តម្លៃ​មាស​កើនឡើង​ខ្ពស់​បំផុត​មិនធ្លាប់​មាន​ពីមុន​មក​ អំឡុង​ពេល​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ពិភពលោក​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ តម្លៃ​មាស​បាន​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​នៅ​សប្តាហ៍​នេះ​ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល​ ៦ ឆ្នាំ​ចុង​នេះ​ នៅពេល​វិនិយោគិន​បាន​បង្កើន​ការទិញ​មាស​របស់​ខ្លួន​ ចំ​ពេល​ដែល​មាន​ភាព​តានតឹង​សកលលោក​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​ ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​ និង​ចិន​ និង​ភាព​តានតឹង​ផ្នែក​យោធា​រវាង​អាមេរិក​និង​ អ៊ីរ៉ង់​។

យោង​តាម​ក្រុម​អ្នកវិភាគ​បាន​ឲ្យ​ថា​ តម្លៃ​មាស​អាច​ឡើង​ដល់​ ១,៥០០​ ដុល្លារ​ក្នុង​មួយ​អោន​ (ឬប្រហែល​ ៣១​ ក្រាម​) នៅ​ចុងឆ្នាំ​នេះ​។

តម្លៃ​មាស​បាន​កើនឡើង​ ១០​ ភាគរយ​ ក្នុងរយៈពេល​ ៤ សប្តាហ៍​ចុងក្រោយ​នេះ​រហូតដល់​ជាង​ ១,៤០០​ ដុល្លារ​ក្នុង​មួយ​អោន​ជាលើកដំបូង​ចាប់តាំងពី​ឆ្នាំ​ ២០១៣​។

ការទិញ​មាស​ត្រូវ​បាន​ចាត់ទុកថា​ជា​ការ​វិនិយោគ​ប្រកបដោយ​សុវត្ថិភាព​ក្នុងអំឡុងពេល​នៃ​ភាព​ចលាចល​សេដ្ឋកិច្ច​ និង​នយោបាយ​។ លោហៈ​ធាតុ​មានតម្លៃ​ពិតប្រាកដ​ បើ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ជាតិ​ដែល​មិន​មានការ​គាំទ្រ​ជុំវិញ​ពិភពលោក​។

ធនាគារ​កណ្តាល​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ក៏បាន​ទិញ​មាស​ផង​ដែរ​នៅ​តាម​អត្រាកំណើន​ដែល​មិនធ្លាប់​បានឃើញ​រាប់​ទសវត្ស​មក​ហើយ​។ យោង​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក​ បាន​ឲ្យដឹង​ថា​ ទុនបម្រុង​មាស​របស់​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​បាន​កើនឡើង​ ៦៥១,៥​ តោន​ដែល​កើនឡើង​ ៧៤​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ធនាគារ​កណ្តាល​របស់​ចិន​បាន​ទិញ​មាស​នៅ​ឆ្នាំនេះ​ដោយ​បាន​ចាក់​បញ្ចូល​មាស​បន្ថែម​ជិត​ ៧៣,៨៦​ តោន​ទៅ​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​។ យោង​តាម​របាយការណ៍​មួយ​ពី​ធនាគារ​កណ្តាល​ចិន​ បាន​ឲ្យដឹង​ថា​ បច្ចុប្បន្ន​ ទុនបម្រុង​ជា​មាស​របស់​ប្រទេស​នេះ​មានតម្លៃ​ ៧៩,៨៣​ ពាន់​លាន​ដុល្លារ​។

យោង​តាម​លោកស្រី​ Helen​ Lau​ អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​ Argonaut​ Securities​ បាន​ឲ្យដឹង​ថា​ អាជ្ញាធរ​ចិន​កំពុង​ស្វែងរក ​«ការ​ធ្វើ​ពិពិធ​កម្ម​»ដោយ​មិន​ពឹង​លើ​ទុនបម្រុង​ជា​ប្រាក់​ដុល្លារ​។ អ្នកជំនាញ​ខាង​ជួញ​ដូ​ បាន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​ទៅ​រក​ការ​រក្សា​មាស​ទុក​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គឺ​ដើម្បី​ពង្រីក​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​ដែល​គិតជា​ទឹកប្រាក់​ចំនួន​ ៣,១​ ពាន់​ពាន់​លាន​ដុល្លារ​ដែល​ជា​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​ ដោយ​រំពឹង​ថា​ ធនាគារ​កណ្តាល​អាមេរិក​ និង​ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​កាត់បន្ថយ​អត្រា​ការប្រាក់​ដែល​នឹង​ធ្វើ​ឱ្យប្រាក់​ដុល្លារ​ និង​ប្រាក់​អឺ​រ៉ូ​ចុះ​ខ្សោយ​។ប្រទេស​រុស្ស៊ី​ក៏បាន​បន្ថែម​មាស​ជិត​ ២៧៤​ តោន​ជា​ទុនបម្រុង​របស់​ខ្លួន​កាលពី​ឆ្នាំមុន​ផង​ដែរ​។

ក្នុងរយៈពេល​ ៥ ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ប្រទេស​រុស្ស៊ី​បាន​បន្ថែម​មាស​ ៧៨​ តោន​ជា​ទុនបម្រុង​របស់​ខ្លួន​។ក្រុម​អ្នកវិភាគ​វិនិយោគ​បាន​បារម្ភ​ពីជ​ម្លោះ​ពាណិជ្ជកម្ម​ដែល​បាន​ចាប់ផ្តើម​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ ហើយនឹង​ធ្វើឲ្យខូច​ដល់​ការ​រីកចម្រើន​ និង​ជំរុញ​ឲ្យ​អតិថិជន​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ទៅជា​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​ប្រពៃណី​។

ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​កើតឡើង​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​នេះ​ នៅពេល​ដែល​នាវា​ដឹក​ប្រេង​ពីរ​គ្រឿង​ត្រូវ​បាន​វាយប្រហារ​នៅក្នុង​ឈូងសមុទ្រ​អូម៉ង់​ ហើយ​ក្រោយមក​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋអាមេរិក​ដែល​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​ទាំងពីរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here