វិធានការណ៍​ក្តៅ​៖ អភិបាលក្រុង​ភ្នំពេញ​ជំរុញ​ខណ្ឌ​ទាំង១៤ចុះ​ទប់ស្កាត់​សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទាំង១៤ចាត់វិធានការ​ទប់ស្កាត់​សំណង់​ គ្មាន​លិខិតអនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួ​ន។

លោក​ ឃួ​ងស្រេង​ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ផ្ញើរ​លិ​ខិមួ​យផ្ញើរ​ទៅកាន់​អភិបាលខណ្ឌ​ទាំង​ ១៤​ កាលពី​ថ្ងៃទី​ ២៤​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ បានឱ្យ​ដឹង​ថា​ កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ណែនាំ​ជាប្រចាំ​ ដល់​រដ្ឋបាល​ខណ្ឌ​ ឱ្យ​យកចិត្ត​ទុកដាក់​ទប់ស្កាត់​នូវ​រាល់​សំណង់​ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា​ “ទោះបីជា​មានការ​ណែនាំ​ ជាច្រើនលើក​ច្រើន​សារ​រួចហើយ​ក៏ដោយ​ ក៏​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅតែ​សង្កេតឃើញ​ថា​ សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​អនុញ្ញាត​សាងសង់​នៅតែ​កើតឡើង​ ជាបន្តបន្ទាប់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​”។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា​ ដូចនេះ​ដើម្បី​គ្រប់គ្រង់​ការសាងសង់​គ្រប់​ប្រភេទ​ឱ្យ​ស្របតាម​ប្លង់​គោល​រាជធានី​ភ្នំពេញ​ បទដ្ឋាន​គន​រូ​បនីយ​បញ្ញត្តិ​ និង​លក្ខណៈ​បច្ចេកទេស​សំណង់​នោះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ស្នើ​អភិបាលខណ្ឌ​ត្រូវ​ខិតខំ​ទប់ស្កាត់​រាល់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​ឱ្យ​ខាន​តែ​បាន​ និង​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ក្នុង​ន័យ​រឹត​បន្តឹង​ការគោរព​លិខិត​បទដ្ឋាន​គតិ​យុត្ត​ ក៏ដូចជា​ការធានា​បាន​នូវ​សុវត្ថិភាព​ និង​គុណភាព​ជូន​ប្រជាពលរដ្ឋ​។

លោ​កឃួង​ ស្រេង​បាន​បន្ថែម​ថា​ ក្នុងករណី​ដែល​សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​នៅតែ​កើតមាន​ ហើយ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ និង​បង្ក​ព្យសនកម្ម​ដល់អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ លោក​អភិបាលខណ្ឌ​ត្រូវ​ទទួល​នូវ​ពិន័យ​រដ្ឋបាល​ ទៅតាមច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​ មន្ត្រី​រាជការ​ស៊ីវិល​ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងទៅ​ នៅមុខ​គំនរ​សំណង់​បាក់​រលំ​ក្នុង​ក្រុង​ព្រះសីហនុ​ កន្លងមក​នេះ​ បាន​ដាក់កំហិត​ និង​ចាត់វិធានការ​ក្ដៅ​ទៅលើ​ការអនុវត្ត​ច្បាប់​សាងសង់​ និង​ការគ្រប់គ្រង​សំណង់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​បំផុត​។

សម្ដេច​តេជោ​បាន​បញ្ជាក់​ថា​ “ច្បាប់​សាងសង់​សំណង់​នានា​ ត្រូវតែ​យក​មក​អនុវត្ត​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ គ្មាន​ការលើកលែង​ គ្មាន​ការយោគយល់​ និង​គ្មាន​ការសម្រប​សម្រួល​នោះ​ឡើយ​”។ សម្ដេច​បញ្ជាក់​ថា​ “ច្បាប់​មាន​ត្រូវតែ​យក​មក​អនុវត្តន៍​ឱ្យ​មានប្រសិទ្ធភាព​។ អាជ្ញាធរ​ក្នុង​តំបន់​រាប់​ចាប់​គិត​ពី​ថ្នាក់​ស្រុក​ ឬខេត្ត​ឡើង​ទៅ​ ដែល​មិន​អាច​មាន​សិទ្ធិ​អំណាច​ ក្នុង​ការទប់ស្កាត់​ការសាងសង់​ខុសច្បាប់​ បានន័យ​ថា​គ្មាន​លទ្ធភាព​ក្នុង​ការគ្រប់គ្រង​”។

សម្ដេច​តេជោ​បាន​សង្កត់ធ្ងន់​ថា​ “បើសិនជា​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​រូប​ណា​ គ្មាន​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​ និង​អនុវត្ត​តាមច្បាប់​បាន​នោះ​ទេ​ ត្រូវ​ចុះចេញ​ឬនឹង​ត្រូវ​បាន​ដកចេញ​ពី​តំណែង​ជាបន្ទាន់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here