ដោយ ម៉ាណេត
ប្រទេសជប៉ុនៈ ក្រុមហ៊ុនភ័ស្តុភារអន្តរជាតិធំៗរបស់ជប៉ុនរួមទាំងក្រុមហ៊ុន Nippon Express និង Deutsche Post DHL Group កំពុងពង្រីកប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ខណៈក្រុមហ៊ុនផលិតកម្មផ្លាស់ប្តូរផលិតកម្មទៅក្នុងតំបន់នេះ ដើម្បីគេចផុតពីភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន។
ក្រុមហ៊ុន Nippon Express កំពុងសាងសង់ឃ្លាំងស្តុកដ៏ធំមួយ នៅក្នុងប្រទេសម៉ាឡេស៊ី និងកន្លែងផ្សេងទៀត និងពង្រឹងសេវាកម្មដឹកជញ្ជូននៅទូទាំងតំបន់នេះ ក្នុងគោលបំណងបង្កើនការលក់នៅទីនោះ ៥០ភាគរយក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
-->
ឃ្លាំងធំមួយដែលកំពុងសាងសង់ដោយក្រុមហ៊ុន Nippon Express នៅជាយក្រុងគូឡាឡាំពួរ នឹងត្រូវបញ្ចប់នៅដើមខែមករា។ ឃ្លាំងធំមួយនេះមានទំហំជាន់ជិត៥ម៉ឺនម៉ែត្រការ៉េ នឹងគ្រប់គ្រងការដឹកជញ្ជូនអន្ដរជាតិ ដែលទាក់ទងនឹងគ្រឿងអេឡិចត្រូនិច និងគ្រឿងបរិក្ខារអេឡិចត្រូនិច ព្រមទាំងការដឹកជញ្ជូនម្ហូបអាហារ និងទំនិញប្រចាំថ្ងៃនៅក្នុងតំបន់។
ក្រុមហ៊ុននេះ ក៏នឹងបញ្ចប់ការសាងសង់ឃ្លាំងមួយនៅកម្ពុជាក្នុងខែ ធ្នូ ហើយកំពុងពិចារណាលើការសាងសង់ឃ្លាំងដូចគ្នានេះ នៅក្នុងប្រទេសហ្វីលីពីន និងវៀតណាម។
ប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី បានបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់រួចហើយ ហើយបានធ្វើឲ្យតំបន់នេះកាន់តែងាយស្រួល ក្នុងការទទួលបានផលិតកម្មបន្ថែមពីប្រទេសចិន។ ក្រុមហ៊ុនNippon Express នឹងបង្កើនសេវាដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងនេះដើម្បីបង្កើនការលក់នៅក្នុងតំបន់ រួមទាំងប្រទេសឥណ្ឌាប្រហែល៥០ភាគរយពីឆ្នាំ ២០១៨ សើ្មនឹង១,២៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣។
ក្រុមហ៊ុន Deutsche Post DHL Group កំពុងពង្រីកបណ្តាញដឹកជញ្ជូនដីរបស់ខ្លួននៅទីនោះដោយយកប្រទេសថៃជាមជ្ឈមណ្ឌល។
នៅឆ្នាំ២០១៨ ក្រុមហ៊ុននេះមានសមត្ថភាពដឹកជញ្ជូនបាន៣០០០គ្រឿងនៃឡានដឹកទំនិញធំៗ ក្នុងមួយថ្ងៃ រួមទាំងយានយន្តផ្ទាល់ខ្លួនចំនួន ១,២០០គ្រឿង។ ក្រុមហ៊ុនអាល្លឺម៉ង់ភាគច្រើន បានផ្គត់ផ្គង់ការដឹកជញ្ជូនទៅផ្សារទំនើប និងហាងទំនិញដែលដំណើរការដោយក្រុមហ៊ុន និងវិនិយោគិនបរទេសដែលជាផ្នែកមួយ ដែលកំពុងរីកចម្រើននៅក្នុងប្រទេសថៃ។
លោក Thomas Tieber ប្រធានផ្នែកដឹកជញ្ជូនអន្ដរជាតិរបស់ក្រុមហ៊ុន DHL នៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង បានប្រាប់សារព័ត៌មាន Nikkei ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនថា ក្រុមហ៊ុននឹងធ្វើការជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលកំពុងស្វែងរកការផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិន។ ក្រុមហ៊ុន DHL នឹងស្នើការដឹកជញ្ជូនទៅកាន់ប្រទេសជិត ដើម្បីដាក់ក្រុមហ៊ុនផលិតនៅក្នុងតំបន់ឥណ្ឌូចិន។

ក្រុមហ៊ុន Toll Group របស់អូស្រ្តាលីក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Post Holdings ជប៉ុន បានធ្វើការសាងសង់ឃ្លាំង មានទំហំប្រហែល១០ម៉ឺនម៉ែត្រការ៉េនៅមជ្ឈមណ្ឌលភ័ស្តុភារក្នុងតំបន់មួយនៃប្រទេសសិង្ហបុរី។ ទីតាំងឃ្លាំងមានតម្លៃ១៦៨លានដុល្លារមានសមត្ថភាព ក្នុងសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន ចំនួនជាង១៥០ ដែលរួមមានក្រុមហ៊ុនផលិតទំនិញប្រចាំថ្ងៃផងដែរ៕