ក្រុមហ៊ុន​យក្ស​ជប៉ុន​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ខ្លួន​មកកាន់​កម្ពុជា​ និង​បណ្តា​ប្រទេស​អាស៊ាន​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ ម៉ា​ណេត​

ប្រទេស​ជប៉ុ​នៈ​ ក្រុមហ៊ុន​ភ័ស្តុភារ​អន្តរ​ជា​តិ​ធំៗ​របស់​ជប៉ុន​រួម​ទាំង​ក្រុមហ៊ុន​ Nippon​ Express​ និង​ Deutsche​ Post​ DHL​ Group​ កំពុង​ពង្រីក​ប្រតិបត្តិ​ការ​នៅ​អាស៊ី​អាគ្នេយ៍​ ខណៈ​ក្រុមហ៊ុន​ផលិតកម្ម​ផ្លាស់​ប្តូរ​ផលិតកម្ម​ទៅ​ក្នុង​តំបន់​នេះ​ ដើម្បី​គេច​ផុត​ពី​ភាព​តានតឹង​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​។

ក្រុមហ៊ុន​ Nippon​ Express​ កំពុង​សាងសង់​ឃ្លាំង​ស្តុក​ដ៏​ធំ​មួយ​ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​កន្លែង​ផ្សេងទៀត​ និង​ពង្រឹង​សេវាកម្ម​ដឹកជញ្ជូន​នៅ​ទូទាំង​តំបន់​នេះ​ ក្នុង​គោលបំណង​បង្កើន​ការ​លក់​នៅ​ទីនោះ ៥០ភាគរយ​ក្នុងរយៈពេល ៥ឆ្នាំខាងមុខ​។

ឃ្លាំង​ធំ​មួយ​ដែល​កំពុង​សាងសង់​ដោយក្រុម​ហ៊ុន​ Nippon​ Express​ នៅ​ជាយក្រុង​គូ​ឡា​ឡាំ​ពួរ​ នឹង​ត្រូវ​បញ្ចប់​នៅដើម​ខែមករា​។ ឃ្លាំង​ធំ​មួយ​នេះ​មាន​ទំហំ​ជាន់​ជិត៥ម៉ឺន​ម៉ែត្រការ៉េ​ នឹង​គ្រប់គ្រង​ការ​ដឹកជញ្ជូន​អន្ដរ​ជាតិ​ ដែល​ទាក់ទង​នឹង​គ្រឿង​អេ​ឡិច​ត្រូ​និច​ និង​គ្រឿងបរិក្ខារ​អេ​ឡិច​ត្រូ​និច​ ព្រមទាំង​ការ​ដឹកជញ្ជូន​ម្ហូបអាហារ​ និង​ទំនិញ​ប្រចាំថ្ងៃ​នៅក្នុង​តំបន់​។

ក្រុមហ៊ុន​នេះ​ ក៏​នឹង​បញ្ចប់​ការសាងសង់​ឃ្លាំង​មួយ​នៅ​កម្ពុជា​ក្នុង​ខែ​ ធ្នូ​ ហើយ​កំពុង​ពិចារណា​លើ​ការសាងសង់​ឃ្លាំង​ដូចគ្នា​នេះ​ នៅក្នុង​ប្រទេស​ហ្វីលីពីន​ និង​វៀតណាម​។

ប្រទេស​ថៃ​ វៀតណាម​ និង​ម៉ាឡេស៊ី​ បាន​បង្កើត​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​រួចហើយ​ ហើយ​បាន​ធ្វើឲ្យ​តំបន់​នេះ​កាន់តែ​ងាយស្រួល​ ក្នុង​ការ​ទទួល​បាន​ផលិតកម្ម​បន្ថែម​ពី​ប្រទេស​ចិន​។ ក្រុមហ៊ុន​Nippon​ Express​ នឹង​បង្កើន​សេវា​ដឹកជញ្ជូន​ទំនិញ​ រវាង​ប្រទេស​ទាំងនេះ​ដើម្បី​បង្កើន​ការ​លក់​នៅក្នុង​តំបន់​ រួម​ទាំង​ប្រទេស​ឥណ្ឌា​ប្រហែល៥០ភាគរយ​ពីឆ្នាំ​ ២០១៨​ សើ្ម​នឹង១​,២៥​ ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២៣​។

ក្រុមហ៊ុន​ Deutsche​ Post​ DHL​ Group​ កំពុង​ពង្រីក​បណ្តាញ​ដឹកជញ្ជូន​ដី​របស់​ខ្លួន​នៅ​ទីនោះ​ដោយ​យក​ប្រទេស​ថៃ​ជា​មជ្ឈមណ្ឌល​។

នៅ​ឆ្នាំ២០១៨​ ក្រុមហ៊ុន​នេះ​មាន​សមត្ថភាព​ដឹកជញ្ជូន​បាន៣០០០គ្រឿង​នៃ​ឡាន​ដឹក​ទំ​និញ​ធំៗ​ ក្នុង​មួយថ្ងៃ​ រួម​ទាំង​យានយន្ត​ផ្ទាល់ខ្លួន​ចំនួន​ ១,២០០គ្រឿង​។ ក្រុមហ៊ុន​អាល្លឺម៉ង់​ភាគច្រើន​ បាន​ផ្គត់ផ្គង់​ការ​ដឹកជញ្ជូន​ទៅ​ផ្សារ​ទំនើប​ និង​ហាងទំនិញ​ដែល​ដំណើរការ​ដោយក្រុម​ហ៊ុន​ និង​វិនិយោគិន​បរទេស​ដែល​ជាផ្នែក​មួយ​ ដែល​កំពុង​រីកចម្រើន​នៅក្នុង​ប្រទេស​ថៃ​។

លោក​ Thomas​ Tieber​ ប្រធាន​ផ្នែក​ដឹកជញ្ជូន​អន្ដរ​ជាតិ​របស់​ក្រុមហ៊ុន​ DHL​ នៅ​អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​ខាងត្បូង​ បាន​ប្រាប់​សារព័ត៌មាន​ Nikkei​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ថា​ ក្រុមហ៊ុន​នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ចម្រុះ​ជាតិសាសន៍​ ដែល​កំពុង​ស្វែងរក​ការ​ផ្លាស់​ប្តូរ​ផលិតកម្ម​ចេញពី​ប្រទេស​ចិន​។ ក្រុមហ៊ុន​ DHL​ នឹង​ស្នើការ​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​ជិត​ ដើម្បី​ដាក់​ក្រុមហ៊ុន​ផលិត​នៅក្នុង​តំបន់​ឥណ្ឌូចិន​។

ក្រុមហ៊ុន​ Toll​ Group​ របស់​អូស្រ្តាលី​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ Post​ Holdings​ ជប៉ុន​ បាន​ធ្វើការ​សាងសង់​ឃ្លាំង​ មាន​ទំហំ​ប្រហែល១០ម៉ឺន​ម៉ែត្រការ៉េ​នៅ​មជ្ឈមណ្ឌល​ភ័ស្តុភារ​ក្នុង​តំបន់​មួយ​នៃ​ប្រទេស​សិង្ហបុរី​។ ទីតាំង​ឃ្លាំង​មានតម្លៃ១៦៨លាន​ដុល្លារ​មាន​សមត្ថភាព​ ក្នុង​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​ ចំនួន​ជាង១៥០​ ដែល​រួមមាន​ក្រុមហ៊ុន​ផលិត​ទំនិញ​ប្រចាំថ្ងៃ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here