ដោយ វុត្ថា
ប្រទេសស្វីសៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់អង្គការអន្តរជាតិទាំងអស់បន្តផ្តល់ជំនួយ និងគម្រោងនានា ដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលអាចបង្កើនចំណូល ជួយកាត់បន្ថយភាពក្រក្រី និងបង្កើតការងារ សម្រាប់ប្រជាជនទាំងអស់គ្នា។

-->
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៥៣ (53rd Joint Advisory Group Meeting) ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះបានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការ និងជំនួយដែលបានផ្តល់ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ជាពិសេសជំនួយដូចជា ការចូលរួមគាំទ្រការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាកន្លងមក ការអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញ ការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងការជួយដល់សហគ្រាសកម្ពុជាមួយចំនួនចូលរួម ក្នុងពិព័រណ៍នាំចេញនាំចូលចិនលើកទី២ នៅទីក្រុងសៀងហៃ ក្នុងឆ្នាំ២០១៩។
កិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៥៣ (53rd Joint Advisory Group Meeting) ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក មានការធ្វើសេចក្តីថ្លែងការណ៍ដោយអគ្គទីប្រឹក្សាកូស្តារីកា ជាប្រធានអង្គប្រជុំចាស់ អគ្គរដ្ឋទូតហ្វាំងឡង់ជាប្រធានអង្គប្រជុំថ្មី អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក អគ្គលេខាធិការនៃអង្គការ UNCTAD នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អនុរដ្ឋមន្រ្តីពាណិជ្ជកម្មមីយ៉ាន់ម៉ា និងប្រធានអង្គការអន្តរជាតិ និងឥស្សរៈជនជាន់ខ្ពស់ដទៃទៀតផងដែរ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានរាយការណ៍ពីសកម្មភាពពីឆ្នាំ២០១៨និងថ្លែងដោយផ្តោតសំខាន់លើទំនាក់ទំនង និងការរួមចំណែករបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការ UNCTAD ក្នុងការជួយគាំទ្រដល់ប្រទេសដែលមានសេដ្ឋកិច្ចតូច និងទន់ខ្សោយ តាមរយៈការផ្តល់គម្រោងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍ និងជួយឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០។

អង្គការទាំងនេះ បានបញ្ជាក់ពីជំហរក្នុងបន្តសកម្មភាព និងគម្រោងនានា ក្នុងការបន្តជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយជំរុញការអភិវឌ្ឍ និងវិស័យពាណិជ្ជកម្ម តាមរយៈការផ្តល់អនុសាសន៍ និងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុផងដែរ៕