រដ្ឋាភិបាល​អះអាង​ថា​ការ​បាក់​រលំ​អគារ​នៅ​ក្រុង​ព្រះសីហនុ​ មិន​ប៉ះពាល់​ដល់​ការ​វិនិយោគ​វិស័យ​សំណង់​ទេ​

0

ដោយៈ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ករណី​នៃ​ការ​ដួល​រលំ​សំណង់​អគារ​កម្ពស់៧ជាន់​ នៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ពេល​កន្លងទៅ​នេះ​ គឺ​គ្រាន់តែ​ជា​ឧបទ្ទវហេតុ​បច្ចេកទេស​នៃ​សំណង់​សុទ្ធសាធ​តែប៉ុណ្ណោះ​ ដែល​មិន​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ទូទៅ​នៅ​កម្ពុជា​នោះ​ទេ​។

នៅក្នុង​សេចក្ដីថ្លែង​ការណ៍​ របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ព្រឹត្តិ​ការណ៍​នៃ​ការ​បាក់​ស្រុត​សំណង់​អគារ​ ដែល​កំពុងតែ​ដំណើរការ​សាងសង់​កម្ពស់៧ជាន់​ បណ្តាល​ឱ្យ​មនុស្សជា​ច្រើន​នាក់​ស្លាប់​ និង​រង​របួស​នោះ​ គឺ​គ្រាន់តែ​ជាហេតុ​ការណ៍​នៃ​គ្រោះថ្នាក់​ឧបទ្ទវហេតុ​ បច្ចេកទេស​សំណង់​សុទ្ធសាធ​ ហើយ​ព្រឹត្តិ​ការណ៍​នេះ​ក៏​មិន​មានផល​ប៉ះពាល់​ធ្ងន់​ធ្ង​ ដល់​បរិយាកាស​នៃ​ការ​វិនិយោគ​ និង​អភិវឌ្ឍ​លើ​វិស័យ​សំណង់​ និង​ទីផ្សារ​អចលនទ្រព្យ​ទូទៅ​នៅ​កម្ពុជា​នោះ​ទេ​។

សេចក្ដី​ដដែល​ក៏បាន​បញ្ជាក់​ថា​ “ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ នៅតែ​រីករាយ​ទទួលស្វាគមន៍​ជានិច្ច​ នូវ​រាល់​ការ​បណ្តាក់​ទុន​វិនិយោគ​លើ​គ្រប់​វិស័យ​មកកាន់​កម្ពុជា​ ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ ដែល​កំពុងតែ​មាន​ភាព​រីកចម្រើន​យ៉ាង​ល្អ​ប្រសើរ​”។

សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា​ ត្រឹម​រយៈពេល៥ខែ​ដើមឆ្នាំ២០១៩​ មានការ​កើនឡើង​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត៣ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ កើនឡើង​ប្រមាណ៦០ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨កន្លងទៅ​។

អគ្គនាយក​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ឆាន់​ សូរ្យ​ផល​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា​ គិត​ត្រឹម​រយៈពេល៥ខែ​ដើមឆ្នាំ២០១៩កន្លងទៅ​នេះ​ ទុន​វិនិយោគ​សរុប​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​បន្ត​កើនឡើង​ រហូតដល់​ជាង២​,៨៩៤ដុល្លារ​អាមេរិក​ កើន​ប្រមាណ៦០ភាគរយ​ បើ​ ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​ ដែល​មាន​ត្រឹម​ជាង១​,៧៧៧ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​បាន​បន្ត​ថា​ “តាមរយៈ​ការ​កើនឡើង​នូវ​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​ យើង​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ នៅ​ដំណាច់ឆ្នាំ២០១៩​ វិស័យ​សំណង់​នៅ​កម្ពុជា​ នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​”។

ជាមួយគ្នា​នេះ​ នៅក្នុង​រយៈពេល៥ខែ​ដើមឆ្នាំ២០១៩នេះ​ផង​ដែរ​ ខេត្ត​ព្រះសីហនុ​ ការ​វិនិយោគ​លើ​វិស័យ​សំណង់​ គិតជា​ទឹកប្រាក់​សរុប​មាន​ចំនួន​ប្រមាណ៥៨២លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ជាមួយនឹង​គម្រោង​សរុប​ចំនួន១៨៦គម្រោង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here