ដោយនៅ វឌ្ឈនា
ភ្នំពេញៈ ក្រសួងការងារនិងមុខរបរនៃសាធារណរដ្ឋកូរ៉េ បានជួយកម្ពុជាលើការដាក់ឱ្យដំណើរការអនុវត្តគម្រោង «ការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈ ឬហៅថា PES System» ក្រោមគម្រោង Korea-Cambodia WorkNet ដំណាក់កាលទី២ (២០១៩-២០២០)។
នៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀង នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ នេះលោក ; អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។លោកថា នាពេលកន្លងមកកម្ពុជា-កូរ៉េមានទំនាក់ទំនងល្អជាមួយគ្នា និងជាដៃគូកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយភាគីកូរ៉េបានទទួលពលករកម្ពុជាទៅធ្វើការនៅទីនោះជាបន្តបន្ទាប់ រហូតដល់់ពេលបច្ចុប្បន្នចំនួនពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសសាធារណរដ្ឋកូរ៉េ បានកើនដល់ប្រមាណជិត៦ម៉ឺននាក់។
-->
លោកបន្តថា តាមរយៈការធ្វើដំណើរទៅសួរសុខទុក្ខ ដល់ពលករកម្ពុជានៅប្រទេសកូរ៉េកន្លងមកឃើញថា ពលករកម្ពុជានៅទីនោះ ពិតជាបានរស់នៅយ៉ាងសុខសប្បាយ មានការគិតគូរយ៉ាងត្រឹមត្រូវ និងទទួលបានប្រាក់ឈ្នួលខ្ពស់ថែមទៀត ដែលជួយជំរុញជីវភាពរស់នៅរបស់ពួកគេ និងគ្រួសារកាន់តែល្អប្រសើរឡើង។
ពាក់ព័ន្ធនឹងគម្រោង «ការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈ ឬហៅថា PES System» នេះ ត្រូវបានលោកអ៉ិត សំហេង គាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹង និងបានស្នើឱ្យក្រុមការងារបច្ចេកទេសទាំងពីរភាគី ខិតខំធ្វើការងារឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានជោគជ័យសម្រាប់ប្រទេសជាតិទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ។

លោក យ៉ាង ស៊ុងជុន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រសួងការងារកូរ៉េ ក៏បានកោតសរសើរសមត្ថភាពការងាររបស់ពលករកម្ពុជា ដែលតែងតែមានភាពឧស្សាហ៍ព្យាយាម ចេះអត់ធ្មត់នឹងការងារ ព្រមទាំងមានអត្តចរិតល្អចំពោះអ្នករួមការងារថែមទៀត។ នេះជាមូលហេតុដែលកូរ៉េ នៅតែបន្តទទួលពលករកម្ពុជាឱ្យទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ពាក់ព័ន្ធនឹងគម្រោងការអភិវឌ្ឍន៍ ប្រព័ន្ធផ្តល់សេវាការងារសាធារណៈនេះដែរវានឹងទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ជាទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងពីរ៕