កូរ៉េ​ជួយ​កម្ពុជា​បន្ត​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​សេវា​ការងារ​សាធារណៈ​នៅ​កម្ពុជា​

0

ដោយ​នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ ក្រសួងការងារ​និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ​ បាន​ជួយ​កម្ពុជា​លើ​ការ​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត​គម្រោង​ «ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ​ ឬហៅ​ថា​ PES​ System​» ក្រោម​គម្រោង​ Korea​-Cambodia​ WorkNet​ ដំណាក់កាល​ទី២​ (២០១៩​-២០២០​)។

នៅក្នុង​ពិធី​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ នៅ​ថ្ងៃទី​ ២៤​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​លោក​ ​; អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា​ កិច្ច​ព្រមព្រៀង​នេះ​ធ្វើឡើង​ ដើម្បី​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​។លោក​ថា​ នា​ពេល​កន្លងមក​កម្ពុជា​-កូរ៉េ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ និង​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ ដោយ​ភាគី​កូរ៉េ​បាន​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ទីនោះ​ជាបន្តបន្ទាប់​ រហូ​តដល់់​ពេល​បច្ចុប្បន្ន​ចំនួន​ពលករ​កម្ពុជា​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​សាធារណរដ្ឋ​កូរ៉េ​ បាន​កើន​ដល់​ប្រមាណ​ជិត៦ម៉ឺន​នាក់​។

លោក​បន្ត​ថា​ តាមរយៈ​ការ​ធ្វើដំណើរ​ទៅ​សួរសុខទុក្ខ​ ដល់​ពលករ​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​កន្លងមក​ឃើញថា​ ពលករ​កម្ពុជា​នៅ​ទីនោះ​ ពិតជា​បាន​រស់នៅ​យ៉ាង​សុខសប្បាយ​ មានការ​គិតគូរ​យ៉ាង​ត្រឹមត្រូវ​ និង​ទទួល​បាន​ប្រាក់ឈ្នួល​ខ្ពស់​ថែមទៀត​ ដែល​ជួយ​ជំរុញ​ជីវភាពរស់នៅ​របស់​ពួកគេ​ និង​គ្រួសារ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

ពាក់ព័ន្ធ​នឹង​គម្រោង​ «ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ​ ឬហៅ​ថា​ PES​ System​» នេះ​ ត្រូវ​បាន​លោ​កអ៉ិ​ត សំ​ហេង​ គាំទ្រ​ និង​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង​ និង​បាន​ស្នើ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ទាំងពីរ​ភាគី​ ខិតខំ​ធ្វើការងារ​ឱ្យ​បាន​ជិតស្និទ្ធ​ ដើម្បី​សម្រេច​បាន​ជោគជ័យ​សម្រាប់​ប្រទេសជាតិ​ទាំងពីរ​ កម្ពុជា​-សាធារណរដ្ឋ​កូរ៉េ​។

លោក​ យ៉ាង​ ស៊ុង​ជុន​ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ នៃ​ក្រសួងការងារ​កូរ៉េ​ ក៏បាន​កោតសរសើរ​សមត្ថភាព​ការងារ​របស់​ពលករ​កម្ពុជា​ ដែល​តែងតែមាន​ភាព​ឧស្សាហ៍​ព្យាយាម​ ចេះ​អត់ធ្មត់​នឹង​ការងារ​ ព្រមទាំង​មាន​អត្តចរិត​ល្អ​ចំពោះ​អ្នក​រួមការ​ងារ​ថែមទៀត​។ នេះ​ជា​មូលហេតុ​ដែល​កូរ៉េ​ នៅតែ​បន្ត​ទទួល​ពលករ​កម្ពុជា​ឱ្យទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​។ ពាក់ព័ន្ធ​នឹង​គម្រោងការ​អភិវឌ្ឍន៍​ ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ​នេះ​ដែរ​វា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ សម្រាប់​ជា​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ទាំងពីរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here