ដោយ វុត្ថា
ព្រះសីហនុៈ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុបានបើកកិច្ចប្រជុំ ជាបន្ទាន់ស្តីពីការកំណត់អត្តសញ្ញាណសំណង់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ក្រោយពីមានការដួលរំលំអគារកំពស់៧ជាន់ ដែលធ្វើឱ្យពលរដ្ឋស្លាប់ និងរងរបួសជាច្រើននាក់។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ ដោយមានការចូលរួម ពីលោកចេង ស្រុងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ព្រមទាំងលោក អនុប្រធាន មន្ទីរទទួលបន្ទុកសំណង់ ប្រធានការរិយាល័យសំណង់ ប្រធានការិយាល័យភូមិបាល និងមន្ត្រីពាក់ព័ន្ធ របស់មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ មន្ត្រីរបស់ភូមិបាលក្រុងព្រះសីហនុ និងលោក ចៅសង្កាត់ទាំងអស់ លោកមេភូមិទូទាំងក្រុងព្រះសីហនុ។
-->
ក្នុងកិច្ចប្រជុំនោះដែរ មន្ទីររៀបចំដែនដី ធ្វើឡើងដើម្បីកំណត់ អត្តសញ្ញាណសំណង់មានច្បាប់ និងសំណង់ឥតច្បាប់ នៅតាមភូមិសាស្ត្រនីមួយៗ នៅតាមសង្កាត់រៀងៗខ្លួន នៅក្នុងក្រុងព្រះសីហនុ។
ក្រោយដួលរំលមអាគារភ្លាមៗ អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនបានចេញលិខិតបង្គាប់ការ សម្រេចបង្កើតក្រុមចុះពីនិត្យលក្ខណៈបច្ចេកទេស និងគុណភាពសំណង់ដែលបានបាក់រលំ សង្កត់មនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនាក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញក្តីប្រកាសព័ត៌មានរបស់ខ្លួនថា អគារដែលរលំបាក់សង្កត់លើមនុស្សស្លាប់ និងរបួសជាច្រើននាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ ពុំមានច្បាប់អនុញ្ញាតឱ្យសាងសង់ទេ។
ប្រភពដដែលបន្តថា សំណង់អគារខាងលើមិនមានច្បាប់អនុញ្ញាត ហើយធ្លាប់ត្រូវបានអាជ្ញាធរជំនាញ ហាមឃាត់មិនឱ្យសាងសង់ចំនួន២ដងរួចមកហើយ តែម្ចាស់សំណង់មិនចូលរួមសហការ។ ម្ចាស់សំណង់ឈ្មោះ CHEN KUN ជនជាតិចិន ទីតាំងសាងសង់លើផ្ទៃដី ទំហំ៥៨៣ម៉ែត្រក្រឡា ។ អគារនេះ ជាប្រភេទសំណង់ធ្វើពីឆ្អឹងដែក សង់បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់។
ជាមួយគ្នានេះ អាជ្ញាធរជំនាញ នឹងចុះត្រួតពិនិត្យសំណង់ដែលមិនមានគុណភាព សំណង់សាងសង់ខុសពីលិខិតអនុញ្ញាត និងសាងសង់ដោយគ្មានលិខិតអនុញ្ញាត ដើម្បីមានវិធានការតាមផ្លូវច្បាប់។ រីឯក្រុមហ៊ុនទទួលម៉ៅការសាងសង់ ត្រូវតែជាក្រុមហ៊ុនដែលបានចុះបញ្ជី និងមានវិញ្ញាបនបត្រប្រកបអាជីវកម្មសាងសង់ ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕


