ដោយ សារី
ភ្នំពេញៈ ក្លឹបអ្នកជំនួញដ៏ល្បីគឺ CEO Master Club បានក្លាយជាក្រុមហ៊ុនខ្មែរទី១ ដែលទទួលបានការអនុញ្ញាត្តជាគោលការណ៍ពីរដ្ឋាភិបាល ក្នុងការគៀងគរទុនវិនិយោគពីសាធារណៈជន។

ដោយ សារី
ភ្នំពេញៈ ក្លឹបអ្នកជំនួញដ៏ល្បីគឺ CEO Master Club បានក្លាយជាក្រុមហ៊ុនខ្មែរទី១ ដែលទទួលបានការអនុញ្ញាត្តជាគោលការណ៍ពីរដ្ឋាភិបាល ក្នុងការគៀងគរទុនវិនិយោគពីសាធារណៈជន។

កិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) លើកទី៥៥ដឹកនាំដោយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ម.ក បានផ្តល់ការអនុញ្ញាតជាគោលការណ៍ដល់ក្រុមហ៊ុន CEO Master Club Investment Plc ក្នុងចំណោមក្រុមហ៊ុន៤ ដែលទទួលបានការអនុញ្ញាត្តជាគោលការណ៍ដំបូងគេពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មមូលបត្រកម្ពុជា ដើម្បីរៀបចំខ្លួនឱ្យក្លាយទៅជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិពេញលេញ ដែលមានសិទ្ធិស្របច្បាប់ក្នុងការប្រមូលទុនពីសាធារណៈនិងធ្វើការដាក់ទុន ក្នុងគម្រោងវិនិយោគរួមជាមួយសហគ្រិនកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការលូតលាស់បានឆាប់រហ័ស។
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការមូលបត្រកម្ពុជា (Securities and Exchange Commission of Cambodia) រួមសហការជាមួយក្រុមហ៊ុន CEO Master Club Investment Plc និងសាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) បានរៀបចំសិក្ខាសាលាមួយស្តីអំពី “វិធីសាស្រ្តត្រៀមខ្លួនដើម្បីជោគជ័យក្នុងវិស័យអចលនទ្រព្យ និងការវិនិយោគ” ដើម្បីបញ្រ្ជាបចំណេះដឹងអំពីអត្ថប្រយោជន៍ និងលក្ខខណ្ឌផ្លូវច្បាប់សំខាន់ៗនៃការប្រមូលទុនពីសាធារណៈនិងការវិនិយោគរួមដល់សាធារណៈជន។
លោកស៊ូ សុជាតិ អគ្គនាយក គណៈកម្មការមូលបត្រកម្ពុជាបានបញ្ជាក់ថា ការប្រមូលទុនពីសាធារណៈសម្រាប់គម្រោងវិនិយោគរួម ត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលទទួលបានអាជ្ញាប័ណ្ណ ស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជា ដែលបានអនុលោមតាមស្តង់ដារនៃការវាយតម្លៃអំពីគុណវុឌ្ឍន៍ និងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការផ្តល់តម្លាភាព និងទំនុកចិត្តដល់សាធារណៈជនឱ្យបានច្បាស់លាស់ ជៀសវាងការវិនិយោគដែលមានហានិភ័យខ្ពស់ ដែលអាចបង្ករបញ្ហាជាអវិជ្ជមានដល់អ្នកវិនិយោគក៏ដូចជាវិស័យវិនិយោគរួមតែម្តង។
លោក អោមសេង បូរ៉ា ប្រធានក្រុមប្រឹក្សាភិបាលក្រុមក្រុមហ៊ុន CEO Master Club Investment Plc. បានលើក ឡើងថា ការបង្កើតឱ្យមានភាពស្របច្បាប់សម្រាប់ការវិនិយោគរួមគឺ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការកសាងម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ព្រោះវានឹងចូលរួមចំណែកជួយសហគ្រិន និងសហគ្រាសដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតប្រាក់ចំណេញ និងមានសមត្ថភាពដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មមានលក្ខណៈស្តង់ដារ ឱ្យទទួលបានប្រភពទុនមិនចេះរីងស្ងួត និងមានភាពបត់បែនខ្ពស់ដើម្បីពង្រីកអាជីវកម្មបង្កើនប្រាក់ចំណេញរបស់ខ្លួនឱ្យបានកាន់តែច្រើន។
ទន្ទឹមនឹងនោះដែរ ក៏ផ្តល់ឱកាសដល់ប្រជាជនសាធារណៈទូទៅ ដែលមានលុយទំនេរ តិចក្តីច្រើនក្តី អាចចូលរួមវិនិយោគក្នុងគម្រោងធំៗ ដែលមានសក្តានុពលចំណេញខ្ពស់ ស្របច្បាប់ តម្លាភាព និងមានប្រព័ន្ធគ្រប់គ្រងហានិភ័យច្បាស់លាស់។

លោកក៏បានលើកឡើងផងដែរថា សម្រាប់បងប្អូនសហគ្រិន ដែលធ្វើការប្រមូលទុនវិនិយោគរួមនៅក្នុងវិស័យអចលនទ្រព្យកន្លងមក ដែលមិនមានភាពស្របច្បាប់ក្នុងការប្រមូលទុនវិនិយោគ អាចពិភាក្សាគ្នាជាមួយក្រុមហ៊ុន ស៊ីអ៊ីអូម៉ាស្ទ័រក្លឹប អ៊ិនវេសម៉ិន ម.ក (CEO Master Club Investment Plc.) ដើម្បីក្លាយជាដៃគូរស្របច្បាប់ជាមួយគ្នាបាន៕
