CEO​ Master​ Club​ បាន​ក្លាយជា​ក្រុមហ៊ុន​វិនិយោគ​ខ្មែរ​ទី១​ ទទួល​បានការ​អនុញ្ញាត​ជាគោល​ការណ៍​ពី​រដ្ឋាភិបាល​ដើម្បី​កៀរគរ​ទុន​វិនិយោគ​ពីសា​ធា​រណៈ​

0

ដោយ​ សារី​

ភ្នំ​ពេញៈ​ ក្លឹប​អ្នកជំនួញ​ដ៏​ល្បី​គឺ​ CEO​ Master​ Club ​បាន​ក្លាយជា​ក្រុមហ៊ុន​ខ្មែរ​ទី១​ ដែល​ទទួល​បានការ​អនុញ្ញាត្ត​ជាគោល​ការណ៍​ពី​រដ្ឋាភិបាល​ ក្នុង​ការ​គៀង​គរ​ទុន​វិនិយោគ​ពីសា​ធា​រណៈ​ជន​។

កិច្ចប្រជុំ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (គ.ម.ក​) លើក​ទី៥៥ដឹកនាំ​ដោយ​លោក​ អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ គ.ម.ក​ បាន​ផ្តល់​ការអនុញ្ញាត​ជាគោល​ការណ៍​ដល់​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ Plc​ ក្នុងចំណោម​ក្រុមហ៊ុន៤ ដែល​ទទួល​បានការ​អនុញ្ញាត្ត​ជាគោល​ការណ៍​ដំបូង​គេ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​គណៈកម្ម​មូលបត្រ​កម្ពុជា​ ដើម្បី​រៀបចំខ្លួន​ឱ្យ​ក្លាយទៅជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ពេញលេញ​ ដែល​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ប្រមូល​ទុន​ពីសា​ធា​រណៈ​និង​ធ្វើការ​ដាក់​ទុន​ ក្នុង​គម្រោង​វិនិយោគ​រួម​ជាមួយ​សហគ្រិន​កម្ពុជា​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មានការ​លូតលាស់​បាន​ឆាប់រហ័ស​។

កាលពី​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ (Securities​ and​ Exchange​ Commission​ of​ Cambodia​) រួម​សហការ​ជាមួយ​ក្រុមហ៊ុន ​CEO​ Master​ Club​ Investment​ Plc​ និង​សាលា​អចលនទ្រព្យ​កម្ពុជា​ (Real​ Estate​ School​ of​ Cambodia​) បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តីអំពី​ “វិធី​សាស្រ្ត​ត្រៀមខ្លួន​ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​ការ​វិនិយោគ​” ដើម្បី​បញ្រ្ជាប​ចំណេះដឹង​អំពី​អត្ថ​ប្រយោជន៍​ និង​លក្ខខណ្ឌ​ផ្លូវច្បាប់​សំ​ខាន់​ៗនៃ​ការ​ប្រមូល​ទុន​ពីសា​ធា​រណៈ​និង​ការ​វិនិយោគ​រួម​ដល់​សាធារណៈ​ជន​។

លោក​ស៊ូ​ សុ​ជាតិ​ អគ្គនាយក​ គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​បញ្ជាក់​ថា​ ការ​ប្រមូល​ទុន​ពីសា​ធា​រណៈ​សម្រាប់​គម្រោង​វិនិយោគ​រួម​ ត្រូវ​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ ស្របច្បាប់​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ដែល​បាន​អនុលោម​តាម​ស្តង់ដារ​នៃ​ការវាយតម្លៃ​អំពី​គុណ​វុឌ្ឍ​ន៍​ និង​សមត្ថភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្តល់​តម្លាភាព​ និង​ទំនុកចិត្ត​ដល់​សាធារណៈ​ជន​ឱ្យ​បាន​ច្បាស់លាស់​ ជៀសវាង​ការ​វិនិយោគ​ដែល​មាន​ហានិភ័យ​ខ្ពស់​ ដែល​អាច​បង្ក​រប​ញ្ហា​ជា​អវិជ្ជមាន​ដល់​អ្នក​វិនិយោគ​ក៏ដូចជា​វិស័យ​វិនិយោគ​រួម​តែម្តង​។

លោក​ អោ​មសេង​ បូរ៉ា​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុម​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ Plc​. បាន​លើក ឡើង​ថា​ ការបង្កើត​ឱ្យ​មាន​ភាព​ស្របច្បាប់​សម្រាប់​ការ​វិនិយោគ​រួម​គឺ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ការ​កសាង​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ ព្រោះ​វា​នឹង​ចូលរួម​ចំណែក​ជួយ​សហគ្រិន​ និង​សហគ្រាស​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការបង្កើត​ប្រាក់ចំណេញ​ និង​មាន​សមត្ថភាព​ដឹកនាំ​គ្រប់គ្រង​ចាត់ចែង​អាជីវកម្ម​មាន​លក្ខណៈ​ស្តង់ដារ​ ឱ្យ​ទទួល​បាន​ប្រភព​ទុន​មិន​ចេះ​រីងស្ងួត​ និង​មាន​ភាព​បត់បែន​ខ្ពស់​ដើម្បី​ពង្រីក​អាជីវកម្ម​បង្កើន​ប្រាក់ចំណេញ​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ច្រើន​។

ទន្ទឹម​នឹង​នោះ​ដែរ​ ក៏​ផ្តល់​ឱកាស​ដល់​ប្រជាជន​សាធារណៈ​ទូទៅ​ ដែល​មាន​លុយ​ទំនេរ​ តិច​ក្តី​ច្រើន​ក្តី​ អាច​ចូលរួម​វិនិយោគ​ក្នុង​គម្រោ​ងធំៗ​ ដែល​មាន​សក្តា​នុ​ពល​ចំណេញ​ខ្ពស់​ ស្របច្បាប់​ តម្លាភាព​ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​។

លោក​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ សម្រាប់​បងប្អូន​សហគ្រិន​ ដែល​ធ្វើការ​ប្រមូល​ទុន​វិនិយោគ​រួម​នៅក្នុង​វិស័យ​អចលនទ្រព្យ​កន្លងមក​ ដែល​មិន​មាន​ភាព​ស្របច្បាប់​ក្នុង​ការ​ប្រមូល​ទុន​វិនិយោគ​ អាច​ពិភាក្សា​គ្នា​ជាមួយ​ក្រុមហ៊ុន​ ស៊ី​អ៊ី​អូ​ម៉ាស្ទ័​រក្លឹប​ អ៊ិ​នវេ​សម៉ិ​ន ម.ក​ (CEO​ Master​ Club​ Investment​ Plc​.) ដើម្បី​ក្លាយជា​ដៃ​គូរ​ស្របច្បាប់​ជាមួយគ្នា​បាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here