ប្រធាន​ CREA​ បង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​ការដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការបង្កើត​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ វា​មិនមែន​ជា​រឿង​ដែល​លំបាក​ខ្លាំង​ណាស់ណា​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​ គឺ​ការ​ចេះ​រៀបចំផែនការ​គ្រប់គ្រង​ និង​ដឹកនាំ​ក្រុមហ៊ុន​ទាំងមូល​ ឱ្យ​មានដំណើរ​ការ​ទៅមុខ​ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​នៅក្នុង​វិស័យ​មួយ​នេះ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចល​នទ្រព្យ​ ស្លឹករឹត​ រៀល​ធី​ គ្រុប​ លោក​ ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ថា​ ការគ្រប់គ្រង​ និង​ដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​ឱ្យ​មានដំណើរ​រលូន​ និង​រីកចម្រើន​បាន​ ម្ចាស់​ក្រុមហ៊ុន​ ឬជា​អ្នកគ្រប់គ្រង​មាន​វិធីសាស្ត្រ​ជាច្រើន​ និង​ផ្សេង​ៗពីគ្នា​។ លោក​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​អចលនទ្រព្យ​ ហាក់​មាន​ភាព​ងាយស្រួល​ក្នុង​ការបង្កើត​ ដោយ​ចំណាយ​ដើមទុន​តិច​ ប៉ុន្តែ​អាច​មានឱកាស​ទទួល​បានផល​ចំណេញ​ច្រើន​ នៅពេល​ដែល​អាច​ធ្វើការ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​វិ​និ​យោ​គធំៗ​បានសម្រេច​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​អចលនទ្រព្យ​របស់ខ្ញុំ​បើក​តាំង​អំឡុង​ឆ្នាំ២០១៥​ ដែល​រហូតមកដល់​ពេលនេះ​ យើង​ទទួល​បាន​លទ្ធផល​ប្រសើរ​ច្រើន​ ជាពិសេស​មានការ​ជឿជាក់​ពីសំណាក់​ដៃគូ​វិនិយោគ​នានា​”។ លោក​បន្ត​ទៀត​ថា​ “កក្តា​ដែល​អាច​នាំ​ឱ្យ​ក្រុមហ៊ុន​មួយ​ទទួល​បាន​លទ្ធផល​ល្អ​ ឬជោគជ័យ​ទៅ​បាន​ សំខាន់​បំផុត​នោះ​គឺ​ធនធានមនុស្ស​”។

លោក​ ឃាង​ ពុទ្ធី​ បាន​ពន្យល់​ថា​ “ធនធានមនុស្ស​គឺ​មានការ​បូក​ផ្សំ​ឡើង​ពី​ខ្លួនឯង​ដែល​ជា​អ្នកបង្កើត​ជំនួញ​ រួម​ជាមួយ​បុគ្គលិក​ដែល​បម្រើការ​ងារ​យ៉ាងសកម្ម​ ហើយក៏​ត្រូវ​មានការ​សិក្សា​បន្ថែម​ពីសង្គម​ និង​មនុស្ស​ដែល​រីកចម្រើន​នៅ​ជុំវិញ​ខ្លួន​ ជាពិសេស​អ្នក​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ​”។ លោក​បន្ត​ថា​ “នៅក្នុង​ការ​ធ្វើជំនួញ​លើ​វិស័យ​អចលនទ្រព្យ​ ការ​ជឿជាក់​ ភាព​ស្មោះត្រង់​ និង​ការ​ទទួល​បាន​ទំនុកចិត្ត​ គឺ​សំខាន់​បំផុត​ដែល​យើង​ត្រូវតែ​ព្យាយាម​ធ្វើ​ឱ្យ​បាន​ ព្រោះ​ការ​កសាង​ទំនុកចិត្ត​ពីអ​តិថិ​ជន​គឺជា​កក្តា​សំខាន់​បំផុត​”។

ជា​បទពិសោធន៍​ និង​ជា​វិធីសាស្ត្រ​របស់ខ្ញុំ​ គឺ​តែង​អនុវត្ត​នូវ​វិធី​មួយ​ គឺ​គោលដៅ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​ បានន័យ​ថា​ ខ្ញុំ​ក៏​ទទួល​បានផល​ចំណេញ​ ដៃគូ​វិនិយោគ​ ក៏ដូចជា​អតិថិជន​របស់ខ្ញុំ​ បុគ្គលិក​របស់ខ្ញុំ​ក៏​ទទួល​បានផល​ចំណេញ​ដូចគ្នា​ ព្រោះ​យើង​មិន​អាច​ចំណេញ​តែម្នាក់ឯង​ទុក​ឱ្យដៃ​គូ​សហការ​ជួប​ភាព​ខាតបង់​នោះ​ឡើយ​។ បើ​យើង​លក់​ផ្ទះ​ឱ្យ​គេ​ គឺ​ត្រូវលក់​ក្នុង​តម្លៃ​មួយ​សមរម្យ​ស្របតាម​តម្លៃ​ទីផ្សារ​ លក់​ក្នុងរយៈពេល​មួយ​ដ៏​ខ្លី​ ដែល​អាច​ឱ្យ​ម្ចាស់​ទទួលយក​បាន​ ដោយឡែក​បើ​យើង​ទិញ​ផ្ទះ​ឱ្យ​អតិថិជន​ ក៏​ត្រូវ​ទិញ​ក្នុង​តម្លៃ​សមរម្យ​ ក្នុងរយៈពេល​ខ្លី​ និង​មាន​ទីតាំង​ល្អ​។នេះ​បញ្ជាក់ឲ្យដឹង​។

​លោក​បន្ត​ទៀត​ថា​ ចំពោះ​បុគ្គលិក​ដែល​បម្រើការ​ងារ​ជាមួយ​យើង​ក៏ដូចជា​គ្នា​ នៅពេល​ក្រុមហ៊ុន​ទទួល​បាន​ភាគលាភ​ ដូច្នេះ​ពួកគាត់​ត្រូវតែ​ទទួល​បាន​អត្ថ​បប្រយោជន៍​បន្ថែម​ដូចជា​ការ​លើកទឹកចិត្ត​តាមរយៈ​តម្លើង​ប្រាក់បៀវត្សរ៍​ ការ​ទទួល​បានការ​បណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម​ ក៏ដូចជា​ការ​ទទួល​បានការ​ធានា​ផ្នែក​ថែទាំ​សុខភាព​ផង​ដែរ​។

លោ​កពុទ្ឋី​បាន​បន្ត​ទៀត​ថា​ “នៅពេល​យើង​មានចំណេះ​ដឹង​ទូលាយ​ យើង​អាច​សម្លឹង​មើលក្នុង​វិស័យ​មួយ​នេះ​បាន​ច្រើន​ ហើយ​វិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង​ស្ថានការណ៍​ក៏​យើង​អាច​មានលទ្ធភាព​ច្រើន​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here