ប្រែសម្រួលដោយ ម៉ាណេត
បាងកកៈ ទីផ្សារខុនដូនៅប្រទេសថៃបានចាប់ផ្តើមរងវិបត្តិ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ កំពុងកើតឡើងនៅក្រុងបាងកក ដែលបានជំរុញឲ្យអ្នកអភិវឌ្ឍន៍មួយចំនួនមានក្តីសង្ឃឹមលើការលក់បានយូនីតបន្ថែមពីអ្នកទិញបរទេស ជាពិសេសចិនដែលបានក្លាយជាទីផ្សារដ៏សំខាន់មួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកអភិវឌ្ឍន៍ខុនដូមិនអាចបញ្ឈប់បានទេ នៅពេលដែលពួកគេចាប់ផ្តើមសាងសង់ មិនដូចអ្នកអភិវឌ្ឍផ្ទះដាច់ដោយឡែក និងផ្ទះលែ្វងនោះទេ។ ម្យ៉ាងវិញទៀត អ្នកអភិវឌ្ឍន៍លំនៅដ្ឋានគ្រោងសាងសង់ គម្រោងរបស់ពួកគេជាដំណាក់កាល ហើយអាចពន្យារពេលដំណាក់កាលថ្មី ប្រសិនបើតម្រូវការទីផ្សារទន់ខ្សោយ។ ទីក្រុងបាងកកមានចំនួន ប្រហែលពាក់កណ្តាលនៃខុនដូនៅក្នុងប្រទេសនេះ ការផ្គត់ផ្គង់លើសតម្រូវការកំពុងក្លាយជាបញ្ហាសម្រាប់ទីក្រុងបាងកក។
-->
ទីក្រុងបាងកក មានខុនដូយូនីតសរុបចំនួន ៥៩១,១៣៨ នៅដំណាច់ឆ្នាំ ២០១៨។ ហើយមកទល់បច្ចុប្បន្នខុនដូចំនួន៩០,០០០យូនីត ផ្សេងទៀតកំពុងត្រៀមបញ្ចប់ការសាងសង់នៅឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ទៀត។ ចំនួនខុនដូដែលមិនទាន់បានលក់ចេញមានចំនួនសរុបប្រមាណ៤៨,០០០ គិតត្រឹមខែឧសភា ហើយចំនួននេះទំនងជានឹងកើនឡើងបន្ថែមទៀត នៅពេលអគារជាច្រើនត្រូវបានសាងសង់បញ្ចប់។
អ្នកអភិវឌ្ឍន៍ដែលបានចុះបញ្ជី គឺជាអ្នកជំរុញដ៏សំខាន់នៃទីផ្សារខុនដូ ហើយវាជាការលំបាកសម្រាប់ពួកគេក្នុងការបញ្ឈប់ការសាងសង់។ ពួកគេប្រឈមនឹងសម្ពាធក្នុងការរីកចម្រើនជារៀងរាល់ឆ្នាំ ទាំងប្រាក់ចំណូល និងប្រាក់ចំណេញ។ ខណៈពេលដែលពួកគេបន្តបើកដំណើរការគម្រោងថ្មី ដែលពួកគេសង្ឃឹមថានឹងទាក់ទាញអ្នកទិញ ពួកគេក៏ចំណាយពេលថែមទៀត ដើម្បីព្យាយាមលក់ចេញខុនដូយូនីត។
ប៉ុន្តែអំណាចនៃការទិញរបស់ថៃ បានធ្លាក់ចុះអស់រយៈពេល៥ឆ្នាំមកហើយនិងមិនទាន់មានភាពប្រសើរឡើងនៅឡើយទេ។ ប្រជាជនថៃជាច្រើននៅតែមានការព្រួយបារម្ភអំពីស្ថានភាពនយោបាយ និងថាតើរដ្ឋាភិបាលថ្មី អាចធ្វើឲ្យសេដ្ឋកិច្ចវិលត្រលប់មករកភាពប្រសើរឡើងវិញបានដែរឬទេ។ ដូច្នេះអ្នកអភិវឌ្ឍន៍កំពុងស្វែងរកអ្នកទិញដែលមានអំណាចទិញខ្ពស់នៅក្នុងប្រទេសដទៃ ជាពិសេសចិននៅហុងកុង និងចិនពីតំបន់ផ្សេងៗទៀត។
យោងតាមធនាគារថៃបានឲ្យដឹងថា អ្នកទិញបរទេសមកពីហុងកុង និងចិនមានចំនួន៤៣ភាគរយ នៃចំនួនទឹកប្រាក់៩២,១៦ពាន់លានបាត ដែលត្រូវបានផ្ទេរពីបរទេសដោយជនបរទេសទាំងអស់ដើម្បីទិញខុនដូនៅថៃក្នុងឆ្នាំ២០១៨។
ប៉ុន្តែអ្នកទិញជនជាតិចិននាពេលថ្មីៗនេះ មានការព្រួយបារម្ភអំពីចំនួនទឹកប្រាក់ដែលពួកគេនឹងត្រូវចំណាយ។ តម្លៃប្រាក់យ័នធៀបនឹងប្រាក់បាតបានថយចុះពី១០ភាគរយ ទៅ១២ ភាគរយចាប់តាំងពីដើមឆ្នាំ២០១៧។ វាមិនមែនជាការធ្លាក់ចុះដ៏ធំបើប្រៀបធៀបទៅនឹងអ្វីដែលបានកើតឡើង ចំពោះរ៉ូប៊ឺតរុស្ស៊ីកាលពីមួយទសវត្សរ៍មុន ប៉ុន្តែវាគ្រប់គ្រាន់ ដើម្បីធ្វើបាត់បង់ទំនុកចិត្តអ្នកទិញជនជាតិចិនមួយចំនួន។
ការព្រួយបារម្ភរបស់ពួកគេគឺថា ប្រសិនបើពួកគេទិញអីឡូវនេះ ហើយត្រូវផ្លាស់ប្តូរទៅខុនដូយូនីត ដែលសាងសង់រួចរាល់ក្នុងរយៈពេលមួយឬ ពីរឆ្នាំខាងមុខ លុយយ័នអាចធ្លាក់ចុះជាងមុនអាស្រ័យលើលក្ខខណ្ឌសេដ្ឋកិច្ច និងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកំពុងកើត។
ដូចគ្នាដែរ អ្នកទិញជនជាតិចិនភាគច្រើន នៅក្នុងប្រទេសថៃកំពុងតែសម្លឹងមើលការទិញអគារខុនដូនៅប្រទេសថៃ សម្រាប់ការវិនិយោគតែប៉ុណ្ណោះ ដូច្នេះប្រសិនបើផលចំណេញពីការវិនិយោគមានកម្រិតទាបនោះ ពួកគេជាច្រើនប្រហែលជាមិនចង់ផ្ទេរខុនដូយូនីតរបស់ពួកគេទេ។ ក្នុងន័យនេះអ្នកអភិវឌ្ឍន៍ ដែលបានផ្សព្វផ្សាយទីផ្សារដល់អ្នកទិញជនជាតិចិន ត្រូវតែមានភាពត្រឹមត្រូវអំពីផលចំណេញ ទទួលបានពីការវិនិយោគ ដែលរំពឹងទុក ហើយមិនត្រូវសន្យាមិនពិតណាមួយឡើយ។

ប៉ុន្តែអ្នកទិញជនជាតិចិន នៅតែកំពុងសម្លឹងមើលការទិញខុនដូ នៅក្នុងប្រទេសថៃ ជាពិសេសនៅទីក្រុងបាងកក ដោយសារតម្លៃអចលនទ្រព្យ នៅតែទាបជាងនៅប្រទេសចិន ហើយអាចរំពឹងថា នឹងមានការកើនឡើងតម្លៃនៅពេលអនាគត។ ពួកគេរីករាយក្នុងការរស់នៅ ធ្វើដំណើរ និងធ្វើការនៅបាងកក ដោយផ្តល់តម្លៃទាបនៃការរស់នៅ និងភាពងាយស្រួលជាង បើប្រៀបធៀបជាមួយប្រទេសចិន៕
ប្រភព៖ កាសែតបាងកកប៉ុស្តិ៍