ដោយៈ រ៉ាណេត
ភ្នំពេញៈ ការបង្កើតជាក្រុមហ៊ុនអចលនទ្រព្យមួយ វាមិនមែនជារឿងដែលលំបាកខ្លាំងណាស់ណានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺការចេះរៀបចំផែនការគ្រប់គ្រង និងដឹកនាំក្រុមហ៊ុនទាំងមូល ឱ្យមានដំណើរការទៅមុខដោយរលូន និងទទួលបានជោគជ័យនៅក្នុងវិស័យមួយនេះ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស្លឹករឹត រៀលធី គ្រុប លោក ឃាង ពុទ្ធី បានមានប្រសាសន៍ថា ការគ្រប់គ្រង និងដឹកនាំក្រុមហ៊ុនអចលនទ្រព្យឱ្យមានដំណើររលូន និងរីកចម្រើនបាន ម្ចាស់ក្រុមហ៊ុន ឬជាអ្នកគ្រប់គ្រងមានវិធីសាស្ត្រជាច្រើន និងផ្សេងៗពីគ្នា។ លោកបន្តទៀតថា ក្រុមហ៊ុនអចលនទ្រព្យ ហាក់មានភាពងាយស្រួលក្នុងការបង្កើត ដោយចំណាយដើមទុនតិច ប៉ុន្តែអាចមានឱកាសទទួលបានផលចំណេញច្រើន នៅពេលដែលអាចធ្វើការទាក់ទងជាមួយក្រុមហ៊ុនវិនិយោគធំៗបានសម្រេច។
-->
លោកបានបន្តទៀតថា “ក្រុមហ៊ុនអចលនទ្រព្យរបស់ខ្ញុំបើកតាំងអំឡុងឆ្នាំ២០១៥ ដែលរហូតមកដល់ពេលនេះ យើងទទួលបានលទ្ធផលប្រសើរច្រើន ជាពិសេសមានការជឿជាក់ពីសំណាក់ដៃគូវិនិយោគនានា”។ លោកបន្តទៀតថា “កក្តាដែលអាចនាំឱ្យក្រុមហ៊ុនមួយទទួលបានលទ្ធផលល្អ ឬជោគជ័យទៅបាន សំខាន់បំផុតនោះគឺធនធានមនុស្ស”។
លោក ឃាង ពុទ្ធី បានពន្យល់ថា “ធនធានមនុស្សគឺមានការបូកផ្សំឡើងពីខ្លួនឯងដែលជាអ្នកបង្កើតជំនួញ រួមជាមួយបុគ្គលិកដែលបម្រើការងារយ៉ាងសកម្ម ហើយក៏ត្រូវមានការសិក្សាបន្ថែមពីសង្គម និងមនុស្សដែលរីកចម្រើននៅជុំវិញខ្លួន ជាពិសេសអ្នកដែលស្ថិតនៅក្នុងវិស័យពាក់ព័ន្ធ”។ លោកបន្តថា “នៅក្នុងការធ្វើជំនួញលើវិស័យអចលនទ្រព្យ ការជឿជាក់ ភាពស្មោះត្រង់ និងការទទួលបានទំនុកចិត្ត គឺសំខាន់បំផុតដែលយើងត្រូវតែព្យាយាមធ្វើឱ្យបាន ព្រោះការកសាងទំនុកចិត្តពីអតិថិជនគឺជាកក្តាសំខាន់បំផុត”។
ជាបទពិសោធន៍ និងជាវិធីសាស្ត្ររបស់ខ្ញុំ គឺតែងអនុវត្តនូវវិធីមួយ គឺគោលដៅឈ្នះឈ្នះទាំងអស់គ្នា បានន័យថា ខ្ញុំក៏ទទួលបានផលចំណេញ ដៃគូវិនិយោគ ក៏ដូចជាអតិថិជនរបស់ខ្ញុំ បុគ្គលិករបស់ខ្ញុំក៏ទទួលបានផលចំណេញដូចគ្នា ព្រោះយើងមិនអាចចំណេញតែម្នាក់ឯងទុកឱ្យដៃគូសហការជួបភាពខាតបង់នោះឡើយ។ បើយើងលក់ផ្ទះឱ្យគេ គឺត្រូវលក់ក្នុងតម្លៃមួយសមរម្យស្របតាមតម្លៃទីផ្សារ លក់ក្នុងរយៈពេលមួយដ៏ខ្លី ដែលអាចឱ្យម្ចាស់ទទួលយកបាន ដោយឡែកបើយើងទិញផ្ទះឱ្យអតិថិជន ក៏ត្រូវទិញក្នុងតម្លៃសមរម្យ ក្នុងរយៈពេលខ្លី និងមានទីតាំងល្អ។នេះបញ្ជាក់ឲ្យដឹង។
លោកបន្តទៀតថា ចំពោះបុគ្គលិកដែលបម្រើការងារជាមួយយើងក៏ដូចជាគ្នា នៅពេលក្រុមហ៊ុនទទួលបានភាគលាភ ដូច្នេះពួកគាត់ត្រូវតែទទួលបានអត្ថបប្រយោជន៍បន្ថែមដូចជាការលើកទឹកចិត្តតាមរយៈតម្លើងប្រាក់បៀវត្សរ៍ ការទទួលបានការបណ្តុះបណ្តាលចំណេះដឹងបន្ថែម ក៏ដូចជាការទទួលបានការធានាផ្នែកថែទាំសុខភាពផងដែរ។
លោកពុទ្ឋីបានបន្តទៀតថា “នៅពេលយើងមានចំណេះដឹងទូលាយ យើងអាចសម្លឹងមើលក្នុងវិស័យមួយនេះបានច្រើន ហើយវិធីសាស្ត្រក្នុងការគ្រប់គ្រងស្ថានការណ៍ក៏យើងអាចមានលទ្ធភាពច្រើនដែរ”៕