ដោយ ម៉ាណេត
ភ្នំពេញ៖ គណៈប្រតិភូចិនពីខេត្តជឺជាំងនៃប្រទេសចិន បានបង្ហាញពីបំណងចង់មកវិនិយោគ ក្នុងគំរោងបង្កើតលំនៅដ្ឋានលំហែរកាយសម្រាប់ទេសចរចិននៅកម្ពុជា។
ក្នុងកិច្ចប្រជុំជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ លោក ចាង សឺស្ស៊ី អនុប្រធានសភាប្រឹក្សាយោបល់ខេត្តជឺជាំង និងជាអ្នកដឹកនាំគណៈប្រតិភូចិនមកពីខេត្តជឺជាំងបានលើកឡើងថា គណៈប្រតិភូមកពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីបង្ហាញពីបំណងចង់មកវិនិយោគ ក្នុងការបង្កើតលំនៅដ្ឋានលម្ហែសម្រាប់ទេសចរចិននៅកម្ពុជា។
-->
គណៈប្រតិភូចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះឱកាសវិនិយោគបង្កើតតំបន់ទេសចរណ៍ សម្រាប់ទេសចរវ័យចំណាស់នៅកម្ពុជា ដោយលោក ចាង សឺស្ស៊ី បានបញ្ជាក់ថា នៅខេត្តជឺជាំងសម្បូរទៅដោយប្រជាជនច្រើន ហើយនៅឆ្នាំ២០១៨ ទេសចរចិននៅខេត្តជឺជាំង បានចេញដើរកម្សាន្តនៅក្រៅប្រទេសមានចំនួន២,៨លាននាក់ ក្នុងនោះមកកម្ពុជាប្រមាណ៨ម៉ឺននាក់។
លោកបានបន្តថា ភ្ញៀវទេសចរចិនមកពីខេត្តរបស់លោក នឹងមកទស្សនានៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត ហើយនៅពេលរដូវត្រជាក់ម្ដងៗ ពួកគេចូលចិត្តស្នាក់នៅតំបន់លម្ហែរបស់ពួកគេ នៅតំបន់ភាគខាងត្បូងប្រទេសចិន ដែលមានអាកាសធាតុក្ដៅស្រួលជាងខេត្តជឺជាំង។
ដូច្នេះហើយបានជាលោក និងគណៈប្រតិភូមកពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីបង្ហាញពីបំណងចង់មកវិនិយោគ ក្នុងការបង្កើតលំនៅដ្ឋានលម្ហែសម្រាប់ទេសចរចិនមកពីទីនោះ។
លោករដ្ឋមន្ត្រីថោង ខុន បានថ្លែងថា ឱកាសវិនិយោគជាមួយក្នុងវិស័យទេសចរណ៍មានច្រើននៅកម្ពុជា ពិសេសគឺការបង្កើតនៅតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា និងតាមបណ្ដោយទន្លេមេគង្គ ដែលហូរកាត់ប្រទេសកម្ពុជាជាង ៤០០ គីឡូម៉ែត្រ មានទេសភាពស្រស់ត្រកាល និងអំណោយផលដល់ការស្នាក់នៅយូរ និងទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរ។
ជាមួយគ្នានោះ លោក ថោង ខុន បានស្នើឱ្យភាគីចិននៅខេត្តជឺជាំង ជួយជំរុញការបណ្ដុះបណ្ដាលភាសាចិន ដល់បុគ្គលិកជំនាញទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាដែលនិយាយភាសាចិន តាមរយៈការបង្កើតសាលាវិជ្ជាជីវៈជំនាញទេសចរណ៍នៅកម្ពុជា សំដៅសម្រេចឱ្យបានចំនួនបុគ្គលិកជំនាញ និងមគ្គុទ្ទេសទេសចរណ៍ ឆ្លើយតបនឹងចំនួនទេសចរណ៍ ពិសេសទេសចរចិនដែលនៅតែកើនឡើងជាលំដាប់។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីចិន ជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ ពីខេត្តជឺជាំងមកកម្ពុជាឱ្យបានឆាប់រហ័សផងដែរ ដើម្បីជំរុញកំណើនទេសចរពីខេត្តមួយនេះ ឱ្យបានកាន់តែច្រើនឡើង។

លោក ចាង សឺស្ស៊ីបានថ្លែងថា ខេត្តជឺជាំងរបស់លោកក៏បានខិតខំជំរុញការងារនេះដែរ ហើយនៅកំឡុងឆ្នាំ២០១៩នេះ ជើងហោះហើរត្រង់ពីខេត្តជឺជាំងមកកម្ពុជា នឹងត្រូវដំណើរការឡើងជាផ្លូវការ៕