ដោយៈ រ៉ាណេត
ភ្នំពេញៈ ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានទំហំទឹកប្រាក់សរុបមានចំនួនរហូតដល់ជិត ៣ពាន់ លានដុល្លារ កើនឡើងប្រមាណ ៦០ភាគរយ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ដោយៈ រ៉ាណេត
ភ្នំពេញៈ ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានទំហំទឹកប្រាក់សរុបមានចំនួនរហូតដល់ជិត ៣ពាន់ លានដុល្លារ កើនឡើងប្រមាណ ៦០ភាគរយ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

អគ្គនាយកសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឆាន់ សូរ្យផល បានមានប្រសាសន៍ប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី២២ មិថុនានេះថា គិតត្រឹមរយៈពេល៥ខែដើមឆ្នាំ២០១៩កន្លងទៅនេះ ទុនវិនិយោគសរុបលើវិស័យសំណង់នៅកម្ពុជាបានបន្តកើនឡើង រហូតដល់ ២,៨៩៤,៣៥៧,២៦៦ដុល្លារអាមេរិក កើនប្រមាណ៦០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានត្រឹមជាង ១,៧៧៧ដុល្លារសហរដ្ឋអាមេរិក។ លោកបានបន្តថា “តាមរយៈការកើនឡើងនូវចំនួនទុនវិនិយោគសរុបខាងលើនេះ យើងអាចធ្វើការសន្និដ្ឋានបានថា នៅដំណាច់ឆ្នាំ ២០១៩ វិស័យសំណង់នៅកម្ពុជា នឹងកាន់តែមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ”។
លោកបានបន្តទៀតថា “ដោយសារតែវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែមានភាពរីកចម្រើន និងអភិវឌ្ឍឥតឈប់ឈរនេះហើយ បានធ្វើឱ្យបណ្តាអ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់សំណង់ធំនៅប្រទេសកូរ៉េជាច្រើន ងាកមកចាប់អារម្មណ៍ ជាមួយនឹងការព្យាយាមមកស្វែងយល់ពីឱកាសវិនិយោគ និងសហការជាដៃគូជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុក ដែលកំពុងតែមានប្រតិបត្តិការនៅកម្ពុជានាពេលបច្ចុប្បន្ននេះ”។
ជាមួយនឹងភាពរីកចម្រើន លើវិស័យសំណង់នៅកម្ពុជានាពេលបច្ចុប្បន្ន រួមជាមួយនឹងការចាប់អារម្មណ៍ ពីសំណាក់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ មកពីប្រទេសកូរ៉េកន្លងទៅនេះ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា លោក ង៉ែត ជូរ បានមាន ប្រសាសន៍បង្ហាញពីភាពសុទិដ្ឋិនិយម ក្រោមការគាំទ្រឱ្យមានការចូលរួមពីសំណាក់ បណ្តាក្រុមហ៊ុនបរទេសធំៗមកកាន់កម្ពុជាឱ្យកាន់តែច្រើន។
លោកបានបន្តទៀតថា “វាជារឿងល្អនៅពេលមានរូបភាពបែបនេះ ព្រោះការធ្វើទស្សនកិច្ចសិក្សាអំពីឱកាសវិនិយោគជាដៃគូ វាជាចំណុចចាប់ផ្តើមដ៏ល្អមួយ។ លោកបានបន្តទៀតថា “បច្ចុប្បន្នវិស័យសាងសង់សំណង់ និងអចលនទ្រព្យនៅកម្ពុជា ភាគច្រើនជាការវិនិយោគរបស់ក្រុមហ៊ុនចិន ប៉ុន្តែបើមានក្រុមហ៊ុនមកពីកូរ៉េខាងត្បូងបន្ថែមទៀតវាកាន់តែប្រសើរ និងជម្រុញឱ្យវិស័យមួយនេះរីកចម្រើនខ្លាំង”៕