ក្រុមហ៊ុន​រ៉ែ​ដ៏​ធំ​របស់​អូស្ត្រាលី​បោះទុន​វិនិយោគ ១៦០លាន​ដុល្លារ​រ៉ុ​ករ​ករ៉ែ​មាស​នៅ​ខេត្តមណ្ឌលគិរី​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​: ក្រុមហ៊ុន​រុករក​រ៉ែ​ Emerald​ Resources​ ដែល​ចុះបញ្ជី​នៅ​ប្រទេស​អូស្រ្តាលី​បាន​ប្រកាស​ថា​ ខ្លួន​បាន​ទទួល​ទុន​វិនិយោគ​បន្ថែមចំនួន​ជិត១៦០លាន​ដុល្លារ​ សម្រាប់​គម្រោង​រុករក​រ៉ែ​មាស​នៅ​មណ្ឌលគិរី​។

ទឹកប្រាក់​នេះ​ជា​ការ​ផ្តល់​ទុន​ពី​ក្រុមហ៊ុន​ Sprott​ Private​ Resources​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ហិរញ្ញប្បទាន​រុករក​រ៉ែ​នៅ​ប្រទេស​កាណាដា​ បាន​យល់ព្រម​លើ​ការ​វិនិយោគ៦០លាន​ដុល្លារ​ សម្រាប់​ក្រុមហ៊ុន​រុករក​រ៉ែ​នៅ​មណ្ឌលគិរី​ដែល​ហៅថា​ “គម្រោង​អូរ​រ៉ែ​មាស​ខ្វាវ​”ជា​ជំ​ហ៊ាន​ដំបូង​ និង​បាន​សន្យា​ផង​ដែរ​ថា​នឹង​វិនិយោគ​ ទឹកប្រាក់​បន្ថែមចំនួន១០០​ លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​នេះ​នា​ពេល​អនាគត​។

លោក​ Morgan​ Hart​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Emerald​ បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ថា​ “ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ Emerald​ របស់​ក្រុមហ៊ុន​ Sprott​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​រ៉ែ​មាស​អូរ​ខ្វាវ​ គឺ​ធ្វើតាម​ដំណើរការ​បច្ចេកទេស​ហ្មត់ចត់​ដែល​បង្ហាញ​ពី​លក្ខណៈ​រឹងមាំ​នៃ​គម្រោង​”។

លោក​បាន​បន្ថែម​ថា​ “វា​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ ក្នុង​ការ​ក្លាយជា​អ្នក​ផលិត​មាស​សម័យ​ទំនើប​ដ៏​ទំនើប​ដំបូង​គេ​”។

ការសិក្សា​លទ្ធភាព​នៃ​ការរុករក​រ៉ែ​មាស​នៅ​មណ្ឌលគិរី​ កាលពី​ឆ្នាំ២០១៧​ បាន​រក​ឃើញ​ថ្ម​ដែល​ផ្ទុក​ដោយ​រ៉ែ​មាស​មាន​ចំនួន១៤​,៣លាន​តោន​។

តម្លៃ​មាស​បាន​ឡើង​ដល់កម្រិត​ខ្ពស់​បំផុត​ក្នុង​សប្តាហ៍​នេះ​ ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល៦ឆ្នាំ​កន្លងមក​នេះ​ នៅពេល​វិនិយោគិន​បាន​បង្កើន​ការ​វិនិយោគ​ លើ​មាស​របស់​ខ្លួន​ចំ​ពេល​ដែល​ភាព​តានតឹង​សេដ្ឋកិច្ច​ និង​នយោបាយ​សកល​។

យោង​តាម​ក្រុម​អ្នកវិភាគ​បាន​ឲ្យដឹង​ថា​ តម្លៃ​មាស​បាន​កើនឡើង១០ភាគរយ​ក្នុងរយៈពេល៤សប្តាហ៍​ចុងក្រោយ​នេះ​ ដែល​តម្លៃ​មាស​ស្មើនឹង​ប្រមាណ ១​,៤០០​ដុល្លារ​ក្នុង​មួយ​អោន​ជាលើកដំបូង​ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ២០១៣​ ហើយ​តម្លៃ​អាច​មាស​នឹង​ឡើង​ដល់​ ១,៥០០​ ដុល្លារ​ក្នុង​មួយ​អោន​ (ឬប្រហែល​ ៣១​ ក្រាម​) នៅ​ចុងឆ្នាំ​នេះ​។

ការ​វិនិយោគ​លើ​មាស​ត្រូវ​បាន​ចាត់ទុកថា​ ជា​ការ​វិនិយោគ​ប្រកបដោយ​សុវត្ថិភាព​ ក្នុងអំឡុងពេល​នៃ​ភាព​ចលាចល​សេដ្ឋកិច្ច​ និង​នយោបាយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here