ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានអះអាងថា ដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៥១ និងតំបន់ជុំវិញកំពុងមានសក្តានុពលកាន់តែខ្លាំងជាមួយនឹងកំនើនតម្លៃហក់ឡើងស្ទើរមិនគួរឲ្យជឿ។
សកម្មភាពនៃការអភិវឌ្ឍន៍នៅតាមផ្លូវជាតិលេខ៥១នេះ បាននិងកំពុងតែកើនឡើងជាបន្តបន្ទាប់ ជាពិសេសវត្តមានរបស់ឃ្លាំងស្តុកទំនិញ និងគម្រោងរោងចក្រ សហគ្រាសនានានឹងចាកចេញពីរាជធានី ឆ្ពោះទៅកាន់តំបន់នេះនាពេលខាងមុខ ដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើងរហូតដល់៥០ភាគរយ និងតំបន់ខ្លះបានកើនឡើងក្នុងកម្រិតទ្វេរដង។
-->
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទឱ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៨ មិថុនាកន្លងមកថា ស្ថានភាពនៃការអភិវឌ្ឍនៅតំបន់ផ្លូវ៥១ និងតំបន់ជុំវិញ កំពុងតែមានសកម្មភាពល្អប្រសើរ។ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ជាតំបន់មានសក្តានុពលទៅលើការសាងសង់រោងចក្រ សហគ្រាស ឃ្លាំង និងឧស្សាហកម្មផ្សេងៗ។
លោកស្រីបន្តទៀតថា “នៅតំបន់នេះនៅឆ្ងាយពីក្រុង ដែលស្របទៅនឹងការសម្រេចរបស់រដ្ឋាភិបាល ដែលតម្រូវឱ្យវិស័យទាំងអស់ខាងលើនេះចាកចេញពីក្រុង និងនៅជិតផ្លូវជាតិសំខាន់ៗមួយចំនួនក្នុងការដឹកជញ្ជូន ដូចជា ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ដែលមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពងផែក្រុងព្រះសីហនុ”។
អនុប្រធានសមាគមអ្នកជំនាញអលចលនទ្រព្យកម្ពុជា ទទួលបន្ទុកផ្នែកវាយតម្លៃអចលនវត្ថុ លោកចក់ ស៊ីណាត បានទទួលស្គាល់នូវសកម្មភាពនៃការអភិវឌ្ឍ និងតម្រូវការនៃការប្រើប្រាស់ដីនៅតំបន់នេះ។
លោកបានបន្តទៀតថា “នៅពេលដែលមានសកម្មភាពអភិវឌ្ឍន៍ គឺទាមទារឱ្យមានតម្រូវការនៃការប្រើប្រាស់ដី ដែលកត្តាមួយជំរុញឱ្យតម្លៃដីធ្លី មានការកើនឡើងដោយស្វ័យប្រវត្តិ”។
លោកបានបន្តទៀតថា កាលពីប៉ុន្មានឆ្នាំមុន តម្លៃដីដែលស្ថិតនៅតំបន់ផ្លូវ៥១ មានក្នុងចន្លោះពី ២៥-៤០ដុល្លារក្នុងមួយម៉ែត្រតែប៉ុណ្ណោះ ហើយចំពោះដីដែលមានស្ថានភាពល្អមានតម្លៃត្រឹមប្រមាណ៥០-៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែពេលនេះតម្លៃដីដែលស្ថិតនៅទីតាំងដដែលបានកើនឡើងខ្ពស់ ដែលគិតជាមធ្យមភាគ ក្នុងចន្លោះពី ៣៥-៥០ ភាគរយ ខណៈដែលសកម្មភាពនៃតម្រូវការប្រើប្រាស់ដីកាន់តែមានច្រើន។
លោកស៊ីណាតបានបន្តទៀតថា “តម្លៃដីនៅពេលនេះ មិនទាន់ដល់កម្រិតកំពូលនៅឡើយនោះទេ វានៅមានឱកាសអាចឡើងបន្តទៀត ដែលផ្តល់ភាពល្អប្រសើរសម្រាប់អ្នកវិនិយោគ”។
អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា លោក ង៉ែត ជូ បានមានប្រសាសន៍ផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ តំបន់ស្ថិតនៅជាប់ផ្លូវ៥១ លែងស្ថិតនៅក្នុងភាពឯកាទៀតហើយ ព្រោះជាធម្មតាពីមួយឆ្នាំទៅមួយឆ្នាំ កំណើនប្រជាសាស្ត្រតែងមានការកើនឡើង ជាពិសេសនៅតាមតំបន់ជាយរាជធានីភ្នំពេញតែម្ដង”។
លោកបានបន្តថា “បច្ចុប្បន្នគម្រោងអភិវឌ្ឍរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចាកចេញពីតំបន់កណ្តាលក្រុងមកដល់តំបន់ជាយក្រុងហើយ”។លោកបន្តទៀតថា “នៅពេលកំណើនមនុស្សកាន់តែច្រើន ទីក្រុងកាន់តែពង្រីកវិសាលភាពរបស់ខ្លួន ជាក់ស្ដែងពេលនេះតំបន់ទំនប់កប់ស្រូវ និងតំបន់បឹងតាម៉ោក កំពុងតែមានភាពទាក់ទាញខ្លាំងពីសំណាក់អ្នកអភិវឌ្ឍ ដែលវាក៏នឹងជម្រុញវិសាលភាពនៃការអភិវឌ្ឍនឹងពង្រីកទៅដល់តំបន់ខាងលើនេះ ស្របពេលដែលគម្រោងសំណង់រោងចក្រ សហគ្រាស និងឃ្លាំងធំៗមួយចំនួនទៀតកំពុងតែបាញ់ឆ្ពោះទៅកាន់ផ្លូវ៥១នេះផងដែរ”៕