រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​អំពាវនាវ​អង្គការ​អន្តរជាតិ​បន្ត​ជួយ​គាំទ្រ​ដល់​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ប្រទេស​ស្វីសៈ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​អំពាវនាវ​ដល់​អង្គការ​អន្តរជាតិ​ទាំងអស់​បន្ត​ផ្តល់​ជំនួយ​ និង​គម្រោង​នានា​ ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ដែល​អាច​បង្កើន​ចំណូល​ ជួយ​កាត់បន្ថយ​ភាព​ក្រក្រី​ និង​បង្កើត​ការងារ​ សម្រាប់​ប្រជាជន​ទាំងអស់គ្នា​។

លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​លើក​ទី៥៣​ (53​rd​ Joint​ Advisory​ Group​ Meeting​) ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​បាន​វាយតម្លៃ​ខ្ពស់​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ និង​ជំនួយ​ដែល​បាន​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ ជាពិសេស​ជំនួយ​ដូចជា​ ការចូលរួម​គាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​កន្លងមក​ ការអភិវឌ្ឍន៍​ធនធានមនុស្ស​ និង​ជំនាញ​ ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​ជួយ​ដល់​សហគ្រាស​កម្ពុជា​មួយចំនួន​ចូលរួម​ ក្នុង​ពិព័រណ៍​នាំចេញ​នាំចូល​ចិន​លើក​ទី២​ នៅ​ទីក្រុង​សៀងហៃ​ ក្នុង​ឆ្នាំ២០១៩​។

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​លើក​ទី៥៣​ (53​rd​ Joint​ Advisory​ Group​ Meeting​) ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ មានការ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដោយ​អគ្គ​ទីប្រឹក្សា​កូស្តារីកា​ ជា​ប្រធាន​អង្គប្រជុំ​ចាស់​ អគ្គរដ្ឋទូត​ហ្វាំងឡង់​ជា​ប្រធាន​អង្គប្រជុំ​ថ្មី​ អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ អគ្គលេខាធិការ​នៃ​អង្គការ​ UNCTAD​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ អនុរដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​មីយ៉ាន់ម៉ា​ និង​ប្រធាន​អង្គការ​អន្តរជាតិ​ និង​ឥស្សរៈ​ជន​ជាន់ខ្ពស់​ដទៃទៀត​ផង​ដែរ​។

កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​ បាន​រាយការណ៍​ពី​សកម្មភាព​ពីឆ្នាំ២០១៨និង​ថ្លែង​ដោយ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​ និង​ការ​រួមចំណែក​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​អង្គការ​ UNCTAD​ ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​តូច​ និង​ទន់ខ្សោយ​ តាមរយៈ​ការ​ផ្តល់​គម្រោង​ជាច្រើន​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ និង​ជួយ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​ក្នុង​ឆ្នាំ២០៣០​។

អង្គការ​ទាំងនេះ​ បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​បន្តសកម្មភាព​ និង​គម្រោង​នានា​ ក្នុង​ការ​បន្ត​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ និង​វិស័យ​ពាណិជ្ជកម្ម​ តាមរយៈ​ការ​ផ្តល់​អនុសាសន៍​ និង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here