ដោយៈរ៉ាណេត
ភ្នំពេញៈ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ករណីនៃការដួលរលំសំណង់អគារកម្ពស់៧ជាន់ នៅក្នុងខេត្តព្រះសីហនុកាលពីពេលកន្លងទៅនេះ គឺគ្រាន់តែជាឧបទ្ទវហេតុបច្ចេកទេសនៃសំណង់សុទ្ធសាធតែប៉ុណ្ណោះ ដែលមិនប៉ះពាល់ដល់បរិយាកាសនៃការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យទូទៅនៅកម្ពុជានោះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ព្រឹត្តិការណ៍នៃការបាក់ស្រុតសំណង់អគារ ដែលកំពុងតែដំណើរការសាងសង់កម្ពស់៧ជាន់ បណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួសនោះ គឺគ្រាន់តែជាហេតុការណ៍នៃគ្រោះថ្នាក់ឧបទ្ទវហេតុ បច្ចេកទេសសំណង់សុទ្ធសាធ ហើយព្រឹត្តិការណ៍នេះក៏មិនមានផលប៉ះពាល់ធ្ងន់ធ្ង ដល់បរិយាកាសនៃការវិនិយោគ និងអភិវឌ្ឍលើវិស័យសំណង់ និងទីផ្សារអចលនទ្រព្យទូទៅនៅកម្ពុជានោះទេ។
-->
សេចក្ដីដដែលក៏បានបញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នៅតែរីករាយទទួលស្វាគមន៍ជានិច្ច នូវរាល់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យមកកាន់កម្ពុជា ជាពិសេសលើវិស័យអចលនទ្រព្យ និងសំណង់ ដែលកំពុងតែមានភាពរីកចម្រើនយ៉ាងល្អប្រសើរ”។
សម្រាប់វិស័យសំណង់នៅកម្ពុជា ត្រឹមរយៈពេល៥ខែដើមឆ្នាំ២០១៩ មានការកើនឡើងសរុបជាទឹកប្រាក់ប្រមាណជិត៣ពាន់លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ៦០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ។
អគ្គនាយកសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឆាន់ សូរ្យផល បានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីសប្តាហ៍មុនថា គិតត្រឹមរយៈពេល៥ខែដើមឆ្នាំ២០១៩កន្លងទៅនេះ ទុនវិនិយោគសរុបលើវិស័យសំណង់នៅកម្ពុជាបានបន្តកើនឡើង រហូតដល់ជាង២,៨៩៤ដុល្លារអាមេរិក កើនប្រមាណ៦០ភាគរយ បើ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានត្រឹមជាង១,៧៧៧ដុល្លារសហរដ្ឋអាមេរិក។
លោកបានបន្តថា “តាមរយៈការកើនឡើងនូវទុនវិនិយោគក្នុងវិស័យនេះ យើងអាចធ្វើការសន្និដ្ឋានបានថា នៅដំណាច់ឆ្នាំ២០១៩ វិស័យសំណង់នៅកម្ពុជា នឹងកាន់តែមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ”។

ជាមួយគ្នានេះ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៩នេះផងដែរ ខេត្តព្រះសីហនុ ការវិនិយោគលើវិស័យសំណង់ គិតជាទឹកប្រាក់សរុបមានចំនួនប្រមាណ៥៨២លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងគម្រោងសរុបចំនួន១៨៦គម្រោង៕