ដោយ Donald Lee
ភ្នំពេញ: ក្រុមហ៊ុនរុករករ៉ែ Emerald Resources ដែលចុះបញ្ជីនៅប្រទេសអូស្រ្តាលីបានប្រកាសថា ខ្លួនបានទទួលទុនវិនិយោគបន្ថែមចំនួនជិត១៦០លានដុល្លារ សម្រាប់គម្រោងរុករករ៉ែមាសនៅមណ្ឌលគិរី។
ទឹកប្រាក់នេះជាការផ្តល់ទុនពីក្រុមហ៊ុន Sprott Private Resources ដែលជាក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានរុករករ៉ែនៅប្រទេសកាណាដា បានយល់ព្រមលើការវិនិយោគ៦០លានដុល្លារ សម្រាប់ក្រុមហ៊ុនរុករករ៉ែនៅមណ្ឌលគិរីដែលហៅថា “គម្រោងអូររ៉ែមាសខ្វាវ”ជាជំហ៊ានដំបូង និងបានសន្យាផងដែរថានឹងវិនិយោគ ទឹកប្រាក់បន្ថែមចំនួន១០០ លានដុល្លារសម្រាប់ការអភិវឌ្ឍគម្រោងនេះនាពេលអនាគត។
-->
លោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Emerald បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា “ការផ្តល់ហិរញ្ញប្បទានដល់ Emerald របស់ក្រុមហ៊ុន Sprott ក្នុងការអភិវឌ្ឍគម្រោងរ៉ែមាសអូរខ្វាវ គឺធ្វើតាមដំណើរការបច្ចេកទេសហ្មត់ចត់ដែលបង្ហាញពីលក្ខណៈរឹងមាំនៃគម្រោង”។
លោកបានបន្ថែមថា “វាគាំទ្រដល់យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ក្នុងការក្លាយជាអ្នកផលិតមាសសម័យទំនើបដ៏ទំនើបដំបូងគេ”។
ការសិក្សាលទ្ធភាពនៃការរុករករ៉ែមាសនៅមណ្ឌលគិរី កាលពីឆ្នាំ២០១៧ បានរកឃើញថ្មដែលផ្ទុកដោយរ៉ែមាសមានចំនួន១៤,៣លានតោន។
តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងសប្តាហ៍នេះ ដែលមិនធ្លាប់មានក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ នៅពេលវិនិយោគិនបានបង្កើនការវិនិយោគ លើមាសរបស់ខ្លួនចំពេលដែលភាពតានតឹងសេដ្ឋកិច្ច និងនយោបាយសកល។
យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា តម្លៃមាសបានកើនឡើង១០ភាគរយក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ ដែលតម្លៃមាសស្មើនឹងប្រមាណ ១,៤០០ដុល្លារក្នុងមួយអោនជាលើកដំបូង ដោយគិតចាប់តាំងពីឆ្នាំ២០១៣ ហើយតម្លៃអាចមាសនឹងឡើងដល់ ១,៥០០ ដុល្លារក្នុងមួយអោន (ឬប្រហែល ៣១ ក្រាម) នៅចុងឆ្នាំនេះ។
ការវិនិយោគលើមាសត្រូវបានចាត់ទុកថា ជាការវិនិយោគប្រកបដោយសុវត្ថិភាព ក្នុងអំឡុងពេលនៃភាពចលាចលសេដ្ឋកិច្ច និងនយោបាយ៕