ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូបានអះអាងថា ផ្លូវជាតិលេខ ២ ក្រោមគម្រោងឥណទានសម្បទានចំនួន៤៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសប្បទានពីរដ្ឋាភិបាលកូរ៉េនឹងចាប់ផ្តើមស្ថានាឡើងវិញនៅ នៅក្នុងអំឡុងខែវិច្ឆិកា ឬ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។
លោក ស៊ុន ចាន់ថុល ក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន HANSHIN Engineering & Construction Co. Ltdនៅថ្ងៃទី ២៥ខែមិថុនា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថាគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ គឺរាប់ចាប់ពីតាខ្មៅ ដល់អូរចំបក់ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ដល់ទីប្រជុំជនអង្គតាសោម ។
-->
លោករដ្ឋមន្ត្រីក៏បានស្នើសុំការអធ្យាស្រ័យពីសំណាក់ពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ និងអ្នកធ្វើដំណើរនៅតាមបណ្តោយផ្លូវនេះ ក្នុងអំឡុងពេលការស្ថាបនាផ្លូវនេះ ។ ជាមួយគ្នា លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ ចំពោះក្រុមហ៊ុនដែលត្រូវសាងសង់ ត្រូវគិតគូពីសុវត្ថិភាព និងគុណភាពផងដែរ ព្រោះក្រសួងលែងត្រូវការធ្វើជាប់ទៀតហើយ គឺទទួលតែផ្លូវធ្វើរឹងមុំាង។
លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ ក្រុមការងារក្រសួងនឹងបន្តតាមដានយកចិត្តទុកដាក់ចំពោះគុណភាពផ្លូវនេះ ជាទីបំផុតកុំអោយធ្វើមុខ ខូចអាក្រោយ និងមិនចង់បានទៀតទេចាប់ពីនេះតទៅ។
គម្រោងផ្លូវជាតិលេខ២ គ្រោងនឹងចំណាយថវិកាប្រមាណ៤៥ លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលកូរ៉េ ដែលមានប្រវែង៦៦គីឡូម៉ែត្រ។ ក្នុងនោះចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់មានប្រវែង៥៧គីឡូម៉ែត្រ និង៩គីឡូម៉ែត្រ នៅលើផ្លូវជាតិលេខ២២គ្រោងក្រាលកៅស៊ូ AC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឲ្យបាន ១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល។ រីឯចាប់ពីរង្វង់មូលគួរស្រូវ ទៅទិសខាងត្បូងប្រវែង ៨គីឡូម៉ែត្រ គ្រោងនឹងសាងសង់ជា ៤គន្លង។
នៅពេល គម្រោងនេះត្រូវបានសាងសង់រួចរាល់ នឹងកាត់បន្ថយការកកស្ទះ នឹងសម្រួលដល់ចរាចរណ៍ជូនដល់ បងប្អូនប្រជាពលរដ្ឋ៕