រដ្ឋាភិបាល​កំពុង​រៀប​ផែនការ​ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​តាម​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​នឹង​កំពុង​រៀបចំផែនការ​មេ​ ដើម្បី​អភិវឌ្ឍន៍​ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ (IDP​) ឆ្នាំ២០១៥​-២០២៥​។

លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បានឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​របស់​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពី​ពេល​ថ្មី​ៗនេះ​ ថា​ ​រាជរដ្ឋាភិបាល​តម្រូវ​ឱ្យ​រួមបញ្ចូល​នូវ​ទិដ្ឋភាព​ចក្ខុវិស័យ​វែងឆ្ងាយ​ជាច្រើន​ក្នុង​ផែនការមេ​ដោយ​ឈរ​លើ​គោលការណ៍​សំ​ខាន់​ៗ ដូចជា​ តំបន់​ដែល​មាន​នូវ​បច្ចេកវិទ្យា​វ័យ​ឆ្លាត​ បរិក្ខារ​ សម្រាប់​រស់នៅ​លំដាប់​ពិភពលោក​ (World​ Class​ Facility​) បរិស្ថាន​បៃតង​ តំបន់ឧស្សាហកម្ម​ និង​ជា​ប៉ូល​ សេដ្ឋកិច្ច​ដ៏​សំខាន់​ ដើម្បី​បម្រើ​ឱ្យ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ក្នុង​តំបន់​ និង​ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដែល​មាន​ ជំនាញ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ ដើម្បី​គាំទ្រ​វិស័យ​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ ទំនើប​ និង​នវានុវត្តន៍​។

លោក​បន្ដ​ថា​ ទិដ្ឋភាព​ចក្ខុវិស័យ​វែងឆ្ងាយ​មួយទៀត​គឺ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយជា​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ខ្សែក្រវាត់​បៃតង​ កសិ​ កម្ម​និង​តំបន់​លំនៅឋាន​ ព្រមទាំង​គិតគូរ​ដល់​ការ​ផ្គត់ផ្គង់​សេវា​សាធារណៈ​ដែល​មានគុណ​ភាព​ ស្តង់ដារ​ខ្ពស់​។

ទន្ទឹម​នេះ​ ដោយមាន​ការចូលរួម​សហការ​សម្របសម្រួល​ និង​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (United​ Nations​ Industrial​ Development​ Organization​) ហៅ​កាត់​ថា​ UNIDO​ កិច្ចប្រជុំ​បាន​អញ្ជើញលោក​ ស៊ាវ​ ស៊ី​ម៉ា​ (Xiao​ SIMA​) នាយក​វិទ្យាស្ថាន​នគរ​រូប​នី​យក​ម្ម​ និង​ឌី​សាញ​ស៊ិន​ជិន​ (Urban​ Planning​ and​ Design​ Institute​ of​ Shenzhen​ ហៅ​កាត់​ថា​ UPDIS​) ប្រទេស​ចិន​ដឹកនាំ​ក្រុមការងារ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​លទ្ធផល​នៃ​ការសិក្សា​បឋម​ពី​គម្រោង​ផែនការមេ​នេះ​។

ជាមួយគ្នា​នេះ​ វិទ្យាស្ថាន​ UPDIS​ បាន​ចែក​ រំលែក​ពី​បទពិសោធន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​នា​បណ្តា​ប្រទេស​ជាច្រើន​ដែល​រៀបចំ​និង​អនុវត្ត​ដោយ​វិទ្យាស្ថាន​ UPDIS​ ក្នុង​នោះ​មាន​ ដំណើរការ​នៃ​ការអភិវឌ្ឍន៍​ទីក្រុង​ស៊ិន​ជិន​ ប្រទេស​ចិន​ ដែល​បាន​ប្រែក្លាយ​ពីអ​តី​តតំបន់​ភូមិ​នេសាទ​ មក​ជាទី​ក្រុង​មួយ​ដ៏​ស្រស់​ត្រកាល​ និង​មាន​ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​ ទំនើប​ប្រកបដោយ​នវានុវត្តន៍​ខ្ពស់​ ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ប្រភេទ​ទីក្រុង​វ័យ​ឆ្លាត​ (SMART​ CITY​)។

ជាមួយគ្នា​នេះ​ ការរៀបចំ​ផែនការ​អភិវឌ្ឍ​ទីក្រុង​ស៊ិន​ជិន​នេះ​ គឺ​មានការ​គិតគូរ​យ៉ាង​ល្អិតល្អន់​ ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​, ការរៀបចំ​សំណង់​អគារ​, តំបន់​លំនៅឋាន​, ការកំណត់​តំបន់ឧស្សាហកម្ម​, តំបន់ការពារបរិស្ថាន​។ល។ ដែល​រៀបចំ​បាន​យ៉ាង​មាន​របៀបរៀបរយ​ និង​មាន​លក្ខណៈ​ច្នៃប្រឌិត​ខ្ពស់​ប្រកបដោយ​សោភណភាព​ និង​ផាសុ​ខភាព​គួរ​ឱ្យ​ចង់​រស់នៅ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here