អជ្ញា​ធរ​ខេត្ត​ព្រះសីហនុ​បើក​កិច្ចប្រជុំ​បន្ទាន់​កំណត់​អត្តសញ្ញាណ​សំណង់​ប្រឈម​នឹង​ហានិភ័យ​

0

ដោយ ​វុត្ថា

ព្រះ​សី​ហនុៈ ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​ ជាបន្ទាន់​ស្តី​ពី​ការកំណត់​អត្តសញ្ញាណ​សំណង់​ ក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ​ ក្រោយពី​មានការ​ដួល​រំលំ​អគារ​កំពស់៧ជាន់​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លាប់​ និង​រង​របួស​ជាច្រើន​នាក់​។

កិច្ចប្រជុំ​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងមក​នេះ​ ដោយមាន​ការចូលរួម​ ពី​លោ​កចេង​ ស្រុង​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​និង​សុរិយោដី​ ព្រមទាំង​លោក​ អនុប្រធាន​ មន្ទីរ​ទទួលបន្ទុក​សំណង់​ ប្រធាន​ការ​រិយា​ល័​យសំ​ណង់​ ប្រធាន​ការិយាល័យភូមិបាល​ និង​មន្ត្រី​ពាក់ព័ន្ធ​ របស់​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ មន្ត្រី​របស់​ភូមិបាល​ក្រុង​ព្រះសីហនុ​ និង​លោក​ ចៅសង្កាត់​ទាំងអស់​ លោក​មេភូមិ​ទូទាំង​ក្រុង​ព្រះសីហនុ​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ មន្ទីរ​រៀបចំ​ដែនដី​ ធ្វើឡើង​ដើម្បី​កំណត់​ អត្តសញ្ញាណ​សំណង់​មានច្បាប់​ និង​សំណង់​ឥត​ច្បាប់​ នៅ​តាម​ភូមិសាស្ត្រ​នី​មួយ​ៗ នៅ​តាម​សង្កា​ត់​រៀង​ៗខ្លួន​ នៅក្នុង​ក្រុង​ព្រះសីហនុ​។

ក្រោយ​ដួល​រំ​លម​អា​គារ​ភ្លាម​ៗ អភិបាលខេត្ត​ព្រះសីហនុ​ លោក​យន្ត​ មីន​បាន​ចេញ​លិខិតបង្គាប់ការ​ សម្រេច​បង្កើត​ក្រុម​ចុះពី​និត្យ​លក្ខណៈ​បច្ចេកទេស​ និង​គុណភាព​សំណង់​ដែល​បាន​បាក់​រលំ​ សង្កត់​មនុស្ស​ស្លាប់​ និង​របួស​ជាច្រើន​នាក់​ កាលពី​ព្រឹកព្រលឹម​ថ្ងៃទី២២​ ខែមិថុនា​ក្នុង​ក្រុង​ព្រះសីហនុ​។

ជាមួយគ្នា​នេះ​ដែរ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ចេញ​ក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ អគារ​ដែល​រលំ​បាក់​សង្កត់​លើ​មនុស្ស​ស្លាប់​ និង​របួស​ជាច្រើន​នាក់​ នៅ​សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​នេះ​ ពុំ​មានច្បាប់​អនុញ្ញាត​ឱ្យ​សាងសង់​ទេ​។

ប្រភព​ដដែល​បន្ត​ថា​ សំណង់​អគារ​ខាងលើ​មិន​មានច្បាប់​អនុញ្ញាត​ ហើយ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ជំនាញ​ ហាមឃាត់​មិន​ឱ្យ​សាងសង់​ចំនួន២ដង​រួចមក​ហើយ​ តែ​ម្ចាស់​សំណង់​មិន​ចូលរួម​សហការ​។ ម្ចាស់​សំណង់​ឈ្មោះ​ CHEN​ KUN​ ជនជាតិ​ចិន​ ទីតាំង​សាងសង់​លើ​ផ្ទៃដី​ ទំហំ៥៨៣ម៉ែត្រក្រឡា​ ។ អគារ​នេះ​ ជា​ប្រភេទ​សំណង់​ធ្វើ​ពី​ឆ្អឹង​ដែក​ សង់​បាន​កម្ពស់៧ជាន់​ គ្មាន​លិខិតអនុញ្ញាត​សាងសង់​។

ជាមួយគ្នា​នេះ​ អាជ្ញាធរ​ជំនាញ​ នឹង​ចុះ​ត្រួតពិនិត្យ​សំណង់​ដែល​មិន​មានគុណ​ភាព​ សំណង់​សាងសង់​ខុសពី​លិខិតអនុញ្ញាត​ និង​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត​ ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។ រី​ឯក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​ ត្រូវតែ​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ និង​មាន​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សាងសង់​ ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here