ដោយនៅ ស៊ីវុត្ថា
ភ្នំពេញៈ ប្រព័ន្ធហិរញ្ញវត្ថុ គឺជាការប្រមូលផ្តុំរបស់ស្ថាប័នហិរញ្ញវត្ថុ ទីផ្សារហិរញ្ញវត្ថុ ច្បាប់ គតិយុត្ត និងយុទ្ធវីធីផ្សេងៗ ដែលសញ្ញាប័ណ្ណ ប័ណ្ណភាគហ៊ុន និងមូលបត្រដទៃទៀតត្រូវបានគេធ្វើពាណិជ្ជកម្ម។ អត្រាការប្រាក់ត្រូវបានគេកំណត់ សេវាហិរញ្ញវត្ថុត្រូវបានគេបង្កើត និងចែកចាយយ៉ាងទូលំទូលាយ។
នៅក្នុងសង្គមទំនើប ប្រព័ន្ធហិរញ្ញវត្ថុមានសារៈសំខាន់ណាស់។ ភារកិច្ចសំខាន់របស់វាគឺផ្ទេរមូលនិធិកម្ចីពីអ្នកសន្សំទៅឲ្យអ្នកខ្ចី ដើម្បីទិញទំនិញនិងសេវាកម្មផ្សេងៗ ហើយ និងវិនិយោគលើសម្ភារៈបរិក្ខាថ្មីៗដូចជា រោងចក្រ សហគ្រាស ដែលធ្វើឲ្យសេដ្ឋ កិច្ចលូតលាស់ និងបង្កើនស្តង់ដារនៃការរស់នៅរបស់ពលរដ្ឋនៅក្នុងសង្គម។
បើគ្មានប្រព័ន្ធហិរញ្ញវត្ថុ និងការផ្គត់ផ្គង់មូលនិធិកម្ចីទេនោះ កម្រិតជីវភាពរបស់ពលរដ្ឋ សេដ្ឋកិច្ចជាតិ និងពិភពលោកក៏មានការលូតលាស់តិចតួចផងដែរ។
ប្រព័ន្ធហិរញ្ញវត្ថុកំណត់ទាំងពីរ គឺការចំណាយ និងបរិមាណរបស់មូលនិធិ ដែលអាចមាននៅក្នុងសេដ្ឋកិច្ច ដើម្បីទូទាត់ទំនិញនិងសេវាកម្មរាប់ពាន់មុខ ដែលយើងបានទិញជារៀងរាល់ថ្ងែ។ សមតុល្យមានសារសំខាន់ណាស់នៅក្នុងសេដ្ឋកិច្ច អ្វីដែលកើតឡើងនៅក្នុងប្រព័ន្ធនេះ វាមានការប៉ះពាល់យ៉ាងខ្លាំងលើសេដ្ឋកិច្ចទាំងមូល ដូចជា នៅពេលដែលមូលនិធិមានកាន់តែតិចតួច និងមានការចំណាយកាន់តែខ្ពស់ឡើងៗ នោះការចំណាយសម្រាប់ទំនិញនិងសេវាកម្មធ្លាក់ចុះ។
ជាលទ្ធផល និកម្មភាពកើនឡើង បណ្តាលឲ្យសេដ្ឋកិច្ចមានការកើនឡើងយ៉ាងយឺតៗ នៅពេលដែលធុរកិច្ចទាំងឡាយកាត់បន្ថយផលិតកម្ម និងកម្មករ។ ផ្ទុយទៅវិញ នៅពេលដែលការចំណាយលើមូលនិធិធ្លាក់ចុះ និងមូលនិធិកម្ចីមានយ៉ាងច្រើន នោះការចំណាយនៅក្នុងសេដ្ឋកិច្ចកើនឡើង និងសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ជាការពិត ប្រព័ន្ធហិរញ្ញវត្ថុ គឺជាផ្នែកមួយនៃការធ្វើសមាហរណកម្ម របស់ប្រព័ន្ធសេដ្ឋកិច្ចសកល៕