ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើនឡើង​ ៦០ភាគរយ​ក្នុងរយៈពេល៥​ ខែ​ដើមឆ្នាំ​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុងរយៈពេល៥ខែ​ដើមឆ្នាំ​នេះ​ មាន​ទំហំ​ទឹកប្រាក់​សរុប​មាន​ចំនួន​រហូតដល់​ជិត​ ៣ពាន់​ លាន​ដុល្លារ​ កើនឡើង​ប្រមាណ ៦០ភាគរយ​ ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​។

អគ្គនាយក​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ឆាន់​ សូរ្យ​ផល​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២២​ មិថុនា​នេះ​ថា​ គិត​ត្រឹម​រយៈពេល៥ខែ​ដើមឆ្នាំ២០១៩កន្លងទៅ​នេះ​ ទុន​វិនិយោគ​សរុប​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​បន្ត​កើនឡើង​ រហូតដល់ ២​,៨៩៤​,៣៥៧​,២៦៦ដុល្លារ​អាមេរិក​ កើន​ប្រមាណ៦០ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​ ដែល​មាន​ត្រឹម​ជាង ១​,៧៧៧ដុល្លារ​សហរដ្ឋអាមេរិក​។ លោក​បាន​បន្ត​ថា​ “តាមរយៈ​ការ​កើនឡើង​នូវ​ចំនួន​ទុន​វិនិយោគ​សរុប​ខាងលើ​នេះ​ យើង​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ នៅ​ដំណាច់ឆ្នាំ ២០១៩ វិស័យ​សំណង់​នៅ​កម្ពុជា​ នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​”។

​លោក​បាន​បន្ត​ទៀត​ថា​ “ដោយសារតែ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​ឥត​ឈប់ឈរ​នេះ​ហើយ​ បាន​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ ក៏ដូចជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សំណង់​ធំ​នៅ​ប្រទេស​កូរ៉េ​ជាច្រើន​ ងាក​មក​ចាប់អារម្មណ៍​ ជាមួយនឹង​ការ​ព្យាយាម​មក​ស្វែងយល់​ពី​ឱកាស​វិនិយោគ​ និង​សហការ​ជា​ដៃគូ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដែល​កំពុងតែ​មាន​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​”។

ជាមួយនឹង​ភាព​រីកចម្រើន​ លើ​វិស័យ​សំណង់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ រួម​ជាមួយនឹង​ការចាប់អារម្មណ៍​ ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈសំណង់​ មក​ពី​ប្រទេស​កូរ៉េ​កន្លងទៅ​នេះ​ អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ ង៉ែត​ ជូរ​ បាន​មាន ប្រសាសន៍​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ ក្រោម​ការ​គាំទ្រ​ឱ្យ​មានការ​ចូលរួម​ពីសំណាក់​ បណ្តា​ក្រុមហ៊ុន​បរ​ទេស​ធំៗ​មកកាន់​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​។

លោក​បាន​បន្ត​ទៀត​ថា​ “វា​ជា​រឿង​ល្អ​នៅពេល​មាន​រូបភាព​បែបនេះ​ ព្រោះ​ការ​ធ្វើទស្សនកិច្ច​សិក្សា​អំពី​ឱកាស​វិនិយោគ​ជា​ដៃគូ​ វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​វិស័យ​សាងសង់​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ភាគច្រើន​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​បើ​មាន​ក្រុមហ៊ុន​មក​ពី​កូរ៉េ​ខាងត្បូង​បន្ថែម​ទៀត​វា​កាន់តែ​ប្រសើរ​ និង​ជម្រុ​ញឱ្យ​វិស័យ​មួយ​នេះ​រីកចម្រើន​ខ្លាំង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here