ដោយ ម៉ាណេត
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាប្រមាណ ១០លាននាក់ កំពុងពេញកំលាំង និងកំពុងបំពេញការងារនៅក្នុងប្រព័ន្ឋសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ឋ។
លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុងជំនួបជាមួយលោក Paolo Carlini អ្នកប្រឹក្សាយោបល់ឯករាជ្យអន្តរជាតិ នៃអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានចុះមកវាយតម្លៃលើយុទ្ធសាស្រ្ត និងផែនការសកម្មភាពក្នុងការប្រែក្លាយ «អ្នកដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តចាប់ពីឆ្នាំ២០១៤-២០១៨ កាលពីដើមសប្តាហ៍នេះថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតការងារជូនប្រជាពលរដ្ឋយ៉ាងច្រើន ធ្វើឱ្យអត្រាមានការងារធ្វើស្មើនឹង ៩៩.៣% នៃកម្លាំងពលកម្មសរុបមានប្រមាណ ១០លាននាក់ ក្នុងនោះកម្មករនិយោជិតសេដ្ឋកិច្ច ក្នុងប្រព័ន្ធជិត ១.៥លាននាក់ កម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២.៤លាននាក់ វិស័យកសិកម្មជាង ៤លាននាក់។ ពលករធ្វើការក្រៅប្រទេស១.២លាននាក់ និងមន្រ្តីសាធារណៈប្រមាណ៥០ម៉ឺននាក់។
-->
លោកបន្តថា គោលនយោបាយជាតិស្តីពី មុខរបរ និងការងារ (NEP 2015-2025) គោលដៅ ១.៣ លើកកម្ពស់ការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ តាមរយៈការបង្កលក្ខណៈឱ្យមានការប្រែក្លាយកម្មករនិយោជិត និងអង្គភាពពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងសេដ្ឋកិច្ចផ្លូវការ ដោយធានាបាននូវការកែលម្អ និងរក្សាបាននូវជីវភាពរស់នៅក្នុងកំឡុងពេលនៃដំណើរការប្រែក្លាយនេះ។
ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) ក៏បានគ្របដណ្តប់លើអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ឱ្យដំណើរការរបបថែទាំសុខភាពសង្គម ដោយគោលការណ៍ស្ម័គ្រចិត្តក្នុងដំណាក់កាលដំបូង បន្ទាប់មកពិនិត្យលទ្ធភាពក្នុងការបង្វែរទៅជារបបកាតព្វកិច្ច យោងទៅតាមស្ថានភាពជាក់ស្តែង។
ច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជាមិនបានរើសអើង ឬបែងចែករវាងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬក្នុងប្រព័ន្ធទេ ពោលគឺច្បាប់នេះមានវិសាលភាពគ្របដណ្តប់ចំពោះគ្រប់កម្មករនិយោជិតទាំងអស់ ដែលមានទំនាក់ទំនងការងារ (Employment Relationship) ជាមួយនិយោជក។
ទាក់ទងការចុះវាយតម្លៃរបស់មន្រ្តីILOនេះ ផ្តោតសំខាន់លើការប្រែក្លាយសេដ្ឋកិច្ចក្រៅប្រព័ន្ឋ មកជាសេដ្ឋកិច្ចក្នុងប្រព័ន្ឋសម្រាប់ទស្សនវិស័យរយៈពេលមធ្យមមួយ។ ការវាយតម្លៃរបស់ក្រុមការងារនាយកដ្ឋានបច្ចេកទេស (Evaluation Department of the ILO) នាពេលនេះ មានគោលបំណងសំខាន់ៗដូចជា ទី១ ដើម្បីដឹងអំពីភាពស៊ីចង្វាក់គ្នា ប្រសិទ្ធភាព និងប្រសិទ្ធផលនៃយុទ្ធសាស្រ្ត សកម្មភាព និងការអន្តរាគមន៍របស់ ILO ដើម្បីឆ្ពោះទៅប្រែក្លាយពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅជាអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ទី២ ជំរុញការចែករំលែក ចំណេះដឹង និងបទពិសោធន៍ល្អៗ ជាមួយសមាជិក ILO និងដៃគូរបស់ខ្លួន។ ទី៣ ចែករំលែកការអនុវត្តល្អៗ ដើម្បីជាជំនួយក្នុងការសម្រេចចិត្ត ក្នុងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្ត និងការអភិវឌ្ឍដោយចីរភាព។ ទី៤ ការធ្វើដំណើរមកកម្ពុជានៃក្រុមការងារនាយកដ្ឋានបច្ចេកទេស (Evaluation Department of the ILO) គឺជាករណីសិក្សា (Case Study) ដែលជាផ្នែកមួយនៃនីតិវិធីនៃការវាយតម្លៃ ដូចដែលបានកំណត់ក្នុង Timeframe របស់ខ្លួន។
ទី៥ ក្រុមការងារបច្ចេកទេស ILO ក៏ស្នើសុំជួបពិភាក្សាជាលក្ខណៈបច្ចេកទេសជាមួយនាយកដ្ឋានពេទ្យការងារ និង ប.ស.ស ដែលជាអង្គភាពពាក់ព័ន្ធទៅនឹងការពង្រីកការផ្តល់សេវាទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទី៦ បន្ទាប់ពីបញ្ចប់ការវាយតម្លៃនេះ ក្រុមការងារបច្ចេកទេសនឹងរៀបចំរបាយការណ៍ ដើម្បីដាក់ឱ្យពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល (GB) នៅខែវិច្ឆិកា ឆ្នាំ២០១៩៕