ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននឹងកំពុងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥។

-->
លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងក្នុងកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ ថា រាជរដ្ឋាភិបាលតម្រូវឱ្យរួមបញ្ចូលនូវទិដ្ឋភាពចក្ខុវិស័យវែងឆ្ងាយជាច្រើនក្នុងផែនការមេដោយឈរលើគោលការណ៍សំខាន់ៗ ដូចជា តំបន់ដែលមាននូវបច្ចេកវិទ្យាវ័យឆ្លាត បរិក្ខារ សម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility) បរិស្ថានបៃតង តំបន់ឧស្សាហកម្ម និងជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សដែលមាន ជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យា ទំនើប និងនវានុវត្តន៍។
លោកបន្ដថា ទិដ្ឋភាពចក្ខុវិស័យវែងឆ្ងាយមួយទៀតគឺធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ខ្សែក្រវាត់បៃតង កសិ កម្មនិងតំបន់លំនៅឋាន ព្រមទាំងគិតគូរដល់ការផ្គត់ផ្គង់សេវាសាធារណៈដែលមានគុណភាព ស្តង់ដារខ្ពស់។
ទន្ទឹមនេះ ដោយមានការចូលរួមសហការសម្របសម្រួល និងគាំទ្រពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (United Nations Industrial Development Organization) ហៅកាត់ថា UNIDO កិច្ចប្រជុំបានអញ្ជើញលោក ស៊ាវ ស៊ីម៉ា (Xiao SIMA) នាយកវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning and Design Institute of Shenzhen ហៅកាត់ថា UPDIS) ប្រទេសចិនដឹកនាំក្រុមការងារធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាបឋមពីគម្រោងផែនការមេនេះ។
ជាមួយគ្នានេះ វិទ្យាស្ថាន UPDIS បានចែក រំលែកពីបទពិសោធន៍នៃគម្រោងអភិវឌ្ឍន៍ទីក្រុងនាបណ្តាប្រទេសជាច្រើនដែលរៀបចំនិងអនុវត្តដោយវិទ្យាស្ថាន UPDIS ក្នុងនោះមាន ដំណើរការនៃការអភិវឌ្ឍន៍ទីក្រុងស៊ិនជិន ប្រទេសចិន ដែលបានប្រែក្លាយពីអតីតតំបន់ភូមិនេសាទ មកជាទីក្រុងមួយដ៏ស្រស់ត្រកាល និងមានហេដ្ឋា រចនាសម្ព័ន្ធ ទំនើបប្រកបដោយនវានុវត្តន៍ខ្ពស់ ដែលត្រូវបានគេចាត់ទុកថាជាប្រភេទទីក្រុងវ័យឆ្លាត (SMART CITY)។

ជាមួយគ្នានេះ ការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិននេះ គឺមានការគិតគូរយ៉ាងល្អិតល្អន់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ទាំងហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំសំណង់អគារ, តំបន់លំនៅឋាន, ការកំណត់តំបន់ឧស្សាហកម្ម, តំបន់ការពារបរិស្ថាន។ល។ ដែលរៀបចំបានយ៉ាងមានរបៀបរៀបរយ និងមានលក្ខណៈច្នៃប្រឌិតខ្ពស់ប្រកបដោយសោភណភាព និងផាសុខភាពគួរឱ្យចង់រស់នៅ៕
