ដោយ Donald Lee
ភ្នំពេញ៖ តម្លៃមាសបានឡើងដល់កំរិតខ្ពស់បំផុតនៅសប្តាហ៍នេះដែលមិនធ្លាប់មានក្នុងរយៈពេល ៦ ឆ្នាំចុងនេះ នៅពេលវិនិយោគិនបានបង្កើនការទិញមាសរបស់ខ្លួន ចំពេលដែលមានភាពតានតឹងសកលលោកពីការធ្លាក់ចុះសេដ្ឋកិច្ចសកល ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មអាម៉េរិក និងចិន និងភាពតានតឹងផ្នែកយោធារវាងអាមេរិកនិង អ៊ីរ៉ង់។
យោងតាមក្រុមអ្នកវិភាគបានឲ្យថា តម្លៃមាសអាចឡើងដល់ ១,៥០០ ដុល្លារក្នុងមួយអោន (ឬប្រហែល ៣១ ក្រាម) នៅចុងឆ្នាំនេះ។
-->
តម្លៃមាសបានកើនឡើង ១០ ភាគរយ ក្នុងរយៈពេល ៤ សប្តាហ៍ចុងក្រោយនេះរហូតដល់ជាង ១,៤០០ ដុល្លារក្នុងមួយអោនជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៣។
ការទិញមាសត្រូវបានចាត់ទុកថាជាការវិនិយោគប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលនៃភាពចលាចលសេដ្ឋកិច្ច និងនយោបាយ។ លោហៈធាតុមានតម្លៃពិតប្រាកដ បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណជាតិដែលមិនមានការគាំទ្រជុំវិញពិភពលោក។
ធនាគារកណ្តាលជាច្រើននៅជុំវិញពិភពលោកក៏បានទិញមាសផងដែរនៅតាមអត្រាកំណើនដែលមិនធ្លាប់បានឃើញរាប់ទសវត្សមកហើយ។ យោងតាមក្រុមប្រឹក្សាមាសពិភពលោក បានឲ្យដឹងថា ទុនបម្រុងមាសរបស់ធនាគារកណ្តាលនៅជុំវិញពិភពលោកបានកើនឡើង ៦៥១,៥ តោនដែលកើនឡើង ៧៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ធនាគារកណ្តាលរបស់ចិនបានទិញមាសនៅឆ្នាំនេះដោយបានចាក់បញ្ចូលមាសបន្ថែមជិត ៧៣,៨៦ តោនទៅក្នុងទុនបម្រុងរបស់ខ្លួន។ យោងតាមរបាយការណ៍មួយពីធនាគារកណ្តាលចិន បានឲ្យដឹងថា បច្ចុប្បន្ន ទុនបម្រុងជាមាសរបស់ប្រទេសនេះមានតម្លៃ ៧៩,៨៣ ពាន់លានដុល្លារ។
យោងតាមលោកស្រី Helen Lau អ្នកវិភាគប្រចាំក្រុមហ៊ុន Argonaut Securities បានឲ្យដឹងថា អាជ្ញាធរចិនកំពុងស្វែងរក «ការធ្វើពិពិធកម្ម»ដោយមិនពឹងលើទុនបម្រុងជាប្រាក់ដុល្លារ។ អ្នកជំនាញខាងជួញដូ បាននិយាយថា ការផ្លាស់ប្តូរទៅរកការរក្សាមាសទុកដោយរដ្ឋាភិបាលទីក្រុងប៉េកាំងគឺដើម្បីពង្រីកទុនបម្រុងរូបិយប័ណ្ណបរទេសដែលគិតជាទឹកប្រាក់ចំនួន ៣,១ ពាន់ពាន់លានដុល្លារដែលជាទំហំធំបំផុតរបស់ពិភពលោក ដោយរំពឹងថា ធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលអឺរ៉ុបនឹងកាត់បន្ថយអត្រាការប្រាក់ដែលនឹងធ្វើឱ្យប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចុះខ្សោយ។ប្រទេសរុស្ស៊ីក៏បានបន្ថែមមាសជិត ២៧៤ តោនជាទុនបម្រុងរបស់ខ្លួនកាលពីឆ្នាំមុនផងដែរ។
ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ប្រទេសរុស្ស៊ីបានបន្ថែមមាស ៧៨ តោនជាទុនបម្រុងរបស់ខ្លួន។ក្រុមអ្នកវិភាគវិនិយោគបានបារម្ភពីជម្លោះពាណិជ្ជកម្មដែលបានចាប់ផ្តើមដោយលោកប្រធានាធិបតីអាមេរិក Donald Trump ហើយនឹងធ្វើឲ្យខូចដល់ការរីកចម្រើន និងជំរុញឲ្យអតិថិជនពង្រីកការវិនិយោគរបស់ខ្លួនទៅជាការវិនិយោគដែលមានលក្ខណៈប្រពៃណី។
ភាពតានតឹងផ្នែកនយោបាយនៅទូទាំងពិភពលោកត្រូវបានកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ នៅពេលដែលនាវាដឹកប្រេងពីរគ្រឿងត្រូវបានវាយប្រហារនៅក្នុងឈូងសមុទ្រអូម៉ង់ ហើយក្រោយមកអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកដែលបានបង្កឲ្យមានជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរ៕