ចំណេះដឹង​! តើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​លក្ខណៈ​ដូចម្តេច​?

0

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ គឺជា​ការ​ប្រមូល​ផ្តុំ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ ទីផ្សារ​ហិរញ្ញវត្ថុ​ ច្បាប់​ គតិ​យុត្ត​ និង​យុទ្ធ​វី​ធី​ផ្សេង​ៗ ដែល​សញ្ញាប័ណ្ណ​ ប័ណ្ណ​ភាគហ៊ុន​ និង​មូលបត្រ​ដទៃទៀត​ត្រូវ​បាន​គេ​ធ្វើ​ពាណិជ្ជកម្ម​។ អត្រា​ការប្រាក់​ត្រូវ​បាន​គេ​កំណត់​ សេវា​ហិរញ្ញវត្ថុ​ត្រូវ​បាន​គេ​បង្កើត​ និង​ចែកចាយ​យ៉ាង​ទូលំទូលាយ​។

នៅក្នុង​សង្គម​ទំនើប​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ណាស់​។ ភារកិច្ច​សំខាន់​របស់​វា​គឺ​ផ្ទេរ​មូលនិធិ​កម្ចី​ពី​អ្នក​សន្សំ​ទៅ​ឲ្យ​អ្នកខ្ចី​ ដើម្បី​ទិញទំនិញ​និង​សេវា​កម្ម​ផ្សេង​ៗ ហើយ​ និង​វិនិយោគ​លើ​សម្ភារៈ​បរិ​ក្ខា​ថ្មី​ៗដូចជា​ រោងចក្រ​ សហគ្រាស​ ដែល​ធ្វើឲ្យ​សេដ្ឋ​ កិច្ច​លូតលាស់​ និង​បង្កើន​ស្តង់ដារ​នៃ​ការរស់នៅ​របស់​ពលរដ្ឋ​នៅក្នុង​សង្គម​។

បើ​គ្មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​ការ​ផ្គត់ផ្គង់​មូលនិធិ​កម្ចី​ទេ​នោះ​ កម្រិតជីវភាព​របស់​ពលរដ្ឋ​ សេដ្ឋកិច្ច​ជាតិ​ និង​ពិភពលោក​ក៏​មានការ​លូតលាស់​តិចតួច​ផង​ដែរ​។

ប្រព័ន្ធ​ហិរញ្ញវត្ថុ​កំណត់​ទាំងពីរ​ គឺ​ការ​ចំណាយ​ និង​បរិមាណ​របស់​មូលនិធិ​ ដែល​អាច​មាននៅ​ក្នុង​សេដ្ឋកិច្ច​ ដើម្បី​ទូទាត់​ទំនិញ​និង​សេវាកម្ម​រាប់ពាន់​មុខ​ ដែល​យើង​បាន​ទិញ​ជា​រៀងរាល់​ថ្ងែ​។ សមតុល្យ​មាន​សារសំខាន់​ណាស់​នៅក្នុង​សេដ្ឋកិច្ច​ អ្វី​ដែល​កើតឡើង​នៅក្នុង​ប្រព័ន្ធ​នេះ​ វា​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​សេដ្ឋកិច្ច​ទាំងមូល​ ដូចជា​ នៅពេល​ដែល​មូលនិធិ​មាន​កាន់តែ​តិចតួច​ និង​មានការ​ចំណាយ​កាន់តែ​ខ្ពស់​ឡើង​ៗ នោះ​ការ​ចំណាយ​សម្រាប់​ទំនិញ​និង​សេវាកម្ម​ធ្លាក់ចុះ​។

ជា​លទ្ធផល​ និកម្មភាព​កើនឡើង​ បណ្តាល​ឲ្យ​សេដ្ឋកិច្ច​មានការ​កើនឡើង​យ៉ា​ងយឺ​តៗ​ នៅពេល​ដែល​ធុរកិច្ច​ទាំងឡាយ​កាត់បន្ថយ​ផលិតកម្ម​ និង​កម្មករ​។ ផ្ទុយទៅវិញ​ នៅពេល​ដែល​ការ​ចំណាយ​លើ​មូលនិធិ​ធ្លាក់ចុះ​ និង​មូលនិធិ​កម្ចី​មាន​យ៉ាងច្រើន​ នោះ​ការ​ចំណាយ​នៅក្នុង​សេដ្ឋកិច្ច​កើនឡើង​ និង​សេដ្ឋកិច្ច​កើនឡើង​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​។ ជា​ការពិត​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ គឺជា​ផ្នែក​មួយ​នៃ​ការ​ធ្វើស​មា​ហរ​ណកម្ម​ របស់​ប្រព័ន្ធ​សេដ្ឋកិច្ច​សកល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here