បណ្តា​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ ផ្ញើ​សារ​ចូលរួម​រំលែកទុក្ខ​ចំពោះ​ព្រឹត្តិ​ការណ៍​បាក់​រលំ​សំណង់​អគារ​នៅ​ក្រុង​ព្រះសីហនុ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​ដ៏​ក្រៀមក្រំ​នៃ​ការ​បាក់​រលំ​សំណង់​អគារ​កម្ពស់៧ជាន់​នៅ​ ក្រុង​ព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងទៅ​ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ចំនួន២៥នាក់​បាន​ស្លាប់​ និង​ចំនួន២៤នាក់​រង​របួសធ្ងន់​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​ បណ្តា​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ បាន​ផ្ញើ​សារ​ចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព្វ​ ក៏ដូចជា​សម្ដែង​នូវ​ការ​សោកស្ដាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។

គិត​ត្រឹម​ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៩​ វេលា​ម៉ោង​ ១ រសៀល​ ស្ថានទូត​ ដែល​បាន​ផ្ញើ​សារ​ចូលរួម​សម្ដែង​នូវ​ការ​សោក​ស្តាយ​នៅក្នុង​ព្រឹត្តិ​ការណ៍​សោកនាដកម្ម​ខាងលើ​នេះ​ ឃើញ​មាន​ដូចជា​ ស្ថានទូត​ចិន​ ស្ថាន​ជប៉ុន​ និង​ស្ថានទូត​បារាំង​។

តំណាង​ស្ថានទូត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ បាន​សរសេរ​ថា​ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​មាន​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង​អំ​ពី​ឧប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​ នៅពេល​ទៀបភ្លឺ​ថ្ងៃទី២២​ ខែមិថុនា​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ និង​របួស​ជាច្រើន​នាក់​។

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ មាន​អារម្មណ៍​ក្ដុកក្ដួល​សោកស្ដាយ​ជា​ពន់ពេក​ និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាត់បង់​ជិ​វិត​បាន​ទៅកាន់​សុគតិភព​ សូម​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ផង​។ ជាមួយគ្នា​នេះ​ដែរ​ សូមជូនពរ​ឱ្យ​ជនរងគ្រោះ​ដែល​កំពុង​ទទួលការ​ព្យាបាល​បាន​ជាសះស្បើយ​ក្នុង​ពេល​ឆាប់​ៗ។

ក្រោយ​ឧប​ទ្ទេវ​ហេតុ​កើតឡើង​ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ និង​សហគ្រាស​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់​ ដើម្បី​រៀបចំ​កម្លាំង​ជំនួយ​ និង​សម្ភារៈ​ ចាត់ចែង​គ្រឿងចក្រ​អេ​ស្កា​ទ័រ​ខ្នាត​ធំ​ជា​ដេីម​ ចូលរួម​ក្នុង​សកម្មភាព​សង្រ្គោះ​ឲ្យបាន​ទាន់ពេល​។

តាម​ដំណឹង​ទទួល​បាន​ពី​សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ មកទល់​នឹង​ពេលនេះ​កំពុង​សម្របសម្រួល​កិច្ចការ​សង្រ្គោះ​ជាបន្តបន្ទាប់​នៅ​ទីនោះ​។

ឯកអគ្គ​រាជទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​ លោក​ ហូរី​ណូ​អ៊ុ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ ក៏​បា​នន​សរសេរ​សារ​រំលែកទុក្ខ​ផង​ដែរ​ថា​ “ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ជា​ពន់ពេក​ ក្រោយពី​បាន​ទទួល​ព័ត៌មាន​ ស្តី​ពី​ឧបទ្ទវហេតុ​បាក់​អាគារ​ ដែល​បាន​កើតឡើង​ នៅ​ថ្ងៃទី២២​ ខែមិថុនា​ នៅ​ខេត្ត​ព្រះសីហនុ​។ ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខ​ ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​ របស់​ជនរងគ្រោះ​ទៅកាន់​សុគតិភព​” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here