ទីផ្សារ​ខុន​ដូ​របស់​ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​ និង​ដង្ហោយ​រក​ការសង្គ្រោះ​ពី​អ្នក​វិនិយោគ​ចិន​

0

ប្រែ​សម្រួល​ដោយ​ ម៉ា​ណេត​

បាង​កកៈ​ ទីផ្សារ​ខុន​ដូ​នៅ​ប្រទេស​ថៃ​បាន​ចាប់ផ្តើម​រង​វិបត្តិ​ ដោយសារ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ កំពុង​កើតឡើង​នៅ​ក្រុង​បាងកក​ ដែល​បាន​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​មាន​ក្តី​សង្ឃឹមលើ​ការ​លក់​បាន​យូនី​តបន្ថែម​ពី​អ្នកទិញ​បរទេស​ ជាពិសេស​ចិន​ដែល​បាន​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់​មួយ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

អ្នក​អភិវឌ្ឍន៍​ខុន​ដូ​មិន​អាច​បញ្ឈប់​បានទេ​ នៅពេល​ដែល​ពួកគេ​ចាប់ផ្តើម​សាងសង់​ មិន​ដូច​អ្នក​អភិវឌ្ឍ​ផ្ទះ​ដាច់ដោយឡែក​ និង​ផ្ទះ​លែ្វ​ងនោះ​ទេ​។ ម្យ៉ាងវិញទៀត​ អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​គ្រោង​សាងសង់​ គម្រោង​របស់​ពួកគេ​ជា​ដំណាក់កាល​ ហើយ​អាច​ពន្យារពេល​ដំណាក់កាល​ថ្មី​ ប្រសិនបើ​តម្រូវការ​ទីផ្សារ​ទន់ខ្សោយ​។ ទីក្រុង​បាងកក​មាន​ចំនួន​ ប្រហែល​ពាក់កណ្តាល​នៃ​ខុន​ដូ​នៅក្នុង​ប្រទេស​នេះ​ ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​កំពុង​ក្លាយជា​បញ្ហា​សម្រាប់​ទីក្រុង​បាងកក​។

ទីក្រុង​បាងកក​ មាន​ខុន​ដូ​យូនី​តសរុប​ចំនួន ៥៩១​,១៣៨​ ​នៅ​ដំណាច់ឆ្នាំ​ ២០១៨​។ ហើយ​មកទល់​បច្ចុប្បន្ន​ខុន​ដូ​ចំនួន៩០​,០០០យូនី​ត ផ្សេងទៀត​កំពុង​ត្រៀម​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០១៩​ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។ ចំនួន​ខុន​ដូ​ដែល​មិនទាន់​បាន​លក់​ចេញ​មាន​ចំនួន​សរុប​ប្រមាណ៤៨​,០០០​ គិត​ត្រឹម​ខែឧសភា​ ហើយ​ចំនួន​នេះ​ទំនងជា​នឹង​កើនឡើង​បន្ថែម​ទៀត​ នៅពេល​អគារ​ជាច្រើន​ត្រូវ​បាន​សាងសង់​បញ្ចប់​។

អ្នក​អភិវឌ្ឍន៍​ដែល​បាន​ចុះបញ្ជី​ គឺជា​អ្នក​ជំរុញ​ដ៏​សំខាន់​នៃ​ទីផ្សារ​ខុន​ដូ​ ហើយ​វា​ជា​ការ​លំបាក​សម្រាប់​ពួកគេ​ក្នុង​ការបញ្ឈប់​ការសាងសង់​។ ពួកគេ​ប្រឈម​នឹង​សម្ពាធ​ក្នុង​ការ​រីកចម្រើន​ជា​រៀងរាល់​ឆ្នាំ​ ទាំង​ប្រាក់ចំណូល​ និង​ប្រាក់ចំណេញ​។ ខណៈ​ពេល​ដែល​ពួកគេ​បន្ត​បើក​ដំណើរការ​គម្រោង​ថ្មី​ ដែល​ពួកគេ​សង្ឃឹមថានឹង​ទាក់ទាញ​អ្នកទិញ​ ពួកគេ​ក៏​ចំណាយពេល​ថែមទៀត​ ដើម្បី​ព្យាយាម​លក់​ចេញ​ខុន​ដូ​យូនី​ត។

ប៉ុន្តែ​អំណាច​នៃ​ការទិញ​របស់​ថៃ​ បាន​ធ្លាក់ចុះ​អស់​រយៈពេល៥ឆ្នាំ​មក​ហើយនិង​មិនទាន់​មាន​ភាព​ប្រសើរ​ឡើង​នៅឡើយ​ទេ​។ ប្រជាជន​ថៃ​ជាច្រើន​នៅតែ​មានការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នយោបាយ​ និង​ថា​តើ​រដ្ឋាភិបាល​ថ្មី​ អាច​ធ្វើឲ្យ​សេដ្ឋកិច្ច​វិល​ត្រលប់​មករ​កភាព​ប្រសើរ​ឡើងវិញ​បាន​ដែរ​ឬទេ​។ ដូច្នេះ​អ្នក​អភិវឌ្ឍន៍​កំពុង​ស្វែងរក​អ្នកទិញ​ដែល​មានអំណាច​ទិញ​ខ្ពស់​នៅក្នុង​ប្រទេស​ដទៃ​ ជាពិសេស​ចិន​នៅ​ហុងកុង​ និង​ចិន​ពី​តំបន់​ផ្សេង​ៗទៀត​។

យោង​តាម​ធនាគារ​ថៃ​បាន​ឲ្យដឹង​ថា​ អ្នកទិញ​បរទេស​មក​ពី​ហុងកុង​ និង​ចិន​មាន​ចំនួន៤៣ភាគរយ​ នៃ​ចំនួន​ទឹកប្រាក់៩២​,១៦ពាន់​លាន​បាត​ ដែល​ត្រូវ​បាន​ផ្ទេរ​ពី​បរទេស​ដោយ​ជនបរទេស​ទាំងអស់​ដើម្បី​ទិញ​ខុន​ដូ​នៅ​ថៃ​ក្នុង​ឆ្នាំ២០១៨​។

ប៉ុន្តែ​អ្នកទិញ​ជនជាតិ​ចិន​នា​ពេល​ថ្មី​ៗនេះ​ មានការ​ព្រួយបារម្ភ​អំពី​ចំនួន​ទឹកប្រាក់​ដែល​ពួកគេ​នឹង​ត្រូវ​ចំណាយ​។ តម្លៃ​ប្រា​ក់យ័ន​ធៀប​នឹង​ប្រាក់​បាត​បាន​ថយ​ចុះពី១០ភាគរយ​ ទៅ១២​ ភាគរយ​ចាប់តាំងពី​ដើមឆ្នាំ២០១៧​។ វា​មិនមែន​ជា​ការ​ធ្លាក់ចុះ​ដ៏​ធំ​បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​បាន​កើតឡើង​ ចំ​ពោះ​រ៉ូប៊ឺ​តរុស្ស៊ី​កាលពី​មួយ​ទសវត្សរ៍​មុន​ ប៉ុន្តែ​វា​គ្រប់គ្រាន់​ ដើម្បី​ធ្វើបាត់​បង់​ទំនុកចិត្ត​អ្នកទិញ​ជនជាតិ​ចិន​មួយចំនួន​។

ការ​ព្រួយបារម្ភ​របស់​ពួកគេ​គឺថា​ ប្រសិនបើ​ពួកគេ​ទិញ​អី​ឡូវ​នេះ​ ហើយ​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ខុន​ដូ​យូនី​ត ដែល​សាងសង់​រួចរាល់​ក្នុងរយៈពេល​មួយ​ឬ ពីរ​ឆ្នាំខាងមុខ​ លុយ​យ័ន​អាច​ធ្លាក់ចុះ​ជាង​មុន​អាស្រ័យ​លើ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​កំពុង​កើត​។

ដូចគ្នា​ដែរ​ អ្នកទិញ​ជនជាតិ​ចិន​ភាគច្រើន​ នៅក្នុង​ប្រទេស​ថៃ​កំពុងតែ​សម្លឹង​មើល​ការទិញ​អគារ​ខុន​ដូ​នៅ​ប្រទេស​ថៃ​ សម្រាប់​ការ​វិនិយោគ​តែប៉ុណ្ណោះ​ ដូច្នេះ​ប្រសិនបើ​ផល​ចំណេញ​ពី​ការ​វិនិយោគ​មានកម្រិត​ទាប​នោះ​ ពួកគេ​ជាច្រើន​ប្រហែលជា​មិន​ចង់​ផ្ទេរ​ខុន​ដូ​យូនី​តរបស់​ពួកគេ​ទេ​។ ក្នុង​ន័យ​នេះ​អ្នក​អភិវឌ្ឍន៍​ ដែល​បាន​ផ្សព្វផ្សាយ​ទីផ្សារ​ដល់​អ្នកទិញ​ជនជាតិ​ចិន​ ត្រូវតែ​មាន​ភាព​ត្រឹមត្រូវ​អំពី​ផល​ចំណេញ​ ទទួល​បាន​ពី​ការ​វិនិយោគ​ ដែល​រំពឹង​ទុក​ ហើយ​មិន​ត្រូវ​សន្យា​មិន​ពិត​ណាមួយ​ឡើយ​។

ប៉ុន្តែ​អ្នកទិញ​ជនជាតិ​ចិន​ នៅតែ​កំពុង​សម្លឹង​មើល​ការទិញ​ខុន​ដូ​ នៅក្នុង​ប្រទេស​ថៃ​ ជាពិសេស​នៅ​ទីក្រុង​បាងកក​ ដោយ​សារ​​តម្លៃ​អចលនទ្រព្យ​ នៅតែ​ទាប​ជាង​នៅ​ប្រទេស​ចិន​ ហើយ​អាច​រំពឹង​ថា​ ​នឹង​មានការ​កើនឡើង​តម្លៃ​នៅ​ពេល​អនាគត​។ ពួកគេ​រីករាយ​ក្នុង​ការរស់នៅ​ ធ្វើដំណើរ​ និង​ធ្វើការ​នៅ​បាងកក​ ដោយ​ផ្តល់​តម្លៃ​ទាប​នៃ​ការរស់នៅ​ និង​ភាព​ងាយស្រួល​ជាង​ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ចិន​៕

ប្រភព​៖ កាសែត​បាងកក​ប៉ុស្តិ៍​

LEAVE A REPLY

Please enter your comment!
Please enter your name here