ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងមហាព្រឹត្តិការណ៍ដ៏ក្រៀមក្រំនៃការបាក់រលំសំណង់អគារកម្ពស់៧ជាន់នៅ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ដែលបណ្តាលឱ្យមានមនុស្សចំនួន២៥នាក់បានស្លាប់ និងចំនួន២៤នាក់រងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បណ្តាស្ថានទូតនានាប្រចាំនៅកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព្វ ក៏ដូចជាសម្ដែងនូវការសោកស្ដាយជាមួយរដ្ឋាភិបាលកម្ពុជាផងដែរ។
គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១ រសៀល ស្ថានទូត ដែលបានផ្ញើសារចូលរួមសម្ដែងនូវការសោកស្តាយនៅក្នុងព្រឹត្តិការណ៍សោកនាដកម្មខាងលើនេះ ឃើញមានដូចជា ស្ថានទូតចិន ស្ថានជប៉ុន និងស្ថានទូតបារាំង។
-->
តំណាងស្ថានទូតចិន ប្រចាំនៅកម្ពុជា បានសរសេរថា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំងអំពីឧបទ្ទេវហេតុបាក់រលំអគារក្នុងខេត្តព្រះសីហនុ នៅពេលទៀបភ្លឺថ្ងៃទី២២ ខែមិថុនា បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
ស្ថានទូតចិនប្រចាំកម្ពុជា មានអារម្មណ៍ក្ដុកក្ដួលសោកស្ដាយជាពន់ពេក និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជិវិតបានទៅកាន់សុគតិភព សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផង។ ជាមួយគ្នានេះដែរ សូមជូនពរឱ្យជនរងគ្រោះដែលកំពុងទទួលការព្យាបាលបានជាសះស្បើយក្នុងពេលឆាប់ៗ។
ក្រោយឧបទ្ទេវហេតុកើតឡើង ស្ថានទូតចិនប្រចាំកម្ពុជាបានទំនាក់ទំនងផ្ទាល់ជាមួយសភាពាណិជ្ជកម្មចិននៅកម្ពុជា និងសហគ្រាសចិននៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីរៀបចំកម្លាំងជំនួយ និងសម្ភារៈ ចាត់ចែងគ្រឿងចក្រអេស្កាទ័រខ្នាតធំជាដេីម ចូលរួមក្នុងសកម្មភាពសង្រ្គោះឲ្យបានទាន់ពេល។
តាមដំណឹងទទួលបានពីសភាពាណិជ្ជកម្មចិននៅកម្ពុជា មកទល់នឹងពេលនេះកំពុងសម្របសម្រួលកិច្ចការសង្រ្គោះជាបន្តបន្ទាប់នៅទីនោះ។
ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ក៏បាននសរសេរសាររំលែកទុក្ខផងដែរថា “ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេក ក្រោយពីបានទទួលព័ត៌មាន ស្តីពីឧបទ្ទវហេតុបាក់អាគារ ដែលបានកើតឡើង នៅថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ។ ខ្ញុំសូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធ របស់ជនរងគ្រោះទៅកាន់សុគតិភព” ៕