ដោយ វុត្ថា
ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ចាត់វិធានការទប់ស្កាត់សំណង់ គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក ឃួងស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានផ្ញើរលិខិមួយផ្ញើរទៅកាន់អភិបាលខណ្ឌទាំង ១៤ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ កន្លងមកនេះ បានឱ្យដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំជាប្រចាំ ដល់រដ្ឋបាលខណ្ឌ ឱ្យយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់សំណង់ ដែលគ្មានច្បាប់អនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
-->
លោកបន្តថា “ទោះបីជាមានការណែនាំ ជាច្រើនលើកច្រើនសាររួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសអនុញ្ញាតសាងសង់នៅតែកើតឡើង ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ”។
លោកអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ដូចនេះដើម្បីគ្រប់គ្រង់ការសាងសង់គ្រប់ប្រភេទឱ្យស្របតាមប្លង់គោលរាជធានីភ្នំពេញ បទដ្ឋានគនរូបនីយបញ្ញត្តិ និងលក្ខណៈបច្ចេកទេសសំណង់នោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើអភិបាលខណ្ឌត្រូវខិតខំទប់ស្កាត់រាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ឱ្យខានតែបាន និងឱ្យមានប្រសិទ្ធិភាព ក្នុងន័យរឹតបន្តឹងការគោរពលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាការធានាបាននូវសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ។
លោកឃួង ស្រេងបានបន្ថែមថា ក្នុងករណីដែលសំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់នៅតែកើតមាន ហើយបង្កឱ្យមានគ្រោះថ្នាក់ និងបង្កព្យសនកម្មដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ លោកអភិបាលខណ្ឌត្រូវទទួលនូវពិន័យរដ្ឋបាល ទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ នៅមុខគំនរសំណង់បាក់រលំក្នុងក្រុងព្រះសីហនុ កន្លងមកនេះ បានដាក់កំហិត និងចាត់វិធានការក្ដៅទៅលើការអនុវត្តច្បាប់សាងសង់ និងការគ្រប់គ្រងសំណង់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។
សម្ដេចតេជោបានបញ្ជាក់ថា “ច្បាប់សាងសង់សំណង់នានា ត្រូវតែយកមកអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ គ្មានការលើកលែង គ្មានការយោគយល់ និងគ្មានការសម្របសម្រួលនោះឡើយ”។ សម្ដេចបញ្ជាក់ថា “ច្បាប់មានត្រូវតែយកមកអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។ អាជ្ញាធរក្នុងតំបន់រាប់ចាប់គិតពីថ្នាក់ស្រុក ឬខេត្តឡើងទៅ ដែលមិនអាចមានសិទ្ធិអំណាច ក្នុងការទប់ស្កាត់ការសាងសង់ខុសច្បាប់ បានន័យថាគ្មានលទ្ធភាពក្នុងការគ្រប់គ្រង”។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា “បើសិនជាមន្ត្រីពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរូបណា គ្មានសមត្ថភាពក្នុងការគ្រប់គ្រង និងអនុវត្តតាមច្បាប់បាននោះទេ ត្រូវចុះចេញឬនឹងត្រូវបានដកចេញពីតំណែងជាបន្ទាន់”៕
