុង​ការ​ប្រែក្លាយ​ «អ្នក​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​» ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អនុវត្ត​ចាប់ពី​ឆ្នាំ២០១៤​-២០១៨ កាលពីដើម​សប្តាហ៍​នេះ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ ធ្វើ​ឱ្យ​អត្រា​មានការ​ងារ​ធ្វើ​ស្មើនឹង ៩៩.៣​% នៃ​កម្លាំង​ពលកម្ម​សរុប​មាន​ប្រមាណ​ ១០លាន​នាក់​ ក្នុង​នោះ​កម្មករ​និយោជិត​សេដ្ឋកិច្ច​ ក្នុង​ប្រព័ន្ធ​ជិត ១.៥លាន​នាក់​ កម្មករ​និយោជិត​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ២.៤លាន​នាក់​ វិស័យ​កសិកម្ម​ជាង ៤លាន​នាក់​។ ពលករ​ធ្វើការ​ក្រៅប្រទេស១.២លាន​នាក់​ និង​មន្រ្តី​សាធារណៈ​ប្រមាណ៥០ម៉ឺន​នាក់​។

លោក​បន្ត​ថា​ គោលនយោបាយ​ជាតិ​ស្តី​ពី​ មុខរបរ​ និង​ការងារ​ (NEP​ 2015​-2025​) គោលដៅ​ ១.៣​ លើកកម្ពស់​ការងារ​សមរម្យ​ និង​មាន​ផលិតភាព​ការងារ​ខ្ពស់​ តាមរយៈ​ការ​បង្ក​លក្ខណៈ​ឱ្យ​មានការ​ប្រែក្លាយ​កម្មករ​និយោជិត​ និង​អង្គភាព​ពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅ​ក្នុង​សេដ្ឋកិច្ច​ផ្លូវការ​ ដោយ​ធានា​បាន​នូវ​ការ​កែ​លម្អ​ និង​រក្សា​បាន​នូវ​ជីវភាពរស់នៅ​ក្នុង​កំឡុង​ពេល​នៃ​ដំណើរការ​ប្រែក្លាយ​នេះ​។

ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ (២០១៦​-២០២៥​) ក៏បាន​គ្រប​ដណ្តប់​លើ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ តាមរយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​របប​ថែទាំ​សុខភាព​សង្គម​ ដោយ​គោលការណ៍​ស្ម័គ្រចិត្ត​ក្នុង​ដំណាក់កាល​ដំបូង​ បន្ទាប់មក​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្វែរ​ទៅជា​របប​កាតព្វកិច្ច​ យោងទៅតាម​ស្ថានភាព​ជាក់ស្តែង​។

ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិនបាន​រើសអើង​ ឬបែងចែក​រវាង​កម្មករ​និយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឬក្នុង​ប្រព័ន្ធ​ទេ​ ពោល​គឺ​ច្បាប់​នេះ​មាន​វិសាលភាព​គ្រប​ដណ្តប់​ចំពោះ​គ្រប់​កម្មករ​និយោជិត​ទាំងអស់​ ដែល​មាន​ទំនាក់ទំនង​ការងារ​ (Employment​ Relationship​) ជាមួយ​និយោជក​។

​ទាក់ទង​ការ​ចុះ​វាយតម្លៃ​របស់​មន្រ្តី​ILO​នេះ​ ផ្តោត​សំខាន់​លើ​ការ​ប្រែក្លាយ​សេដ្ឋកិច្ច​ក្រៅ​ប្រព័​ន្ឋ​ មក​ជា​សេដ្ឋកិច្ច​ក្នុង​ប្រព័​ន្ឋ​សម្រាប់​ទស្សនវិស័យ​រយៈពេល​មធ្យម​មួយ​។ ការវាយតម្លៃ​របស់​ក្រុមការងារ​នាយកដ្ឋាន​បច្ចេកទេស​ (Evaluation​ Department​ of​ the​ ILO​) នា​ពេលនេះ​ មាន​គោលបំណង​សំ​ខាន់​ៗដូចជា​ ទី១​ ដើម្បី​ដឹង​អំពី​ភាព​ស៊ីចង្វាក់​គ្នា​ ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​នៃ​យុទ្ធ​សាស្រ្ត​ សកម្មភាព​ និង​ការ​អន្តរាគមន៍​របស់​ ILO​ ដើម្បី​ឆ្ពោះទៅ​ប្រែក្លាយ​ពី​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅជា​អ្នកសេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។

ទី២​ ជំរុញ​ការចែក​រំលែក​ ចំណេះដឹង​ និង​បទ​ពិសោធ​ន៍​ល្អ​ៗ ជាមួយ​សមាជិក​ ILO​ និង​ដៃគូ​របស់​ខ្លួន​។ ទី៣​ ចែករំលែក​ការ​អនុ​វត្ត​ល្អ​ៗ ដើម្បី​ជា​ជំនួយ​ក្នុង​ការសម្រេច​ចិត្ត​ ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។ ទី៤​ ការ​ធ្វើដំណើរ​មក​កម្ពុជា​នៃ​ក្រុមការងារ​នាយកដ្ឋាន​បច្ចេកទេស​ (Evaluation​ Department​ of​ the​ ILO​) គឺជា​ករណី​សិក្សា​ (Case​ Study​) ដែល​ជាផ្នែក​មួយ​នៃ​នីតិវិធី​នៃ​ការវាយតម្លៃ​ ដូចដែល​បាន​កំណត់​ក្នុង​ Timeframe​ របស់​ខ្លួន​។

ទី៥​ ក្រុមការងារ​បច្ចេកទេស​ ILO​ ក៏​ស្នើសុំ​ជួបពិភាក្សា​ជា​លក្ខណៈ​បច្ចេកទេស​ជាមួយ​នាយកដ្ឋាន​ពេទ្យ​ការងារ​ និង​ ប.ស.ស​ ដែល​ជា​អង្គភាព​ពាក់ព័ន្ធ​ទៅ​នឹង​ការពង្រីក​ការ​ផ្តល់​សេវា​ទៅដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ទី៦​ បន្ទាប់ពី​បញ្ចប់​ការវាយតម្លៃ​នេះ​ ក្រុមការងារ​បច្ចេកទេស​នឹង​រៀបចំ​របាយការណ៍​ ដើម្បី​ដាក់​ឱ្យ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​ (GB​) នៅ​ខែវិច្ឆិកា​ ឆ្នាំ២០១៩​៕

LEAVE A REPLY

Please enter your comment!
Please enter your name here