តម្លៃ​ដីធ្លី​នៅ​តំបន់​ផ្លូវ៥១​ កំពុង​កើនឡើង​ខ្លាំង​ ខណៈ​រោងចក្រ​សហគ្រាស​នឹង​ទៅកាន់​តំបន់​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នកជំនាញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា​ ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១​ និង​តំបន់​ជុំវិញ​កំពុង​មាន​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ជាមួយ​នឹង​កំនើន​តម្លៃ​ហក់​ឡើង​ស្ទើរ​មិន​គួរឲ្យ​ជឿ​។

សកម្មភាព​នៃ​ការអភិវឌ្ឍន៍​នៅ​តាមផ្លូវ​ជាតិ​លេខ៥១នេះ​ បាន​និង​កំពុងតែ​កើនឡើង​ជាបន្តបន្ទាប់​ ជាពិសេស​វត្តមាន​របស់​ឃ្លាំង​ស្តុក​ទំនិញ​ និង​គម្រោង​រោងចក្រ​ សហគ្រាស​នានា​នឹង​ចាកចេញ​ពី​រាជធានី​ ឆ្ពោះទៅ​កាន់​តំបន់​នេះ​នា​ពេល​ខាងមុខ​ ដែល​ធ្វើឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​រហូតដល់៥០ភាគរយ​ និង​តំបន់​ខ្លះ​បាន​កើនឡើង​ក្នុង​កម្រិត​ទ្វេរ​ដង​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី២៨​ មិថុនា​កន្លងមក​ថា​ ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​ផ្លូវ៥១​ និង​តំបន់​ជុំវិញ​ កំពុងតែ​មាន​សកម្មភាព​ល្អ​ប្រសើរ​។ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១​ ជា​តំបន់​មាន​សក្តា​នុ​ពល​ទៅលើ​ការសាងសង់​រោងចក្រ​ សហគ្រាស​ ឃ្លាំង​ និង​ឧស្សាហ​កម្ម​ផ្សេង​ៗ។

លោកស្រី​បន្ត​ទៀត​ថា​ “នៅ​តំបន់​នេះ​នៅ​ឆ្ងាយ​ពី​ក្រុង​ ដែល​ស្រប​ទៅ​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល​ ដែល​តម្រូវ​ឱ្យ​វិស័យ​ទាំងអស់​ខាងលើ​នេះ​ចាកចេញ​ពី​ក្រុង​ និង​នៅ​ជិត​ផ្លូវជាតិ​សំ​ខាន់​ៗមួយចំនួន​ក្នុង​ការ​ដឹកជញ្ជូន​ ដូចជា​ ផ្លូវជាតិ​លេខ៤​ ផ្លូវជាតិ​លេខ៥​ ដែល​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​កំ​ពង​ផែ​ក្រុង​ព្រះសីហនុ​”។

អនុប្រធាន​សមាគម​អ្នក​ជំ​នាញ​អល​ចលនទ្រព្យ​កម្ពុជា​ ទទួលបន្ទុក​ផ្នែក​វាយតម្លៃ​អចលនវត្ថុ​ លោក​ចក់​ ស៊ី​ណាត​ បាន​ទទួលស្គាល់​នូវ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ និង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​នៅ​តំបន់​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​ដែល​មាន​សកម្មភាព​អភិវឌ្ឍន៍​ គឺ​ទាមទារ​ឱ្យ​មាន​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ ដែល​កត្តា​មួយ​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​ មានការ​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​”។

លោក​បាន​បន្ត​ទៀត​ថា​ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ តម្លៃ​ដី​ដែល​ស្ថិតនៅ​តំបន់​ផ្លូវ៥១​ មាន​ក្នុង​ចន្លោះ​ពី​ ២៥​-៤០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​តែប៉ុណ្ណោះ​ ហើយ​ចំពោះ​ដី​ដែល​មាន​ស្ថានភាព​ល្អ​មានតម្លៃ​ត្រឹម​ប្រមាណ៥០​-៦០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ប៉ុន្តែ​ពេលនេះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​ទីតាំង​ដដែល​បាន​កើនឡើង​ខ្ពស់​ ដែល​គិតជា​មធ្យមភាគ​ ក្នុង​ចន្លោះ​ពី​ ៣៥​-៥០​ ភាគរយ​ ខណៈ​ដែល​សកម្មភាព​នៃ​តម្រូវការ​ប្រើប្រាស់​ដី​កាន់តែ​មាន​ច្រើន​។

លោក​ស៊ី​ណាត​បាន​បន្ត​ទៀត​ថា​ “តម្លៃ​ដី​នៅពេល​នេះ​ មិនទាន់​ដល់កម្រិត​កំពូល​នៅឡើយ​នោះ​ទេ​ វា​នៅ​មានឱកាស​អាច​ឡើង​បន្ត​ទៀត​ ដែល​ផ្តល់​ភាពល្អ​ប្រសើរ​សម្រាប់​អ្នក​វិនិយោគ​”។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ តំបន់​ស្ថិតនៅ​ជាប់​ផ្លូវ៥១​ លែង​ស្ថិតនៅ​ក្នុង​ភាព​ឯកា​ទៀតហើយ​ ព្រោះ​ជា​ធម្មតា​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ កំណើន​ប្រជាសាស្ត្រ​តែង​មានការ​កើនឡើង​ ជាពិសេស​នៅ​តាម​តំបន់​ជាយ​រាជធានី​ភ្នំពេញ​តែម្ដង​”។

លោក​បាន​បន្ត​ថា​ “បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចាកចេញ​ពី​តំបន់​កណ្តាល​ក្រុង​មកដល់​តំបន់​ជាយក្រុង​ហើយ​”។លោក​បន្ត​ទៀត​ថា​ “នៅពេល​កំណើន​មនុស្ស​កាន់តែ​ច្រើន​ ទីក្រុង​កាន់តែ​ពង្រីក​វិសាលភាព​របស់​ខ្លួន​ ជាក់ស្ដែង​ពេលនេះ​តំបន់​ទំនប់​កប់​ស្រូវ​ និង​តំបន់​បឹង​តា​ម៉ោក​ កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពីសំណាក់​អ្នក​អភិវឌ្ឍ​ ដែល​វា​ក៏​នឹង​ជម្រុ​ញវិសាលភាព​នៃ​ការ​អភិវឌ្ឍ​នឹង​ពង្រីក​ទៅដល់​តំបន់​ខាងលើ​នេះ​ ស្រប​ពេល​ដែល​គម្រោង​សំណង់​រោងចក្រ​ សហគ្រាស​ និង​ឃ្លាំង​ធំៗ​មួយចំនួន​ទៀត​កំពុងតែ​បាញ់​ឆ្ពោះទៅ​កាន់​ផ្លូវ៥១នេះ​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here